លោក Elon Musk ដូចជាមិនសូវសប្បាយចិត្តសោះ នៅពេលដឹងថាលោក Bill Gates ជិះរថយន្ដអគ្គិសនីរបស់ Porsche​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

នៅចុងសប្ដាហ៍មុន លោក Bill Gates បានចូលរួមពិភាក្សាគ្នាជាមួយ លោក Marques Brownlee (MKBHD) ទាក់ទងទៅនឹងបច្ចេកវិទ្យា និងគម្រោងថ្មីៗក្នុងឆ្នាំ 2020 នេះ ដោយក្នុងវីដេអូមួយនោះ គាត់បាននិយាយប្រាប់ថា Porsche Taycan គឺជារថយន្ដអគ្គិសនីដំបូងបង្អស់របស់គាត់ ផងដែរ។ បន្ទាប់ពីឮដូចនេះហើយ បានធ្វើឲ្យលោក Elon Musk ហាក់បីដូចជាមិនសូវសប្បាយចិត្តឡើយ ព្រោះតែលោក Bill Gates សម្រេចចិត្តជ្រើសយក រថយន្ដអគ្គិសនីរបស់ Porsche ប៉ុន្ដែមិនមែន Tesla ទៅវិញ។

តាមរយៈការបញ្ចេញមតិមួយ នៅលើកម្មវីធីបណ្ដាញសង្គម Twitter ទើបធ្វើឲ្យលោក Elon Musk ទទួលបានដំណឹងមួយនេះ ហើយគាត់ក៏សម្រេចចិត្តចូលទៅឆ្លើយតបតែម្ដង។ ចំណែកឯការឆ្លើយតបទៅវិញនោះ គឺគាត់បានសរសេរឡើងថា “បើនិយាយតាមពិតទៅ ការសន្ទនារបស់ខ្ញុំជាមួយលោក Gates បានធ្វើឲ្យរៀងខកចិត្តបន្ដិច ដែរ” ហើយគាត់មិនបានបញ្ចេញមតិបន្ដទៀតឡើយ។ ជាការពិតណាស់ នេះមិនមែនជាលើកដំបូងនោះទេ សម្រាប់លោក Elon Musk ក្នុងការបញ្ចេញមតិមិនសូវពេញចិត្ត ដោយផ្ទាល់ៗលើគណនី Twitter របស់គាត់ ព្រោះកាលពីពេលមុនៗមក ក៏ធ្លាប់សរសេរលក្ខណៈបែបនេះ ទៅឲ្យលោក Mark Zuckerberg (Facebook) និងលោក Jeff Bezos (Amazon) ថែមទៀតផង។ បើតាមមើលទៅ លោក Elon Musk ប្រហែលជាមិនយល់ហើយថា ហេតុអ្វីបានជាលោក Bill Gates ជ្រើសរើសរថយន្ដអគ្គិសនីរបស់ Porsche ជំនួសឲ្យរថយន្ដ Tesla របស់ខ្លួនទៅវិញ ទើបបានបង្ហាញពីអារម្មណ៍ខកចិត្តមួយនេះ។

ខណៈពេលធ្វើការពិភាក្សាក្នុងវីដេអូនោះ លោក Bill Gates បានពិពណ៌នារថយន្ដអគ្គិសនី Porsche Taycan របស់គាត់ថា “ពិតជាអស្ចារ្យមែនទែន” ដូច្នេះហើយអាចដោយសារតែ គាត់ពេញចិត្តនឹងការឌីហ្សាញ ក៏ដូចជាលក្ខណៈសម្បត្តិរបស់រថយន្ដនេះ ច្រើនជាងហើយ បានជាមិនជ្រើសយក Tesla វិញនោះ។ គួរតែបញ្ជាក់ផងថា Porsche Taycan មានតម្លៃដាក់លក់ចាប់ពី 103,800 ដុល្លារឡើងទៅ ដោយឡែកម៉ូឌែលសមរម្យបំផុតរបស់ Tesla មានតម្លៃចាប់ពី 35,000 ដុល្លារឡើងទៅប៉ុណ្ណោះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង