មុខងារ Samsung DeX អាចបង្ហាញខ្លួនលើ Galaxy Z Flip តាមរយៈកំណែអាប់ដេតក្រោយៗ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

DeX គឺមុខងារដ៏សំខាន់មួយ ដែលអាចជួយឲ្យកិច្ចការងារមួយចំនួន ប្រព្រឹត្តិទៅបានរលូនល្អ ជាមួយនឹងការកែប្រែទូរសព្ទឆ្លាត Galaxy របស់អ្នក ឲ្យក្លាយទៅជាកុំព្យូទ័រមួយ បានយ៉ាងរហ័សក្នុងមួយពព្រិចភ្នែក។ ជាក់ស្តែង Samsung Dex ពិតជាមានអត្ថប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទម៉ូឌែល Galaxy ស៊េរីខ្ពស់ៗទាំងអស់ ដោយវាបានផ្តល់នូវមុខងារពិសេសៗជាច្រើន ពិសេសមានភាពងាយស្រួល ក្នុងការផ្ទេរឯកសារផ្សេងៗ ទៅវិញទៅមករវាងទូរសព្ទឆ្លាត និងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ បានយ៉ាងលឿនផងដែរ។

យ៉ាងណាមិញ ដូចគ្រប់គ្នាបានដឹងហើយថា ក្នុងព្រឹតិ្តការណ៍ Unpacked 2020 ទើបកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវទូរសព្ទឆ្លាតលំដាប់កំពូល Galaxy ត្រកូល S ជំនាន់ចុងក្រោយរបស់ខ្លួន រួមមានដូចជា S20, S20+ និង S20 Ultra ព្រមទាំងមានវត្តមាននៃទូរសព្ទអេក្រង់បត់ ម៉ូឌែលថ្មីមួយទៀតផងដែរ។ ហើយទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip នេះ ក៏បានដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូងដំបូងគេ និងលក់ដាច់អស់ពីស្តុកតែម្តង ក្នុងរយៈមិនដល់ 8 ម៉ោងផង។ តែក្នុងនោះដែរ វាត្រូវបានអតិថិជនកូរ៉េមួយរូបប្រទះឃើញថា នៅលើ Galaxy Z Flip ស្ថិតក្នុងតម្លៃថ្លៃ ( 1,380 ដុល្លារ ) មិនមានភ្ជាប់មកជាមួយមុខងារ DeX នោះទេ។ ជាក់ស្តែង ទាក់ទងនឹងបញ្ហានេះដែរ គេសង្ឃឹមថា Samsung នឹងទម្លាក់វាមកឲ្យ Galaxy Z Flip នៅលើកំណែអាប់ដេតថ្មីតាមក្រោយទៀត ដូចដែលបានកើតឡើងលើទូរសព្ទឆ្លាតអេក្រង់បត់ស៊េរីដំបូង Galaxy Fold អញ្ចឹងដែរ។ មិនតែ Galaxy Z Flip ទេ សូម្បីតែ Galaxy S10 Lite ក៏អត់ទាន់ឃើញមានមុខងារ DeX ដែរ តែបែរជា Galaxy A90 5G អាចគាំទ្រមុខងារនេះបាន ខណៈវាទាំងសុទ្ធតែប្រើប្រាស់ឈីប Snapdragon 855។ ដូច្នេះ មានន័យថា សម្រាប់ទូរសព្ទឆា្លតអេក្រង់បត់ជំនាន់ក្រោយ Galaxy Z Flip ក៏អាចនឹងទទួលបានមុខងារ DeX នេះផងដែរ បើវាដំណើរការដោយឈីបខ្លាំង Snapdragon 855+ អញ្ចឹង។ 

ត្បិតថាវានៅមិនទាន់មានការលើកឡើង និងប្រកាសពីក្រុមហ៊ុនផ្ទាល់ក្តី ប៉ុន្តែគេសង្ឃឹមថា Samsung នឹងធ្វើការទម្លាក់មុខងារនេះ តាមរយៈកំណែអាប់ដេតថ្មីដំបូង ទៅឲ្យអ្នកប្រើប្រាស់ Galaxy Z Flip ទាំងអស់ នៅពេលដែលបងា្ហញវត្តមានលើទីផ្សារបានទូលំទូលាយជាងនេះ។ 

ដោយ​ ៖ Pocketnow
អត្ថបទទាក់ទង