ការទិញហ្គេមតាមអ៊ីនធើណេត អាចជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 បាន 96% ឯណោះ បើប្រៀបធៀបនឹងការទិញឌីសមកលេង​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ខណៈពេលដែល អាកាសធាតុនៅលើផែនដី មានភាពប្រែប្រួលបន្ដិចម្ដងៗ ទូទាំងសកលលោក ធ្វើឲ្យកាន់តែឡើងកម្ដៅទៅៗ និងទឹកកកក៏រលាយលឿនជាងមុនផងដែរ ដោយសារតែឧស្ម័នចេញពីរោងចក្រ និងការដុតប្លាស្ទិចជាដើម។ មកដល់ពេលថ្មីៗនេះ ក៏មានរបាយការណ៍ថ្មីមួយ ចុះផ្សាយឲ្យយើងបានដឹងថា ឧស្សាហកម្មហ្គេម ក៏បានដើរតួដ៏ធំមួយ ក្នុងការបញ្ចេញឧស្ម័ន CO2 ទៅកាន់ផែនដីដូចគ្នាដែរ ជាមួយនឹងឌីសហ្គេមមានកញ្ចប់ប្លាស្ទិច ប៉ុន្ដែប្រសិនបើអ្នកលេងទាំងអស់នោះ ទិញហ្គេមតាមអនឡាញវិញ គឺអាចកាត់បន្ថយបានរហូតដល់ទៅ 96% ឯណោះ ហើយក៏ល្អសម្រាប់បរិស្ថានច្រើនជាងមុន។

របាយការណ៍ស្រាវជ្រាវលើកនេះ  ដែលមានឈ្មោះថា Console Carbon Footprint ត្រូវបានដកស្រង់ដោយវេបសាយ Slots Online Canada ជាមួយនឹងការប្រៀបធៀបរវាង ការទិញឌីសហ្គេមមកលេង និង ការទិញហ្គេមបានរយៈអ៊ីនធើណេត ដោយមានដាក់បង្ហាញនូវ បរិមាណឧស្ម័នកាបូនិច ដែលបានបញ្ចេញពីឧស្សាហកម្មហ្គេម នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈការប្រៀបធៀបនោះ បានលាតត្រដាងឲ្យឃើញថា សធាតុយកទៅផលិតឌីសហ្គេម និងកញ្ចប់របស់វាផងនោះ បានបញ្ចេញឧស្ម័ន CO2 ច្រើនជាង ការទិញហ្គេមតាមវេបសាយអ៊ីនធើណេត រហូតដល់ទៅ 23 ដងឯណោះ ដោយឌីសត្រូវការសធាតុកាបូនអាលុយមីញ៉ូម ហើយកញ្ចប់ត្រូវការសធាតុប្លាស្ទិច និងក្រដាសរលោងសម្រាប់រូបភាពបិតពីលើវា។ ហេតុដូច្នេះហើយ ឌីសហ្គេមនីមួយៗបានបង្កើតឧស្ម័ន CO2 បានដល់ចំនួន 0.39 គីឡូក្រាម ខណៈពេលដែលទូទៅ ការទិញហ្គេមតាមអនឡាញ ត្រូវការអគិ្គសនីត្រឹមតែ 60 វ៉ាត់ ឬ បញ្ចេញឧស្ម័ន CO2 ត្រឹមតែ 0.017 គីឡូក្រាមប៉ុណ្ណោះ។

បើយោងទៅតាមការប្រៀបធៀបបន្ដទៀត គឺបានបង្ហាញឲ្យយើងឃើញថា ហ្គេម FIFA 19 បានបញ្ចេញឧស្ម័ន CO2 រហូតដល់ទៅចំនួន 912,281 គីឡូក្រាម កាលពីឆ្នាំមុនកន្លងទៅនេះ ព្រោះតែមានមនុស្សទិញឌីសច្រើន។ បន្ទាប់មកទៀតជាហ្គេម Red Dead Redemption 2 បានបញ្ចេញឧស្ម័ន CO2 រហូតដល់ទៅចំនួន 848,733 គីឡូក្រាម, ហ្គេម Call of Duty: Black Ops 4 បានបញ្ចេញឧស្ម័ន CO2 រហូតដល់ទៅចំនួន 566,489 គីឡូក្រាម និងហ្គេម Marvel’s Spider-Man បានបញ្ចេញឧស្ម័ន CO2 រហូតដល់ទៅចំនួន 326,808 គីឡូក្រាម។ បើនិយាយពីរយៈពេលលេង គឺត្រូវបានរកឃើញថា ហ្គេម Assassin’s Creed Odyssey ជាប់នៅលើតារាងកំពូលវិញម្ដង ដោយជាទូទៅអ្នកលេងចំណាយពេល 40 ម៉ោង និង 24 នាទីលើហ្គេមនេះ ដូច្នេះកម្ដៅចេញពីម៉ាស៊ីនហ្គេម ឬ កុំព្យូទ័រក៏ប៉ះពាលដល់បរិស្ថានដូចគ្នា។ ក្រោមតារាងកំពូលនេះ គឺមានហ្គេម GTA V និង Fallout 76 ដែលទូទៅទទួលបានចំនួនលេងប្រហែល 32 ម៉ោងដែរ ដើម្បីបញ្ចប់វគ្គទាំងអស់របស់ពួកវា។

ចំណែកឯការប្រៀបធៀបម៉ាស៊ីនហ្គេមវិញនោះ គឺ PS3 បានជាប់លេខ 1 តែម្ដង លើផ្នែកបញ្ចេញឧស្ម័ន CO2 ច្រើនជាងគេ ដោយក្នុងរយៈមួយម៉ោងអាចបញ្ចេញបាន 0.054 គីឡូក្រាម ដោយឡែក PS4 Pro ជាម៉ាស៊ីនហ្គេមបញ្ចេញឧស្ម័ន CO2 តិចជាងគេវិញ ជាមួយចំនួន 0.033 គីឡូក្រាមក្នុងមួយម៉ោង។ ប្រិយមិត្តទាំងអស់គ្នា អាចពិនិត្យមើលតារាងកំពូលទាំង 5 លេខ នៅក្នុងរូបភាពខាងក្រោមនេះបាន។

ដូច្នេះ ប្រសិនបើអ្នកទាំងអស់គ្នា តែងតែចូលចិត្តលេងហ្គេមជាប្រចាំ ក៏អាចជួយកាត់បន្ថយឧស្ម័ន CO2 និងថែរក្សាបរិស្ថានបានដែរ ដោយជៀសវាងរាល់ការជាវឌីសហ្គេមតទៅទៀត ហើយប្ដូរមកជាវតាមអ៊ីនធើណេតវិញ ចាប់ពីពេលនេះតទៅ។ នេះក៏ដោយសារតែ ការស្រាវជ្រាវថ្មីរកឃើញថា វាអាចជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 បានរហូតដល់ទៅ 96% ឯណោះ ដូចដែលបានដាក់បង្ហាញពីខាងលើ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង