realme បញ្ចេញរូប Poster ថ្មីបញ្ជាក់ថា X50 Pro 5G នឹងបំពាក់អេក្រង់ 90Hz ប្រភេទ Super AMOLED​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ដូចគ្រប់គ្នាបានដឹងហើយថា បើទោះជាព្រឹតិ្តការណ៍ MWC ត្រូវរំសាយចោលក៏ពិតមែន ប៉ុន្តែឃើញថាក្រុមហ៊ុន realme នឹងនៅបន្តធ្វើការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនដដែល ដោយគ្រាន់តែប្តូរមកធ្វើតាមរយៈអនឡាញ គឺនៅថ្ងៃទី 24 ខែកុម្ភៈ ឆាប់ៗខាងមុខ។ ជាក់ស្តែង វាត្រូវបានគែស្គាល់ថាជា realme X50 Pro 5G ហើយតាមរយៈរូបភាព Poster ផ្លូវការមួយកាលពីលើកមុននេះ បានបញ្ជាក់ឲ្យយើងដឹងថា  កំពូលទូរសព្ទឆ្លាតជំនាន់ក្រោយនេះ នឹងបំពាក់មកជាមួយ មុខងារសាកថ្មល្បឿនលឿន ដែលត្រូវបានក្រុមហ៊ុនខាងលើហៅថា SuperDart Charge មានកម្លាំងសាកដល់ទៅ 65W ឯណោះ។

ដោយឡែក នាពេលថ្មីៗនេះ ស្របពេលដែលថ្ងៃប្រកាសចេញ កាន់តែរំកិលខិតចូលមកដល់ឆាប់ៗខាងមុខនោះ ក្រុមហ៊ុនដដែល ក៏បានបញ្ចេញផ្ទាំង Poster មួយផ្សេងទៀត ទាក់ទងទៅនឹងទូរសព្ទឆ្លាតលំដាប់កំពូល realme X50 Pro 5Gដើម្បីឲ្យយើងគ្រប់គ្នា បានដឹងកាន់តែច្បាស់បន្ថែម។ បើយោងតាមផ្ទាំងនៃរូបភាពនោះ ពិតជាបានបង្ហាញឲ្យយើងឃើញ យ៉ាងប្រាកដណាស់ថា realme X50 Pro 5G ជំនាន់ថ្មី គឺជាទូរសព្ទឆ្លាតដែលមាន ផ្ទៃអេក្រង់លាតសន្ធឹងធំ ស្ទើរតែគ្មានសល់គែម គួបផ្សំនឹងលេនទម្លុះអេក្រង់ 2 គ្រាប់ ហើយកាន់តែពិសេសជាងនេះទៅទៀត realme ចង់បញ្ជាក់ប្រាប់ថា វានឹងភ្ជាប់មកជាមួយបន្ទះអេក្រង់ ជាប្រភេទ Super AMOLED ដែលអាចគាំទ្រល្បឿន Refresh Rate កម្រិត 90Hz ថែមទៀតផង។ មិនតែប៉ុណ្ណោះ កាលដែលអាប់ដេតមកប្រើបច្ចេកវិទ្យាខាងលើ ក្រុមហ៊ុនចិនមួយនេះ ព្រមទាំងបានបញ្ជាក់លើរូបភាព Poster ផ្លូវការរបស់ខ្លួនថា វាគឺជាល្បឿននៃថ្ងៃអនាគតផងដែរ។

ជាចុងក្រោយ ផ្អែកតាមព័ត៌មានលេចធ្លាយមុនៗ បង្ហាញឲ្យថា realme X50 Pro 5G អាចនឹងភ្ជាប់មកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865 របស់ Qualcomm គួបផ្សំជាមួយទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ហើយរឹតតែពិសេសនោះ វានឹងអាចដំណើរការដោយ Android 10 ជាមួយស្បែក UI ជំនាន់ថ្មីបង្អស់របស់ realme ចេញពីប្រអប់ស្រាប់តែម្ដង។ លើសពីនេះ ដូចដែលបានបញ្ជាក់តាំងពីដើមអញ្ចឹងថា អ្វីដែលយើងប្រាកដនៅក្នុងពេលនេះគឺ ទូរសព្ទឆ្លាតម៉ូឌែលខាងលើ នឹងភ្ជាប់មកជាមួយកម្លាំងសាកល្បឿនលឿន SuperDart Charge កម្រិត 65W និងបំពាក់បន្ទះអេក្រង់ Super AMOLED អាចគាំទ្រល្បឿន Refresh Rate កម្រិត 90Hz ផងដែរ។

ដោយ​ ៖ Compsmag
អត្ថបទទាក់ទង