OPPO Find X2 ត្រូវពន្យារពេលប្រកាសចេញជាផ្លូវការ ទៅខែមីនា ឆ្នាំ 2020 វិញ ដោយសារតែព្រឹត្តិការណ៍ MWC ត្រូវរំសាយចោល​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីម្សិលមិញនេះ អង្គការ GSMA បានប្រកាសជាសាធារណៈ ឲ្យយើងបានដឹងថា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ សមាជទូរសព្ទពិភពលោក MWC (Mobile World Congress) 2020 ត្រូវបានរំសាយចោលហើយ។ ចំពោះមូលហេតុនោះ គឺថាក្នុងពេលបច្ចុប្បន្ន ប្រទេសមួយចំនួននៅលើពិភពលោក កំពុងប្រឈមមុខនឹងជម្ងឺឆ្លង ដ៏កាចសហាវមួយមានឈ្មោះថា Coronavirus ហេតុដូច្នេះហើយ ទើបបណ្តាលឲ្យក្រុមហ៊ុនធំៗជាច្រើន បង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ MWC 2020 ជាបន្តបន្ទាប់ ដូច្នេះហើយទើបអង្គការ GSMA ក៏សម្រេចចិត្តរំសាយព្រឹត្តិការណ៍នេះតែម្តង។

ជុំវិញការប្រកាសរំសាយ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ សមាជទូរសព្ទពិភពលោក MWC 2020 នេះដែរ ក៏ធ្វើឲ្យប៉ះពាល់ដល់ការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ក្រុមហ៊ុនមួយចំនួន ដែលបានកំណត់ថ្ងៃប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នេះដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ថា OPPO Find X2 ត្រូវពន្យារពេលប្រកាសចេញជាផ្លូវការ ទៅខែមីនា ឆ្នាំ 2020 វិញ ដោយសារតែព្រឹត្តិការណ៍ MWC 2020 ត្រូវបានរំសាយចោល។ ខណៈពេលនេះ ថ្ងៃបរិច្ឆេទច្បាស់លាស់ ក្រុមហ៊ុន OPPO មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងនោះទេ។ គួររំលឹកផងថា កាលពីដើមឡើយ ក្រុមហ៊ុន OPPO បានកំណត់យកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2020 ដើម្បីប្រកាសចេញជាផ្លូវនូវទូរសព្ទឆ្លាតលំដាប់កំពូល OPPO Find X2។ 

ផ្អែកតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO កាលពីពេលកន្លង បានធ្វើឲ្យយើងដឹងថា OPPO Find X2 នឹងបំពាក់មកជាមួយអេក្រង់លាត ជាប្រភេទ OLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 2K ជាមួយអេក្រង់ Refresh Rate ខ្ពស់រហូតដល់ទៅ 120Hz ព្រមទាំងមានល្បឿនប៉ះសម្គាល់ (Touch Sensitivity) ដល់ទៅ 240Hz ថែមទៀតផង។ លើសពីនេះទៅទៀត អេក្រង់របស់ OPPO Find X2 ក៏គាំទ្របច្ចេកវិទ្យា HDR ជាមួយកម្រិតពន្លឺខ្ពស់រហូតដល់ទៅ 1200 nits និងគាំទ្រកម្រិតទឹកពណ៌ DCI-P3 100% ថែមទៀតផង។ កាន់តែពិសេសទៀតនោះ OPPO Find X2 ក៏មានសមត្ថភាពអាចធ្វើការបំលែង (Upscalling) វីដេអូ SDR ទៅជា HDR ផងដែរ។

ដោយ​ ៖ Playful Droid
អត្ថបទទាក់ទង