Google មានគម្រោងនាំយកមុខងារ Live Caption មកដាក់លើ Chrome Browser នៅពេលខាងមុខនេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

បើយើងធ្វើការសង្កេតមើលទៅកម្មវិធី Browser របស់ Google ដែលមានឈ្មោះហៅថា Chrome តែងតែត្រូវបានទទួលបានកំណែអាប់ដេតថ្មីៗ ដោយបានធ្វើអោយការប្រើប្រាស់ កាន់តែទាន់សម័យ និងងាយស្រួល ថែមទៀតផង។ លើសពីនេះទៅទៀត ឥឡូវនេះមើលទៅ Google ហាក់បីដូចជា មានគម្រោងចង់ពង្រីកសមត្ថភាពរបស់វាបន្ថែម ដោយនាំយកមុខងារ Live Caption លើ Pixel Phone ដាក់ទៅលើ Chrome Browser មួយនេះ ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់ កាន់តែងាយស្រួលជាងមុន។

ជាក់ស្ដែង Live Caption គឺជាមុខងារថ្មីផ្ដាច់មុខរបស់ទូរសព្ទកំពូល Pixel 4 Series និងបានអាប់ដេតទម្លាក់ទៅអោយ Pixel Phone ស៊េរីមុនៗ នៅលើ Android 10 ជំនាន់ចុងក្រោយ ថែមទៀត។ មិនតែប៉ុណ្ណោះ Samsung Galaxy S20 Series ដែលទើបតែប្រកាសចេញថ្មីៗនេះ ក៏បានភ្ជាប់មកជាមួយមុខងារ Live Caption ស្រាប់តែម្ដង។ រហូតមកទល់ពេលថ្មីៗនេះ មានរបាយការណ៍ថ្មីមួយ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Slash Gear ដោយនិយាយប្រាប់ថា ក្រុមការងាររបស់ពួកគេ បានប្រទះឃើញ ព័ត៌មានថ្មីនៅលើគេហទំព័រ Chrome Unboxed។ ខណៈក្នុងនោះ Google បានបង្ហើបប្រាប់អោយដឹងមុនថា ក្រុមការងាររបស់ខ្លួន កំពុងសិក្សាលើការនាំយកមុខងារ Live Caption ជាផ្លូវការទៅដាក់លើ Chrome Browser សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នាពេលខាងមុខ។ នៅពេលគម្រោងមួយនេះសម្រេចបានជោគជ័យហើយ នោះវានឹងអាចទាក់ទាញអ្នកនិយមចូលចិត្តទស្សនាវីដេអូ ទាំងអស់ អោយមកប្រើប្រាស់កម្មវិធី Chrome Browser កាន់តែច្រើន ជាក់ជាមិនខាន។

គួររំលឹកផងដែរថា Live Caption គឺជាមុខងារពិសេសមួយ ដែលវានឹងបង្ហាញអក្សរ Subtitle ជាភាសាអង់គ្លេស នៅពេលយើងចាក់លេងវីដេអូ ឬសម្លេង លើស្មាតហ្វូនដែលមានមុខងារនេះ ផងដែរ និងបានជួយផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ នៅពេលស្ដាប់សម្លេងក្នុងវីដេអូនោះ មិនទាន់ ឬ ស្ដាប់មិនឭជាដើម។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង