របាយការណ៍ថ្មី៖ iPad Pro 5G ប្រើឈីប A14X នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2020 ខាងមុខនេះ​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ផ្អែកទៅតាមដំណឹង ដែលយើងទទួលបាន កាលពីពេលកន្លង បាននិយាយថាក្រុមហ៊ុន Apple កំពុងតែសម្ងំផលិត iPad Pro ជំនាន់ថ្មីរបស់ខ្លួន ហើយថ្លេប្លេតលំដាប់កំពូលមួយនេះ ភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ថែមទៀតផង។ កាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថា iPad Pro 5G បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលខ្លួនមកជំនួសតំណែងរបស់ iPad Pro ដែលបានប្រកាសចេញកាលពីអំឡុងត្រីមាសទី 4 នៃឆ្នាំ 2018 កន្លងទៅ។ 

ដោយឡែកនៅក្នុងថ្ងៃនេះ យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយភ្នាក់ងារសារព័ត៌មានដ៏ល្បី DigiTimes បាននិយាយថា iPad Pro ជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2020 ខាងមុខនេះ នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G mmWave និង sub-6GHz។ គួរបញ្ជាក់បន្តិចផងថា 5G mmWave មានល្បឿនលឿនខ្លាំង ប៉ុន្តែអាចចាប់សេវាបានក្នុងរយៈចម្ងាយខ្លីជាង sub-6GHz ចំណែកឯ sub-6GHz មានល្បឿនយឺតជាង 5G mmWave ប៉ុន្តែអាចចាប់សេវាបានរយៈចម្ងាយឆ្ងាយ ដែលល្អសម្រាប់អ្នករស់នៅតាមជាយក្រុង ឬជនបទ។ លើសពីនេះទៅទៀត iPad Pro 5G ដែលបាននិយាយពីខាងលើនេះ នឹងបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូល A14X របស់ Apple ដែលមានកម្លាំងខ្លាំងហួសនិស្ស័យថែមទៀតផង។ ប្រភពខាងលើបន្ថែមទៀតថា iPad Pro 5G ប្រើឈីប A14X អាចនឹងបង្ហាញខ្លួនជាមួយគ្នា ក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មី ដែលធ្វើឡើងនៅក្នុងអំឡុង ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ។ 

ដូចដែលយើងបានដឹងហើយថា ជាធម្មតាក្រុមហ៊ុន Apple តែងតែបើកព្រឹត្តិការណ៍ធំមួយ នៅក្នុងអំឡុងខែតុលា ដើម្បីប្រកាសចេញ iPad Pro ជំនាន់ថ្មីរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុន Apple ក៏ធ្លាប់ធ្វើការប្រកាសចេញ iPad ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មី ផងដែរ។ អញ្ចឹងមានន័យថា យើងក៏ប្រហែលជាអាចឃើញវត្តមាន iPad Pro 5G បង្ហាញខ្លួនស្របគ្នាជាមួយ iPhone ជំនាន់ថ្មី ឆ្នាំ 2020 ផងដែរ។ គួររំលឹកផងថា iPad Pro 5G ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់ទំហំ 11 និង 12.9 អ៊ីញ ជាប្រភេទ mini-LED ជំនាន់ថ្មី។ ចំពោះកម្លាំងម៉ាស៊ីន iPad Pro 5G នឹងប្រើប្រាស់បន្ទះឈីប A14X គួបផ្សំជាមួយ RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/512GB និង 1TB។ ចំណែកឯ ផ្នែកកាមេរ៉ាវិញ iPad Pro 5G នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដូចទៅនឹង iPhone 11 Pro អញ្ចឹងដែរ។ 

 

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង