នេះជារថយន្ដទំនើប Mercedes-AMG GLE 63 S Coupe មានកម្លាំង 603 សេះ និងអាចជាន់ល្បឿនពី 0Km ទៅ 96Km ចំណាយពេលត្រឹម 3.7 វិនាទី​
ដោយ​ ៖ គង់គីត | 4 ខែមុន SHARE

 

រថយន្ដ Mercedes-AMG GLE 63 S Coupe គឺជាត្រកូលរថយន្ដដែលមានរូបរាងតូច ជាប្រភេទរថយន្ដ Crossover ដែលវាមានរចនាបថរូបរាងមិនធម្មតានោះទេ ដោយផ្នែកខាងក្នុងគុណភាពខ្ពស់ទាំងអស់ ហើយអ្វីពិសេសជាងគេគឺមុខងារវៃឆ្លាត និងអេក្រង់នៅខាងក្នុងឡានតែម្ដង ដែលក្រុមហ៊ុន Mercedes អះអាងថារថយន្ដ Mercedes-AMG GLE 63 S Coupe របស់ខ្លួននេះ នឹងធ្វើអោយរថយន្ដខ្នាត Crossover នឹងបង្កើតយុគ្គសម័យថ្មីនេះកាន់តែទំនើប។

ជាក់ស្ដែង រថយន្តទំនើប Mercedes-AMG GLE 63 S Coupe ស៊េរីឆ្នាំ 2021 នេះ ត្រូវបានបង្កើតឡើងមកជាមួយការបន្ថែមជម្រើសថ្មីមួយទៀត សម្រាប់អ្នកដែលមិនសូវពេញចិត្តទៅលើរូបរាងរបស់ម៉ូឌែល Mercedes-AMG GLE 63 S ដែលពួកវាមានត្រកូលដូចគ្នាក៏ពិតមែន ប៉ុន្តែរូបរាងរបស់វា មានលក្ខណៈខុសគ្នាស្ទើរតែទាំងស្រុងទៅហើយ។ បើមើលទៅលើរូបរាងខាងក្រៅរបស់ Mercedes-AMG GLE 63 S Coupe 2021 នេះគឺវាមិនសូវជាឡូយឆាយ ឬក៏កាចប៉ុន្មាននោះទេ ប៉ុន្ដែវាត្រូវបានរក្សាមកនូវគុណភាពផលិតល្អ ជាមួយនឹងទំហំតូចសម្រាប់អ្នកចូលចិត្ដជិះរថយន្ដជាលក្ខណៈគ្រួសារមានសមាជិកតិច។ ដោយចង្កៀងខាងមុខរបស់វាត្រូវបានប្រើប្រាស់នូវអំពូលគុជ 4 គ្រាប់សម្រាប់បំភ្លឺនៅពេលយប់ និងមានឡូហ្គោ Mercedes មូលធំនៅចំកណ្ដាលសំណាញ់ស្រូបខ្យល់របស់ម៉ាស៊ីន។ ចំណែកចង្កៀងផ្នែកខាងក្រោយក៏ស្រដៀងគ្នានឹងខាងមុខដែរ ដោយមានចង្កៀង LED នៅជាខ្សែទ្រវែង និងចង្កៀងស្តុបក្រហមនៅជុំវិញជារង្វង់ស្រួច ហើយវាមានបំពង់ស៊ីម៉ាំងចំនួន 4 រន្ធ ដែលរចនាបថផ្នែកខាងក្រោមរបស់វានេះ គឺស្អាតមិនចាញ់នឹងរថយន្ដ Sport ភាគច្រើននោះទេ។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ Mercedes-AMG GLE 63 S Coupe បានប្រើប្រាស់ម៉ាស៊ីនជាប្រភេទ Twin-Turbo V8 ចំណុះ 4 លីត្រ ដោយមានជំនួយបន្ថែមពីម៉ាស៊ីនភ្លើងអេឡិចត្រូនិច EQ Boost 48-volt។ លើសពីនេះទៅទៀត វាមានកម្លាំងម៉ាស៊ីន 603 សេះ (450 Kilowatts) បូករួមជាមួយប្រព័ន្ធ EQ Boost បន្ថែមកម្លាំង 21 សេះ (16 Kw) និងធ្វើដំណើរបានល្បឿនលឿនបំផុតប្រហែល 280Km/h ថែមទៀតផង។ កាន់តែពិសេសនោះ រថយន្តទំនើប Mercedes-AMG GLE 63 S Coupe ស៊េរីឆ្នាំ 2021 នេះ អាចធ្វើការបង្កើនល្បឿនចាប់ពី 0Km ទៅដល់ 96Km វាចំណាយរយៈពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះ ដែលវាមានល្បឿនស្ទុះជិតស្មើទៅនឹងរថយន្តប្រភេទ Sport ទៅហើយ។ រីឯ យ៉ាន់កង់ឡានរបស់ Mercedes-AMG GLE 63 S Coupe គឺមានទំហំដល់ 22 អ៊ីញ និងវាប្រើប្រាស់ហ្វ្រាំងស្តង់ដារ មានទំហំ 15.7 អ៊ីញនៅខាងមុខ និង 14.6 អ៊ីញ នៅខាងក្រោយ។

ចំណែកផ្នែកខាងក្នុង អ្នកនឹងឃើញមានឧបករណ៍ទំនើបៗ និងប៊ូតុងចុចជាច្រើននៅលើដៃបង្កូត និងនៅលើដៃទ្វារ ដោយវាមានមុខងារបញ្ជាជាច្រើន និងដៃទ្វារ ក៏ដូចជាដៃចង្កូតរបស់វា ត្រូវបានស្រោបដោយ Carbon Viber មានតម្លៃថ្លៃទៀតផង។ ចំណែកម៉ាស៊ីនបញ្ចេញខ្យល់ត្រជាក់ និងក្ដៅរបស់វាវិញមានរាងជ្រុង និងឃើញមានអេក្រង់ទ្រវែងធំមួយ ដែលបែងចែកការប្រើប្រាស់បាន 2 ផ្សេងគ្នាផងដែរ។ អេក្រង់ចំកណ្ដាលនេះ គឺជាអេក្រង់សម្រាប់ការប្រើប្រាស់ទូទៅ ដែលអាចបញ្ជាមុខងារទូទៅ និងមានកម្មវីធីប្រើប្រាស់ជាច្រើន ហើយវាក៏បង្ហាញព័ត៌មានរបស់ប្រព័ន្ធដំណើរការរបស់ម៉ាស៊ីន ផងដែរ។ យ៉ាងណា ការប្រកាសចេញរថយន្តទំនើប GLE 63 S Coupe របស់ក្រុមហ៊ុន Mercedes នេះ មិនទាន់បានបញ្ជាក់ពីពេលដែលដាក់លក់ ឬ ផ្តល់ព័ត៌មានអំពីតម្លៃនៅឡើយទេ។

ដោយ​ ៖ Motor1
អត្ថបទទាក់ទង