នេះជាឡានក្រុងអគ្គិសនី 77 កៅអីធំបំផុត អាចធ្វើដំណើរបានចម្ងាយ 370 គីឡូម៉ែត្រ ទើបបញ្ចូលអាគុយម្ដងទៀត​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដ BYD ដ៏ល្បីឈ្មោះលើទីផ្សារប្រទេសចិន បាននាំយកឡានក្រុងអគ្គិសនីដ៏ធំបំផុតមួយ ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយវាមានផ្ទុកចំនួន 77 កៅអីឯណោះ ហើយមានកំពូល 13 ម៉ែត្រ ជាប្រភេទឡានក្រុង 2 ជាន់ផងដែរ។ ចំណែកឯឡានក្រុងអគ្គិសនីនេះ នឹងត្រូវបម្រើប្រជាជនអាមេរិកជាសារធារណៈ ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងទៅតាម BYD បានបញ្ជាក់ប្រាប់ នៅពេលនាំយកមកជាផ្លូវការ។

វាមានលេខម៉ូឌែល C10MS ដែលត្រូវបានផលិតឡើងដោយ BYD ផ្ទាល់តែម្ដង និងមានរយៈចម្ងាយបើកបរ បានរហូតដល់ទៅ 370 គីឡូម៉ែត្រឯណោះ ហើយទើបតម្រូវឲ្យបញ្ចូលអាគុយឡើងវិញ ដោយវាអាចជាន់បានដល់ល្បឿន 104 គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជាវាមានទម្ងន់ធ្ងន់ និងមាឌធំយ៉ាងណាក៏ដោយ។ កាលពីពេលមុនៗមក ក្រុមហ៊ុន BYD ក៏ធ្លាប់បង្កើតយានយន្ដ ប្រើប្រាស់ថាមពលអគ្គិសនីផ្សេងៗទៀតដែរ ដោយរួមមានដូចជា ម៉ូតូ, ឡានដឹកទំនិញខ្នាតកណ្ដាល, ឡានដឹកសំរាម, ឡានលើកដាក់ទំនិញ (Forklift), ឃ្លាំងផ្ទុកថាមពល, ឡានតាក់ស៊ី និងយានយន្ដផ្លូវដែកលើអាកាស ជាដើម។ ក្រុមហ៊ុន BYD បានអះអាងមកថា ឡានក្រុងអគ្គិសនីដ៏ធំនេះ ត្រូវបានត្រៀមខ្លួនជាការស្រេច ក្នុងការបើកបរលើដងផ្លូវ និងមានសមត្ថភាពធ្វើជាឡានក្រុងសាធារណៈ ថែមទៀតផង។ វាប្រើប្រាស់អាគុយម្យ៉ាង ដែលផ្សំឡើងដោយផូស្វ័រដែក ដែលគ្មានជាតិពុល និងមានសុវត្ថិភាពខ្ពស់ ទោះបីជាស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតក្ដី ព្រមទាំងមិនមានការបំភាយឧស្ម័នអាក្រក់ ឬក៏ការបំពុលបរិស្ថាននោះឡើយ។

លើសពីនេះទៅទៀត ការប្រើប្រាស់ថាមពលអគ្គិសនី ថែមទាំងជួយសន្សំថវិកាបានច្រើន ដោយមិនត្រូវការចាំបាច់ ចំណាយលើប្រេងសាំងអស់ច្រើនទេ ហើយក៏មិនសូវជាបាត់បង់កម្លាំងរត់នោះដែរ។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា បានធ្លាប់យល់ឃើញថា នាពេលអនាគតខាងមុខ យានយន្ដគ្រប់ប្រភេទ នឹងប្ដូរមកប្រើប្រាស់ថាមពលអគ្គិសនីវិញ ដើម្បីការពារបរិស្ថានផែនដីដែរឬក៏អត់ទេ?

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង