ប្រទះឃើញស៊ីភីយូ Core i7-10700K ជំនាន់ក្រោយ មានល្បឿនរត់លឿនជាង Core i9-9900K​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ការរង់ចាំដ៏យូរជិតត្រូវបានបញ្ចប់ហើយ ដោយយើងបានប្រទះឃើញរូបភាពលេចធ្លាយថ្មី មានប្រភពចេញពីគណនីបណ្ដាញសង្គម Twitter ក្រោមឈ្មោះថា TUM_APISAK ដោយដាក់បង្ហាញឲ្យឃើញថា ស៊ីភីយូ Intel Core i7-10700K នឹងមានផ្ទុកនូវស្នូល Core ចំនួន 8 គ្រាប់ និងចំនួន 16 Thread ជាមួយលឿន Clock Speed ឡើងដល់ 5.3GHz ឯណោះ។ ហេតដូច្នេះហើយ បើយោងទៅតាមលក្ខណៈសម្បត្តិនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់ថា ស៊ីភីយូជំនាន់ទី 10 របស់ Core i7 ជំនាន់ក្រោយនេះ នឹងអាចយកឈ្នះស៊ីភីយូជំនាន់ទី 9 របស់ Core i9-9900K ថែមទៀតផង។

តាមរយៈរូបភាពខាងក្រោមនេះ គឺត្រូវជាការធ្វើតេស្ដលឿនរបស់វា នៅលើមូលដ្ឋានទិន្នន័យ 3DMark ដោយលាតត្រដាងឲ្យឃើញថា វាមានល្បឿនដើមត្រឹមចំនួន 3.8GHz ប៉ុន្ដែយើងក៏អាចកំណត់ជា Turbo Clock ឲ្យឡើងដល់ខ្ទង់ 5.3GHz ក៏បានដែរ។ យ៉ាងណាក៏ដោយ អ្វីដែលយើងមិនទាន់ដឹងច្បាស់ នោះគឺស្ថិតនៅត្រង់ទំហំរបស់ស៊ីភីយូ និងចំនួនថាមពល TDP របស់វានៅឡើយនោះទេ ដោយត្រូវបានបិទចោលជាលេខសូន្យទាំងអស់ ហើយក៏ជារឿងធម្មតាមួយប៉ុណ្ណោះ ព្រោះវាមិនទាន់ប្រកាសជាផ្លូវការ។ ចំណែកឯរបាយការណ៍លេចធ្លាយ កាលពីពេលមុនៗមក បានចែករំលែកព័ត៌មានថា ស៊ីភីយូ Core i7-10700K នឹងមានទំហំ 14nm ហើយចំនួន 125W សម្រាប់ថាមពល TDP ជាមួយទំហំ 16MB នៃ L3 Cache បើប្រៀបធៀបទៅនឹង Core i9-9900K ដែលមានទំហំ 14nm ដូចគ្នា ហើយមានចំនួន 95W TDP ជាមួយទំហំ 16MB នៃ L3 Cache តែមានល្បឿនទាបជាងបន្ដិច ដោយ Clock Speed ស្ថិតនៅ 3.6GHz ហើយ Turbo Boost បានដល់ត្រឹម 5GHz ផងដែរ។

គួរតែបញ្ជាក់ប្រាប់ម្ដងទៀតថា នេះគឺជារបាយការណ៍លេចធ្លាយប៉ុណ្ណោះ ដោយព័ត៌មានលម្អិតទាក់ទងនឹង ស៊ីភីយូ Core i7-10700K យើងនឹងអាចដឹងកាន់តែច្បាស់ទៀត នៅពេលក្រុមហ៊ុន Intel ប្រកាសវាចេញជាផ្លូវការ នាពេលខាងមុខនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។ ហេតុដោយសារតែ Intel បានដឹងខ្លួនឯងថា AMD កំពុងតែអភិវឌ្ឍន៍ខ្លាំងជាង ក្នុងពេលបច្ចុប្បន្ននេះ ក៏សម្រេចចិត្តធ្វើការដាក់បន្ថែមនូវល្បឿន Clock Speeds នេះតែម្ដង។

ដោយ​ ៖ PC Gamer
អត្ថបទទាក់ទង