Huawei អះអាងថា AppGallery កំពុងតែឈរលើតារាងលេខ 3 បន្ទាប់ពី Play Store និង App Store ហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីសហរដ្ឋអាមេរិកបានហាមឃាត់ Huawei លែងឲ្យសហការជាមួយក្រុមហ៊ុនអាមេរិកនានា ទើបធ្វើឲ្យឧបករណ៍ឆ្លាតវៃស៊េរីថ្មីៗ របស់ក្រុមហ៊ុនចិនមួយនេះ មិនអាចប្រើប្រាស់សេវាកម្ម Google បានតទៅទៀត ដូច្នេះហើយបានជាពួកគេចាប់ផ្ដើមខិតខំពង្រីកកម្មវិធី Store ដោយខ្លួនឯង ក្រោមឈ្មោះហៅថា AppGallery តែម្ដង។ តាមរយៈព្រឹត្តិការណ៍ប្រកាសចេញវត្តមាន ទូរសព្ទឆ្លាតអេក្រង់បត់ Mate XS និងថេប្លេត MatePad Pro 5G ដោយលោក Richard Yu ត្រូវជានាយកប្រតិបត្តិផ្នែកអាជីវកម្មជាន់ខ្ពស់ បាននិយាយប្រាប់ថា AppGallery របស់ខ្លួន ជាទីផ្សារទាញយកកម្មវិធី ដែលកំពុងស្ថិតលើតារាងចំណាត់ថ្នាក់លេខ 3 ទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ។

ហេតុដូចនេះហើយវាមានន័យថា បន្ទាប់ពី App Store នៅលើ iOS និង Play Store នៅលើ Android ហើយ នោះគឺទទួលបានទៅ AppGallery ដែលមានអ្នកប្រើប្រាស់ជាសកម្ម ចំនួនច្រើនជាងកម្មវិធី Store ផ្សេងៗដទៃទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ហ៊ានលើកវាឡើងមកនិយាយនេះ គឺដោយសារតែពួកគេអះអាងថា មានចំនួនអ្នកប្រើប្រាស់ជារៀងរាល់ខែ រហូតដល់ទៅ 400 លាននាក់ ដែលបានចូលទៅទាញយកកម្មវិធីចេញពីទីនោះ។ ចំនួនតួលេខទាំងអស់នេះ ពិតជាកើនឡើងលឿនមែនទែន បើប្រៀបធៀបទៅនឹងចំនួនអ្នកប្រើប្រាស់ប្រចាំខែកាលពីឆ្នាំ 2019 គឺមានត្រឹមតែ 400,000 នាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្ដី នេះមិនមែនមានន័យថា វាជិតតាមទាន់កម្មវិធី Play Store របស់ Google នោះទេ ព្រោះបើយោងតាមរបាយការណ៍ចេញក្នុងឆ្នាំ 2015 ថា Play Store មានចំនួនអ្នកប្រើប្រាស់ជារៀងរាល់ខែខ្ទង់ 1 ពាន់លាននាក់ឯណោះ។ ស្របពេលនេះដែល ក៏មានអ្នករំពឹងទុកថា AppGallery នឹងអាចរីកចម្រើនច្រើនជាងនេះទៅទៀត បន្ទាប់ពីក្រុមហ៊ុន Huawei បានចំណាយថវិកាដល់ទៅ 26 លានដុល្លារ ដើម្បីហៅអ្នកជំនាញៗទូទាំងពិភពលោក មកបង្កើតកម្មវិធីថ្មីៗដាក់ចូលទៅទីនោះ ឲ្យបានកាន់តែច្រើនទៀត។

ខណៈពេលទូរសព្ទឆ្លាតម៉ូឌែល P40 Series នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2020 ដូច្នេះយើងនឹងអាចឃើញមានអ្នកប្រើប្រាស់កាន់តែច្រើន បន្ដទាញយកកម្មវិធីចេញពី AppGallery ដើម្បីជាការជំនួសឲ្យ Play Store ផងដែរ។ តើប្រិយមិត្តអ្នកអានធ្លាប់សាកល្បងទាញយកកម្មវិធីចេញពី AppGallery ដែរឬក៏អត់ទេ? ហើយមានយល់ឃើញថា វាផ្ដល់ជូនបទពិសោធន៍យ៉ាងដូចម្ដេចដែរ?

ដោយ​ ៖ Android Central
អត្ថបទទាក់ទង