Sony ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ពិព័រណ៍ហ្គេម PAX East 2020 ដោយសារតែវីរុសកូរ៉ូណា​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បើសិនជាប្រិយមិត្តជាគឺអ្នកគាំទ្ររបស់ក្រុមហ៊ុន Sony Interactive Entertainment (SIE) ជាពិសេសហ្គេម The Last of Us Part II នោះប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយថា កាលដើមឡើយក្រុមហ៊ុន Sony បានបញ្ជាក់ថាពួកគេនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំ គឺពិព័រណ៍ហ្គេម PAX East 2020 ដែលធ្វើឡើងចាប់ពីថ្ងៃទី 27 ខែកុម្ភៈ រហូតដល់ថ្ងៃទី 1 ខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ 

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ហ្គេម PAX East 2020 នេះដែរ ក្រុមហ៊ុន Sony មានបំណងដាក់បង្ហាញអំពី ឈុតឆាកថ្មីរបស់ហ្គេមផ្តាច់មុខ (Exclusive Game) The Last of Us Part II ឲ្យអ្នកចូលរួមក្នុងកម្មវិធីនោះបានឃើញ ក៏ដូចជាអនុញ្ញតឲ្យពួកគេអាចធ្វើការចុះឈ្មោះ ដើម្បីធ្វើការលេងសាកល្បងហ្គេម The Last of Us Part II ថែមទៀតផង។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់ ក្រុមហ៊ុន SIE ក៏ដូចជាអ្នកគាំទ្រហ្គេម The Last of Us Part II ខកបំណងនោះ គឺថាក្នុងថ្ងៃនេះ ក្រុមហ៊ុន SIE បានធ្វើការប្រកាសជាសាធារណៈថា ពួកគេបានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ពិព័រណ៍ហ្គេម PAX East 2020 ដែលធ្វើឡើងនៅក្នុងសប្តាហ៍ក្រោយនេះហើយ។ ចំពោះមូលហេតុនោះ ក៏ព្រោះតែពួកគេគិតគូរទៅដល់សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន។ ដូចដែលយើងបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ន ប្រទេសមួយចំនួននៅលើពិភពលោក កំពុងប្រឈមមុខនឹងជម្ងឺឆ្លង ដ៏កាចសហាវមួយមានឈ្មោះថា Coronavirus។ 

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន SIE បាននិយាយថាពួកគេពិតជាមានការសោកស្តាយខ្លាំងណាស់ ក្នុងការដែលដកខ្លួនចេញពីព្រឹត្តិការណ៍ធំមួយនេះ ប៉ុន្តែដើម្បីធានាថាបុគ្គលិក ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនមានសុវត្ថិភាព និងជៀសឆ្ងាយពីវីរុសដ៏កាចសហាវកូរ៉ូណា ទើបពួកគេសម្រេចចិត្តបង្ខំចិត្តដកខ្លួនចេញ មិនចូលរួមក្នុងព្រឹត្តិការពិព័រណ៍ហ្គេម PAX East 2020 ដែលធ្វើឡើងនៅក្នុងសប្តាហ៍ក្រោយនេះឡើយ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាក្រុមហ៊ុន SIE គួរតែធ្វើការបញ្ចេញឈុតឆាកលេងថ្មី (Gameplay) របស់ហ្គេម The Last of Us Part II នៅក្នុង Page ផ្លូវការ ក៏ដូចជា YouTube Channel ផ្លូវការរបស់ខ្លួន ដើម្បីជាការលួងចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។ គួររំលឹកផងដែរថា កំពូលហ្គេម The Last of Us Part II នឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 2020 ខាងមុខនេះ។

 

 

ដោយ​ ៖ Polygon
អត្ថបទទាក់ទង