កម្មវិធី​ Face​ Recognition​ បាន​ជួយ​ប៉ូលីស​ឥណ្ឌា​ ងាយស្រួល​ស្វែង​រក​កុមារ​ដែល​បាត់​ខ្លួន​ពី​គ្រួសារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងពេលសព្វថ្ងៃនេះ យើងបានដឹងហើយ ឥណ្ឌាជាប្រទេសមួយ ដែលមានចំនួនប្រជាជនយ៉ាងច្រើន ពោលគឺប្រមាណជាខ្ទង់ 1.3 ពាន់លាននាក់ឯណោះ ហើយនៅក្នុងនោះ ប្រទេសមួយនេះមានកុមារបាត់ខ្លួន ប្រមាណជា 40,000 នាក់ជារៀងរាល់ឆ្នាំ នេះបើយើងទៅតាម National Human Rights Commission of India។ ដោយសារការបាត់ខ្លួន តែងតែកើតឡើងជារៀងរាល់ឆ្នាំបែបនេះហើយ ទើបប្រទេសមួយនេះ បានធ្វើការបង្កើតកម្មវិធីមួយ ដែលមានឈ្មោះថា Facial Recognition ដើម្បីជួយកាត់បន្ថយបញ្ហាខាងលើនេះផងដែរ។ 

មិនខុសទេ កម្មវិធីខាងលើនេះ ត្រូវបានផ្តួចផ្តើមគំនិតធ្វើឡើង ពីសំណាក់ក្រសួងមហាផ្ទៃនៃប្រទេសឥណ្ឌា ដើម្បីជួយស្វែងរកមុខកុមារទាំងឡាយ ដែលបានបាត់ខ្លួន ហើយបើក្រឡេកទៅកាលពីខែមករាកន្លងទៅនេះ កម្មវិធី Facial Recognition វាបានធ្វើការស្កេនរូបភាព ក៏ដូចជាអត្តសញ្ញាណនៃកុមារដែលបានបាត់ខ្លួន បានជាង 3 ពាន់នាក់ ដែលក្នុងនោះ ក្រុមប៉ូលីសបានជួយស្វែងរក និងសង្គ្រោះកុមារបានពាក់កណ្តាល នៃចំនួនខាងលើនេះទៀតផង។ គួរបញ្ជាក់ដែរថា កម្មវិធីខាងលើនេះ វាមានសមត្ថភាពអាចធ្វើការសម្គាល់មុខ 80 ទម្រង់នៃមុខមនុស្សម្នាក់ៗ ហើយវាក៏អាចធ្វើការផ្គូរផ្គងរូបភាព បានមួយលានរូប ចំណាយពេលត្រឹមតែ 2 វិនាទីប៉ុណ្ណោះ។ នៅក្នុងនោះដែរ វាបានប្រើប្រាស់លទ្ធផល ពីការស្កេនមុខរបស់កុមារបាន ទៅផ្គូរផ្គង់ជាមួយរូបភាព ដែលមាននៅលើម៉ាស៊ីនមេ ឬ Server ដែល Server នេះដែរ ត្រូវបានគេបញ្ចូលទិន្នន័យ នៃចំនួនអ្នកដែលបានបាត់ខ្លួន ក៏ដូចជាអ្នកដែលត្រូវបាន ជួយសង្គ្រោះរួចរាល់ យ៉ាងទៀងទាត់បំផុត។ កាន់តែពិសេស កម្មវិធីនេះ វាអាចធ្វើការស្វែងរកឈ្មោះនៃកុមារដែលបានឃើញ ក៏ដូចជាអាចស្វែងគ្រួសាររបស់គេបាន តាមរយៈអត្តសញ្ញាណ ឈ្មោះ ព្រមទាំងទីកន្លែងដែលគេធ្លាប់រស់នៅ។

ជាការពិតណាស់ នៅពេលដែលក្រុមប៉ូលីស បានស្វែងរកកុមារដែលបានបាត់ខ្លួនឃើញ ពួកគេក៏បានយកកុមារទាំង ដាក់នៅក្នុងជម្រកមួយសិន ព្រោះថាគេមិនអាចរកគ្រួសាររបស់ក្មេងទាំងនោះឃើញឡើយ ជាក់ស្ដែងនេះចំណុច ដែលធ្វើឲ្យកម្មវិធីខាងលើ មានលក្ខណៈពិសេស ព្រោះថាវាអាចធ្វើការ ស្វែងរកគ្រួសាររបស់កុមារទាំងនោះឃើញ បន្ទាប់មកក្រុមប៉ូលីស ក៏ផ្តល់ដំណឹង ទៅឲ្យគ្រួសារដែលរកឃើញនោះ ដើម្បីឲ្យពួកគេមកទទួលកុមារត្រលប់ទៅវិញ។ គួរបញ្ជាក់ដែរថា ការបាត់ខ្លួនរបស់កុមារជាច្រើន នៅក្នុងប្រទេសឥណ្ឌានេះ ជារៀងរាល់ឆ្នាំនេះ គឺភាគច្រើន ត្រូវបានចាប់ខ្លួន ដោយពួកឧក្រិដ្ឋជនតែម្ដង ប៉ុន្តែនៅក្នុងពេលនេះ ពួកគេអាចធ្វើការគ្រប់គ្រងស្ថានការ បានប្រសើរឡើងវិញ ដោយសារកម្មវិធី Facial Recognition នេះឯង។

ដោយ​ ៖ Bee bom
អត្ថបទទាក់ទង