មានការបញ្ជាក់ហើយហ្គេម Half-Life: Alyx នឹងដាក់អោយលេងជាផ្លូវការ នៅថ្ងៃទី 23 ខែក្រោយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងពីមុនមកហើយថា ក្រុមហ៊ុន Valve បានសម្រេចចិត្តប្រកាសវគ្គថ្មី នៃហ្គេម Half-Life ដែលបានអោយ Fan រង់ចាំយូរឆ្នាំមកហើយ រហូតដល់ទៅ 12 ឆ្នាំឯណោះ។ ជាក់ស្ដែង វគ្គក្រោយមួយនេះ ត្រូវដាក់ឈ្មោះជាផ្លូវការថា Half-Life: Alyx ព្រមទាំងជាហ្គេមប្រភេទ VR និងតម្រូវអោយអ្នកចង់លេងទាំងអស់ ត្រូវមានឧបករណ៍ VR ហើយកម្លាំងម៉ាស៊ីនកុំព្យូទ័រខ្លាំង ថែមទៀតផង។ ខណៈពេលដែល លក្ខណៈសម្បត្តិទាបបំផុត ដែលតម្រូវអោយអាចលេងហ្គេមនេះបាន មានកម្រិតខ្ពស់ជាងហ្គេម VR ទូទៅត្រូវការទៅទៀត ផងដែរ។

ដោយឡែក នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Valve បានសម្រេចចិត្តធ្វើការប្រកាសប្រាប់ដល់អ្នកគាំទ្រ ជាផ្លូវការហើយថា ហ្គេម Half-Life: Alyx ដែលជាវគ្គថ្មីរបស់ខ្លួន នឹងត្រូវបញ្ចេញដាក់អោយលេងលើ Steam នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2020 ឆាប់ៗខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរថា ចំពោះហ្គេម Half-Life: Alyx ដែលកំពុងត្រៀមចេញខាងមុខនេះ តម្រូវអោយយើងយ៉ាងហោចណាស់ មានកុំព្យូទ័រប្រើប្រាស់ស៊ីភីយូ Quad-Core ជំនាន់ទី i5 ឬ ល្អជាងនេះ, ក្រាហ្វិកកាត GTX 1060 ឬ ខ្លាំងជាងនេះ ជាមួយទំហំ 6GB VRAM និងរ៉េមធំចំនួន 12GB ឡើងទៅតែម្ដង។ ពិតប្រាកដណាស់ លក្ខណៈសម្បត្តិខ្ពស់ ដែលត្រូវការទាំងអស់នេះ គឺអ្នកកំពូលលេងហ្គេម និងអ្នកមានឧបករណ៍ VR ភាគច្រើនមានរួចទៅហើយ ប៉ុន្ដែវាមិនមែនសម្រាប់ អ្នកលេងទាំងអស់នោះឡើយ។ ការស្ទង់មតិដោយ Steam បានបង្ហាញអោយឃើញថា ចំនួនអ្នកប្រើប្រាស់សរុប នៅលើកម្មវិធីរបស់ខ្លួន ត្រឹមតែ 45% ដែលមានរ៉េមទំហំ 12GB ឡើងទៅ រីឯអ្នកកំពុងបំពាក់ ក្រាហ្វិកកាតស៊េរីខ្ពស់ៗមានតែចំនួន 35% ហើយមួយភាគបួននៃ ចំនួនអ្នកប្រើប្រាស់ Steam នៅមានស៊ីភីយូតិចជាង Quad-Core នៅឡើយទេ។

ដូច្នេះហើយ មានន័យថាហ្គេម Half-Life: Alyx នឹងតម្រូវអោយយើង ត្រូវតែតម្លើងម៉ាស៊ីនកុំព្យូទ័រ ទៅកាន់ជំនាន់ខ្ពស់ៗមុន ទើបអាចលេងហ្គេម Half-Life: Alyx នេះបានរលូនល្អ និងតម្រូវអោយលោកអ្នកមានឧបកណ៌ VR ដូចជា Oculus Rift និង HTC Vive ដើម្បីអាចលេងបាន ទៀតផង។ ចំណែកឯពេលចេញជាផ្លូវការ ទើបត្រូវបានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2020 ខាងមុខនេះហើយ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង