Huawei Nova 7i ចេញផ្លូវការ មានកាមេរ៉ាក្រោយ 4 គ្រាប់ និងអាចសាកថ្មល្បឿនលឿនកម្លាំង 40W ជាមួយតម្លៃខ្ទង់ ១ លាន ៦ ម៉ឺនរៀល (265 ដុល្លារ)​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតលំដាប់មធ្យមរបស់ខ្លួន មួយម៉ូឌែលផ្សេងបន្ថែមទៀត ដោយវាមានឈ្មោះជាផ្លូវការថា Huawei Nova 7i។

Nova 7i បំពាក់មកជាមួយអេក្រង់លាត ទំហំ 6.4 អ៊ីញ ប្រភេទជា LCD មានកម្រិតបង្ហាញ Full HD+ (1080 x 2310 ភិចស៊ែល) អមមកជាមួយលេនទម្លុះអេក្រង់ចំនួន 1 គ្រាប់។ ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Kirin 810 គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ ចំណែកឯ ផ្នែកកាមេរ៉ាវិញ Nova 7i បំពាក់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ជាលេនទម្លុះអេក្រង់ ទំហំ 16MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 4 ដោយមួយគ្រាប់គឺជាលេនដើម ទំហំ 48MP Aperture f/1.8, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide) ទំហំ 8MP និង 2 គ្រាប់ទៀត គឺជាលេន Macro និង Depth Sensor ទំហំ 2MP ដូចគ្នា។ 

Nova 7i ភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,200 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន Super Charge ដែលមានកម្លាំងរហូតដល់ 40W ដែលអាចសាកថ្មពី 0 ទៅ 100% ដោយចំណាយពេលត្រឹមតែ 30នាទី តែប៉ុណ្ណោះ។ រីឯផ្នែកសុវត្ថិភាពវិញ Nova 7i ប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅផ្នែកចំហៀងនៃទូរសព្ទ។ Nova7i ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ផ្អែកលើស្បែក EMUI 10 ប៉ុន្តែវាមិនបានភ្ជាប់មកជាមួយ Google Mobile Services (GMS) របស់ក្រុមហ៊ុន Google នោះទេ។ Huawei Nova 7i មកជាមួយជម្រើសពណ៌សរុបចំនួន 3 ក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ (Midnight Black), ពណ៌សបែកផ្កាឈូក (Sakura Pink) និងពណ៌បៃតង (Crush Green)។ 

ក្រុមហ៊ុន Huawei ដាក់លក់ Nova 7i ក្នងតម្លៃខ្ទង់ប្រហែលជា ១ លាន ៦ ម៉ឺនរៀល (265 ដុល្លារ)។ ក្រុមហ៊ុន Huawei អនុញ្ញាតឲ្យអ្នករស់នៅក្នុងប្រទេសម៉ាឡេស៊ី អាចធ្វើការកុម្មង់ទិញ Nova 7i ទុកមុន ចាប់ពីថ្ងៃនេះតទៅ។ គួរបញ្ជាក់ផងថា ខណៈពេលនេះ ក្រុមហ៊ុន Huawei មិនទាន់បានបញ្ជាក់ឲ្យយើងដឹងទេថា តើ Huawei Nova 7i នឹងមានវត្តមាននៅលើទីផ្សារដទៃទៀត ឬក៏យ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំតាមដានមើលទាំងអស់គ្នាជាបន្តទៀត។

 

 

ដោយ​ ៖ Playful Droid
អត្ថបទទាក់ទង