មានពាក្យចចាមអារ៉ាមថា Apple ក៏នៅមានកាស AirPods Pro ជំនាន់ Lite មួយទៀត ទុកប្រកាសចេញក្នុងឆ្នាំនេះ​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន Apple តែងតែព្យាយាមខិតខំរកអ្វីៗដែលប្លែក និង បញ្ចេញនូវផលិតផលថ្មីៗ សម្រាប់បំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ មិនថាជាទូរសព្ទ ឬថេប្លេត ( iPhone, iPad ) កុំព្យូទ័រ ( iMac, Macbook ) បន្ទះសាកថ្មឥតខ្សែ ( AirPower ) កូនបាស ( Homepod ) កាសស្តាប់ត្រចៀក ( AirPods ) និងឧបករណ៍មួយចំនួនផ្សេងទៀត។ ផលិតផលទាំងនោះ សុទ្ធតែជាផលិតផល ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក។

តួយ៉ាង ពាក់ព័ន្ធនឹងឧបករណ៍កាសស្តាប់ត្រចៀកឥតខ្សែ AirPods នោះ មកដល់ឥឡូវ វាបញ្ចេញបាន 3 ជំនាន់ហើយ ដោយឃើញថា នៅលើជំនាន់ចុងក្រោយ AirPods Pro ទទួលបានការអាប់ដេតច្រើនគួរសមខុសពី 2 ជំនាន់មុនៗ ទាំងរចនាបថរូបរាងខាងក្រៅ និងសមត្ថភាពខាងក្នុង ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីៗច្រើន ពិសេសគឺផ្តោតសំខាន់ទៅនឹងមុខងារកាត់បន្ថយសម្លេងរំខាន Active Noise Cancellation ថ្មីនេះឯង តែក៏កុំភ្លេចដែរ ថាតម្លៃវាត្រូវបានផ្លាស់ប្តូរច្រើនដូចគ្នា។ យ៉ាងណា នៅពេលនេះយើងក៏ទទួលបានដំណឹងថ្មីមួយមកពី HYPEBEAST បង្ហាញថា Apple អាចកំពុងសម្ងំធ្វើការលើ កាសឥតខ្សែម៉ូឌែលថ្មីមួយទៀត ដោយបន្ថែមពីលើស៊េរី AirPods Pro តែអាចមានតម្លៃធូរថ្លៃជាង សម្រាប់ឆ្នាំ 2020 នេះ។ របាយការណ៍នេះ ក៏បានបន្ថែមថា កាសស្តាប់ត្រចៀកឥតខ្សែនេះ គឺទំនងជាអាចនឹងមានឈ្មោះហៅថា AirPods Pro Lite ហើយដូចប្រិយមិត្តបានដឹងហើយថា ទាក់ទងនឹងគ្រប់ផលិតផល ដែលភ្ជាប់មកឈ្មោះមានកន្ទុយ Lite ពីក្រោយ ភាគច្រើនគឺសុទ្ធតែត្រូវបានផលិតឡើង ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន ពោលគឺផ្តោតទៅលើតម្លៃទាបជាងមុន ដោយអាចនឹងកាត់បន្ថយសមត្ថភាពផ្សេងៗជាដើម។ ទោះជាយ៉ាងណា ចំពោះដំណឹងផ្សេងៗ ដូចជាទាក់ទងនឹងលក្ខណៈសម្បតិ្ត និងរចនាបថរបស់កាស AirPods Pro Lite នេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែដឹងត្រឹមថា វានឹងបង្ហាញខ្លួន ក្នុងឆ្នាំនេះតែម្តង។ មួយវិញទៀតដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា ដូច្នេះអាចធ្វើឲ្យ Apple សម្រេចចិត្តផ្លាស់ប្ដូររោងចក្រទៅផលិតកាសស៊េរីថ្មីនេះ នៅឯកោះតៃវ៉ាន់វិញ ដោយក្នុងនោះក៏ត្រូវបានរាយការណ៍ថា រួមមានដូចជាផលិតផល iPad, Apple Watch, iMac ស៊េរីថ្មីៗទាំងអស់ផងដែរ។

សរុបមក បើសិនជាដំណឹងមួយនេះ នឹងក្លាយជាការពិតមែននោះ យើងអាចនិយាយបានថា វាជារឿងល្អ និងពិសេសសម្រាប់អ្នកដែលចង់បានកាស AirPods Pro ដែលមានតម្លៃធូរថ្លៃ។ ម្យ៉ាងវិញទៀត វាក៏អាចជាចំនុចនៃការប្រាថ្នា និងទទួចចង់បានជាច្រើន ពីសំណាក់អ្នកប្រើប្រាស់ Apple ជាយូរមកហើយដែរ។

ដោយ​ ៖ Hypebeast
អត្ថបទទាក់ទង