Galaxy​ Fold​ 2​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ អាច​ប្រើប្រាស់​កាមេរ៉ា​មុខ​ បង្កប់​ក្រោម​អេក្រង់​ទៀត​ផង​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មួយរយៈចុងក្រោយមកនេះ យើងហាក់ដូចជាមិនសូវទទួលបាន ដំណឹងបែកធ្លាយទាក់ទងនឹង Galaxy Fold ជំនាន់ទី 2 របស់ Samsung ប៉ុន្មាននោះទេ នេះក៏ដោយសារតែ វាអាចនឹងនៅពេលយូរទៀត ទើបបង្ហាញខ្លួនអញ្ចឹងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹងថ្មីមួយ ដែលបានបង្ហាញពីទូរសព្ទឆ្លាត របស់ Samsung ដែលមានឈ្មោះដូចបង្ហាញនៅខាងលើនេះ ពោលដំណឹងនោះបានបញ្ជាក់ថា Galaxy Fold 2 អាចនឹងមានបំពាក់មកជាមួយ កាមេរ៉ាមុខ ជាលេនដែលដាក់នៅក្រោមអេក្រង់ថែមទៀតផង។

មិនខុសទេ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Twitter ពីសំណាក់អ្នកចែកចាយដំណឹងបែកធ្លាយធំមួយ មានឈ្មោះថា Ice Universe ដែលយើងទទួលបាន នៅក្នុងពេលនេះ បាននិយាយថា គាត់ទទួលបានដំណឹងមួយពី ប្រភពនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគេបញ្ជាក់ថា Galaxy Fold 2 មានឈ្មោះកូដថា Champ ដែលឈ្មោះកូដនៃស្មាតហ្វូននេះ បញ្ជាក់ថា វាមានប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់ថែមទៀតផង។ ដូច្នេះមានន័យថា វាអាចនឹងមិនប្រើប្រាស់ឆកធំ នៅចំហៀងខាងស្តាំ ដូចជំនាន់មុនទៀតទេ ដែលធ្វើឲ្យវាអាចមានអេក្រង់ លាតពេញផ្ទៃមុខតែម្ដង។ គួរបញ្ជាក់ដែរថា បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់នេះ Samsung មិនធ្លាប់បានបង្ហាញពីមុនមកនោះទេ ថាខ្លួនមានគម្រោងប្រើប្រាស់វានោះ ប៉ុន្តែបើតាមដំណឹងថ្មីនេះ អាចនិយាយបានថា Samsung អាចប្រើប្រាស់វាដំបូងនៅលើ Galaxy Fold 2 តែម្ដង ហើយកាន់តែពិសេស វាត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួន នៅក្នុងខែកក្កដាខាងមុខនេះផងដែរ។

ដូចបានប្រាប់នៅខាងលើអញ្ចឹងថា មកទល់ពេលនេះ Samsung មិនធ្លាប់បានបង្ហាញពីចំណុចណាមួយ ទាក់ទងនឹងបច្ចេកវិទ្យា បង្កប់កាមេរ៉ាក្រោមអេក្រង់នេះទេ ហើយបើក្រឡេកមើលក្រុមហ៊ុនផ្សេងមួយចំនួនទៀត គេធ្លាប់បានបង្ហើបប្រាប់ខ្លះៗ រួចមកហើយ ជាក់ស្ដែងដូចជា Xiaomi និង OPPO ជាដើម ប៉ុន្តែទោះជាយ៉ាងណា គេនៅតែមិនទាន់អាចធ្វើការផលិតទ្រង់ទា្រយធំ បាននោះទេ ព្រោះដោយសារវានៅដំណើរការ មិនទាន់បានប្រសើរនោះឡើយ។ ដូច្នេះហើយ បើសិនជាការបែកធ្លាយខាងលើនេះ ជាការពិតមែននោះ អាចនិយាយបានថា Galaxy Fold 2 ទំនងជាក្លាយជាទូរសព្ទឆ្លាតវៃដំបូងរបស់ Samsung ដែលប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់ កាន់តែពិសេស វាអាចនឹងបង្ហាញខ្លួន នៅក្នុងខែកក្កដាខាងមុខនេះទៀតផង។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង