Lenovo​ បង្ហើប​ពី​ទូរសព្ទ​ឆ្លាត​ Gaming​ ស្ថិត​ក្រោម​យីហោ​ Legion​ របស់​ខ្លួន ​ថា​នឹង​ប្រើប្រាស់​ឈីប​ Snapdragon​ 865​​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ ពីយីហោ Lenovo ដែលភាគច្រើន អ្នកទាំងអស់គ្នាស្គាល់យីហោនេះ តាមរយៈកុំព្យូទ័រយួដៃជាច្រើនម៉ូឌែល មិនថាសម្រាប់ Gaming ឬប្រភេទការងារទូទៅនោះទេ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើនេះ មានបំណងក្នុងការយកយីហោនៃកុំព្យូទ័រហ្គេមមួយរបស់ខ្លួន មកបំពាក់នៅលើស្មាតហ្វូនវិញម្ដង ដែលក្នុងនោះ គឺជាឈ្មោះ Legion នេះតែម្ដង មិនត្រឹមតែវាប៉ុណ្ណោះ វាទំនងជាបំពាក់មកជាមួយឈីបកំពូលរបស់ Qualcomm ពោលគឺ Snapdragon 865 ថែមទៀតផង។

ពិតណាស់ បើតាមការបង្ហាញនៅក្នុងបណ្តាញសង្គម Weibo គឺ Lenovo បានបង្ហោះរូបភាពខ្លួននឹងនាំយកយីហោ Legion មកប្រើប្រាស់លើទូរសព្ទឆ្លាតប្រភេទ Gaming របស់ខ្លួន ហើយអ្វីដែលពិសេសនោះ វាក៏នឹងក្លាយជាទូរសព្ទហ្គេមមួយរបស់ Lenovo ដែលប្រើប្រាស់ឈីបខ្លាំង Snapdragon 865 ថែមទៀតផង។ គួរបញ្ជាក់ដែរថា Legion នេះជាយីហោមួយ នៃកុំព្យូទ័រហ្គេមរបស់ Lenovo ដែលវាត្រូវបានធ្វើឡើង ដោយបានយកចិត្តទុកបំផុត ទៅលើផ្នែកតម្លៃសម្រាប់អតិថិជន មានន័យថា តម្លៃរបស់វាគឺសមរម្យ ជាមួយសមត្ថភាពប្រសើរផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ទូរសព្ទឆ្លាតនោះវិញ អាចនិយាយបានថា ជាម៉ូឌែលលំដាប់កំពូលមួយ ប្រចាំឆ្នាំ 2020 នេះ ហើយគេក៏បានរំពឹងថា វាអាចនឹងមានអេក្រង់ដែលមានកម្រិត Refresh Rate ដល់ 144Hz ជាមួយរ៉េមប្រភេទ LPDDR5 ក៏ដូចជាអង្គផ្ទុកប្រភេទ UFS ក្រៅពីនេះទៀត គេនៅមិនទាន់ទទួលបានដំណឹងផ្សេងៗទៀត នៅឡើយទេ មិនថាលក្ខណៈសម្បត្តិ ក៏ដូចជាពេលវេលា ដែលវាអាចនឹងបង្ហាញខ្លួន។

អញ្ចឹងហើយ ដូចបានរៀបរាប់ខាងលើថា នៅក្នុងពេលនេះ Lenovo កំពុងតែត្រៀមខ្លួន ក្នុងការបង្ហាញទូរសព្ទឆ្លាត ជាប្រភេទ Gaming របស់ខ្លួន ហើយអ្វីដែលពិសស វាត្រូវបានប្រើប្រាស់ឈ្មោះ Legion ដូចកុំព្យូរទ័ហ្គេមរបស់ក្រុមហ៊ុននេះដែរ លើសពីនេះ Lenovo បញ្ជាក់ច្បាស់ទៀតថា វាមានប្រើប្រាស់ឈីប Snapdragon 865 នេះតែម្ដង។ យ៉ាងណាក៏ដោយ ការបង្ហោះរបស់ក្រុមហ៊ុនខាងលើនេះ មិនបានបញ្ជាក់ពីពេលវេលា ដែលវាប្រកាសចេញនោះទេ អញ្ចឹងហើយ អ្វីដែលយើងអាចធ្វើបាន គឺមានតែរង់ចាំមើល ការបង្ហើបលើកក្រោយទៀត ពីសំណាក់ក្រុមហ៊ុន ដែលជាអាណាព្យាបាលរបស់ Motorola នេះប៉ុណ្ណោះ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង