ទាំងនេះអាចជាមូលហេតុដែល Samsung បិទមិនឲ្យអ្នកប្រើប្រាស់ Galaxy S20 Series អាចបើកកម្រិតបង្ហាញ 2K + 120Hz ក្នុងពេលតែមួយ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីសប្តាហ៍មុន នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Unpacked 2020 ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតលំដាប់កំពូល ស្ថិតនៅក្នុងត្រកូល S20 របស់ខ្លួនជាផ្លូវការ ដោយពួកវាមានឈ្មោះជាផ្លូវការថា Galaxy S20, Galaxy S20+ និង Galaxy S20 Ultra។ ទូរសព្ទឆ្លាតលំដាប់កំពូលទាំង 3 ម៉ូឌែលរបស់ Samsung នេះ បានធ្វើឲ្យមនុស្សជុំវិញពិភពលោក ចាប់អារម្មណ៍នឹងវាយ៉ាងខ្លាំង ព្រោះថាពួកវាបានវេចខ្ចប់មកជាមួយលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសៗជាច្រើន។

ក្នុងនោះដែរ ផ្នែកអេក្រង់បានចូលរួមចំណែកមួយយ៉ាងធំធ្វើឲ្យ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra ទទួលបានការកើតសរសើរមិនដាច់ពីមាត់ ពីសំណាក់ភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា ក៏ដូចជា YouTuber ល្បីៗជាច្រើន។ ដោយពួកវាបានបំពាក់មកជាមួយអេក្រង់លាត Infinity-O ទំហំ 6.2, 6.7 និង 6.9 អ៊ីញ ជាប្រភេទ ខ្នាត 20:9 ជាប្រភេទ Dynamic AMOLED 2X អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+។ កាន់តែពិសេសទៀតនោះ គឺបន្ទះបង្ហាញរបស់ Galaxy S20 Series មានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ជាមួយល្បឿនប៉ះសម្គាល់ (Touch Sensitivity) ដល់ទៅ 240Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ DCI-P3 100% ថែមទៀតផង។ ថ្វីត្បិតតែបង្ទះបង្ហាញរបស់ Galaxy S20 Series មានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ពិតមែន ប៉ុន្តែវាអាចដំណើរការបានតែនៅក្នុងកម្រិតបង្ហាញ Full HD+ តែប៉ុណ្ណោះ។ ដូច្នេះមានន័យថា នៅពេលដែលអ្នកប្រើប្រាស់ Galaxy S20 Series ធ្វើការបើកជម្រើសកម្រិតបង្ហាញ 2K (QHD+) ពួកគេមិនអាចជម្រើសរើសយកជម្រើសអេក្រង់ 120Hz បាននោះទេ។ បើនិយាយដល់ត្រង់ចំណុចនេះ ខ្ញុំជឿថា មានប្រិយមិត្តមិត្តតិចនោះទេ ជាពិសេសអ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung ក៏ដូចជាអ្នកដែលមានបំណងចង់ទិញយក Galaxy S20 Series យកមកប្រើប្រាស់ ប្រាកដជាចង់ដឹងហើយថា តើមូលហេតុអ្វីទៅដែលក្រុមហ៊ុន Samsung បិទមិនឲ្យអ្នកប្រើប្រាស់ Galaxy S20 Series អាចបើកកម្រិតបង្ហាញ 2K + 120Hz ក្នុងពេលតែមួយ ? 

បើយោងទៅតាមការបញ្ជាក់របស់អ្នកអភិវឌ្ឍកម្មវិធីដ៏ល្បីឈ្មោះ Max Weinbach បាននិយាយថា មូលហេតុដែល Samsung បិទមិនឲ្យអ្នកប្រើប្រាស់ Galaxy S20 Series អាចបើកកម្រិតបង្ហាញ 2K + 120Hz ក្នុងពេលតែមួយនោះ ក៏ព្រោះតែវាអាចបណ្តាលទូរសព្ទប្រើប្រាស់ថាមពលថ្មច្រើន។ មិនទាន់អស់នោះទេ នៅមានមូលហេតុមួយផ្សេងទៀត គឺថានៅពេលអ្នកប្រើប្រាស់ Galaxy S20 Series បើកកម្រិតបង្ហាញ 2K + 120Hz ក្នុងពេលតែមួយ វាអាចបណ្តាលឲ្យប្រើប្រាស់ទំហំ RAM ច្រើន ជាហេតុធ្វើឲ្យល្បឿនដំណើររបស់ទូរសព្ទធ្លាក់ចុះ។ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាហេតុផលទី 1 គឺវាអាចទទួលយកបាន ប៉ុន្តែចំពោះហេតុផលទី 2 វាដូចជាស្តាប់ទៅមិនអាចទទួលយកបាននោះទេ ព្រោះដូចដែលយើងបានដឹងហើយថា Galaxy S20 Series បានភ្ជាប់មកជាមួយជម្រើស RAM ទំហំចាប់ពី 8GB ឡើងទៅដល់ 16GB ឯណោះ។ ខណៈដែល iPad Pro ជំនាន់ទី 2 និង ទី 3 មាន RAM ត្រឹមតែ 4GB តែប៉ុណ្ណោះ ប៉ុន្តែវាអាចបើកដំណើរការកម្រិតបង្ហាញជិត 3K និង អេក្រង់ 120Hz ក្នុងពេលតែមួយបាន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថានៅពេលខាងមុខក្រុមហ៊ុន Samsung នឹងបញ្ចេញកំណែអាប់ដេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Galaxy S20 Series ទាំងអស់អាចបើកកម្រិតបង្ហាញ 2K + 120Hz ក្នុងពេលតែមួយបានទៅចុះ។

 

 

ដោយ​ ៖ Max Weinbach
អត្ថបទទាក់ទង