Nissan បានបើកសេវាកម្មជួលរថយន្តទំនើបជិះប្រចាំខែ ជាមួយតម្លៃចាប់ពី ២.៨ លានរៀលឡើងទៅ (699 ដុល្លារ)​
ដោយ​ ៖ គង់គីត | 6 ខែមុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមហ៊ុនជំនាញផលិតរថយន្តមានឈ្មោះថា Nissan បានធ្វើការប្រកាសបញ្ចេញគម្រោងសេវាកម្មថ្មី ដែលបានអនុញ្ញាតអោយអ្នកដែលចង់បានរថយន្ដស៊េរីទំនើប ជំនាន់ក្រោយៗជិះ អាចធ្វើការចុះឈ្មោះភ្ជាប់សេវាកម្មនេះ បានផងដែរ។ ជាក់ស្ដែង សេវាកម្មនេះ មាននៅតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអ្នករស់នៅក្នុងទីក្រុង Houston នៃរដ្ឋ Texas ទើបអាចចុះឈ្មោះ ប្រើប្រាស់សេវាកម្មខាងលើនេះបាន។

ពិតប្រាកដណាស់ សេវាកម្មថ្មីនេះ ត្រូវបានគេហៅថា “Nissan Switch” ហើយវានឹងមានការរួមបញ្ចូលនូវម៉ូឌែលរថយន្ដជាច្រើន រួមមានទាំងឡាន Nissan ប្រភេទអេឡិចត្រូនិចទាំងអស់, Leaf Plus, Titan, Pickup និងឡានស្ព័រប្រភេទ GT-R ទៀតផង។ លើសពីនេះទៅទៀត សេវាកម្ម Nissan Switch មានពីរជម្រើសសម្រាប់អោយអ្នកជាវជ្រើសរើស គឺគម្រោង “Select” ដែលមានតំលៃ 699 ដុល្លារក្នុងមួយខែ ដែលរួមបញ្ចូលទាំងរថយន្ដប្រភេទ Altima, Rogue, Pathfinder និង Frontier រីឯជម្រើសគម្រោងទី 2 មានឈ្មោះថា “Premium” មានតម្លៃ 899 ដុល្លារក្នុងមួយខែ ដែលមានម៉ូឌែលរថយន្ដ ដូចជា Leaf Plus, Maxima, Murano, Armada, Titan និង 370Z Coupe ជាដើម។ ដោយឡែក ចំពោះឡានស្ព័រប្រភេទ GT-R មានសម្រាប់ទាំងអតិថិជនជ្រើសរើសគម្រោង Select ឬ Premium ក៏ប៉ុន្តែត្រូវរួមបញ្ចូលទាំងថ្លៃសេវាបន្ថែម 100 ដុល្លារក្នុងមួយថ្ងៃ ហើយអាចអោយជិះបានតែរយៈពេលអតិបរមាត្រឹម 7 ថ្ងៃប៉ុណ្ណោះ។

មួយវិញទៀត នៅពេលលោកអ្នកចុះឈ្មោះដំបូង អតិថិជននឹងត្រូវបង់ថ្លៃសេវាកម្មចូលជាសមាជិកចំនួន 495 ដុល្លារបន្ថែម លើការជាវខែដំបូងសម្រាប់គម្រោងណាមួយដែលពួកគេបានជ្រើសរើស។ ប៉ុន្តែ ពួកគេទទួលបានសិទ្ធ ក្នុងការផ្លាស់ប្តូររថយន្តគ្មានដែនកំណត់ ក៏ដូចជាការដឹកជញ្ជូន, ការសម្អាត, ការធានារ៉ាប់រង, ជំនួយការនៅតាមដងផ្លូវនៅពេលជួបប្រទះបញ្ហា និងការថែទាំទៀងទាត់ ថែមទៀតផង។ បន្ថែមពីនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតក្រៅពី Nissan ក៏កំពុងធ្វើការសាកល្បងផ្ដល់សេវាកម្មនេះ ដូចជា Mercedes-Benz, BMW, Porsche, Audi, Volvo, Cadillac និង Jaguar។ សូម្បីតែក្រុមហ៊ុនជួលឡានធំៗ គឺ Hertz និង Enterprise ក៏កំពុងតែចាប់អារម្មណ៍លើគម្រោងនេះ ផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង