Lenovo​ Legion ​ទំនង​ជា​ប្រើប្រាស់​បច្ចេកវិទ្យា​សាកថ្ម​ខ្លាំង​ជាង​ 55W​ ទៅ​ទៀត នេះ​បើ​តាម​ការ​បង្ហោះ​របស់​ក្រុម​ហ៊ុន​ផ្ទាល់​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មួយរយៈពេលមុន យើងបានដឹងខ្លះៗហើយ ទាក់ទងនឹងគម្រោង ក្នុងការនាំយកស្មាតហ្វូនហ្គេមជំនាន់ដំបូង ត្រកូល Legion របស់ Lenovo ចូលទីផ្សារ មិនខុសទេ វាទំនងជាត្រូវបានគេដាក់ឈ្មោះឲ្យដូច កុំព្យូទ័រហ្គេមត្រកូល Legion នេះតែម្ដង។ នៅក្នុងនោះដែរ ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ប្រាប់ពីចំណុចសំខាន់ មួយចំនួនដែរកាលពីពេលមុន ដោយឡែក នៅក្នុងពេលនេះ គេក៏បានបង្ហើបប្រាប់ពី ចំណុចពិសេសមួយទៀត របស់ទូរសព្ទឆ្លាតខាងលើ និយាយឲ្យចំទៅ វាត្រូវបាន Lenovo បង្ហើបប្រាប់ថា អាចមានភ្ជាប់មកជាមួយកម្លាំងសាកលើសពី 55W ថែមទៀតផង។

ជាការពិតណាស់ បើតាមការបង្ហោះរូបភាពមួយរបស់ Lenovo នៅក្នុងបណ្តញសង្គម Weibo នោះគឺចង់មានន័យ សួរទៅកាន់អ្នកដែលបានឃើញថា តើកម្លាំងសាក 55W គ្រប់គ្រាន់ដែរទេ? ដែលសំណួរនេះដែរ ធ្វើឲ្យគេគិតថា ក្រុមហ៊ុននេះហាក់ចង់បង្អាប់ទៅកាន់ vivo iQOO 3 5G ដែលបានប្រកាសចេញថ្មីៗនេះ ព្រោះថាវាបានបំពាក់មកជាមួយ កម្លាំងសាក 55W ផងដែរ។ ដោយសារតែសំណួរនេះហើយ ទើបធ្វើគេគិតថា Lenovo Legion ទំនងជាមានកម្លាំងសាកថ្ម លើសពី 55W នេះទៅទៀត ប៉ុន្តែក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ជាក់ថា កម្លាំងប៉ុណ្ណានោះទេ។ នៅក្នុងការបង្ហោះរបស់ Lenovo នោះដែរ គឺបានប្រាប់ឲ្យអ្នកទស្សនា សាកទាយមើលថា “ បើសិនសាកថ្មរយៈពេល 15 នាទី តើយើងទទួលបានថាមពលថ្មប៉ុន្មាន ហើយចុះក្នុងការសាកពេញ 100% តើត្រូវចំណាយពេលប៉ុន្មាន?”។ ជាក់ស្ដែងយើងធ្លាប់បានឃើញ ពីការសាកថ្មរបស់បច្ចេកវិទ្យាសាក ដែលមានកម្លាំង 65W ហើយ ប៉ុន្តែបើតាមការរំពឹងទុកនោះ Legion អាចមិនមានកម្លាំងសាកខ្ពស់ ដល់បែបនេះនោះទេ ពោលគឺវាអាចនឹងលើសពី 55W តែមិនដល់ 65W ឡើយ។

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ Lenovo ធ្លាប់បានប្រាប់យ៉ាងណាច្បាស់ថា Legion នឹងប្រើប្រាស់ឈីបកំពូល ជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 865 ហើយវាអាចគាំទ្រជាមួយសេវាអ៊ីនធើណេត 5G បានទៀតផង លើសពីនេះ វាក៏អាចនឹងមាន អេក្រង់ដែលមានកម្រិត Refresh Rate ដល់ 144Hz ជាមួយរ៉េមប្រភេទ LPDDR5 ក៏ដូចជាអង្គផ្ទុកប្រភេទ UFS ផងដែរ។ អញ្ចឹងហើយ ខាងលើនេះ អាចនិយាយបានថា ជាចំណុចពិសេសថ្មីមួយទៀត ដែល Lenovo បានធ្វើការបង្ហើប ទាក់ទងនឹងបច្ចេកវិទ្យាសាកថ្ម ដែល Legion អាចបំពាក់មក ប៉ុន្តែយ៉ាងណា គេមិនបានបង្ហាញច្បាស់នោះទេថា វាមានកម្លាំងបែបណាឲ្យប្រាកដ ពោលគឺគ្រាន់តែដឹងថា ទំនងជាលើសពី 55W ហ្នឹងឯង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង