ទូរសព្ទឆ្លាតលំដាប់កំពូល Xiaomi Mi 10 Pro ឡើងគ្រងតំណែងជាស្តេចកាមេរ៉ាក្នុងតារាង DxOMark​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញជាផ្លូវ នូវទូរសព្ទឆ្លាតលំដាប់កំពូល ដែលស្ថិតនៅក្នុងត្រកូល Mi 10 របស់ខ្លួន ដោយពួកវាមានឈ្មោះជាផ្លូវការថា Xiaomi Mi 10 និង Mi 10 Pro។ ទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 នេះ ត្រូវបានវេចខ្ចប់មកជាមួយលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសៗជាច្រើន ជាហេតុធ្វើឲ្យមហាជនមួយចំនួនមានចាប់អារម្មណ៍លើពួកវាយ៉ាងខ្លាំង។ ក្នុងនោះដែរ យើងឃើញថា ផ្នែកកាមេរ៉ាបានចូលរួមចំណែកមួយយ៉ាងធំ ធ្វើឲ្យទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 នេះ មានភាពលេចធ្លោ។ 

Xiaomi Mi 10 និង Mi 10 Pro បានភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបរហូតដល់ទៅ 4 គ្រាប់ ដោយក្នុងចំណោមទាំង 4 គ្រាប់ នោះ មានមួយគ្រាប់មានទំហំរហូតដល់ទៅ 108MP ឯណោះ។ ថ្វីត្បិតតែ Xiaomi Mi 10 និង Mi 10 Pro ភ្ជាប់មកជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ និងមានសមត្ថភាពថតវីដេអូក្នុងកម្រិត 8K បានដូចគ្នាមែន ប៉ុន្តែកាមេរ៉ាក្រោយរបស់ Xiaomi Mi 10 Pro មានលក្ខណៈពិសេសជាងសិស្សប្អូនរបស់វាបន្តិច ដោយវាបានភ្ជាប់មកជាលេនដើមទំហំ 108MP កែច្នៃឡើងយ៉ាងពិសេស (High-Resolution Custom Sensor 8P Lens + OIS), លេន Portrait ទំហំ 12MP Aperture f/2.0, លេនទូលាយ (Ultra-Wide) ទំហំ 20MP Aperture f/2.2 និងចុងក្រោយគេ គឺជាលេនពង្រីក (Telephoto + OIS) ទំហំ 8MP មានសមត្ថភាពអាចធ្វើការពង្រីក Hybrid Zoom បាន 10 ដង និង Digital Zoom បាន 50 ដង។  បើនិយាយដល់ចំណុចនេះ ខ្ញុំជឿថា មានប្រិយមិត្តមួយចំនួន ប្រាកដជាចង់ដឹងហើយថាតើសមត្ថភាពកាមេរ៉ាក្រោយរបស់ Xiaomi Mi 10 Pro ទទួលបានពិន្ទុសរុបចំនួនប៉ុន្មាន ពីក្រុមអ្នកតេស្តជំនាញ DxOMark ? ហើយតើ Xiaomi Mi 10 Pro ឈរនៅក្នុងលំដាប់ថ្នាក់លេខប៉ុន្មាននៅក្នុងតារាង DxOMark ?

ផ្អែកតាមគេហទំព័រផ្លូវការរបស់ក្រុមតេស្តជំនាញ DxOMark បានបង្ហាញឲ្យយើងដឹងថា សមត្ថភាពកាមេរ៉ាក្រោយរបស់ Xiaomi Mi 10 Pro ទទួលបានពិន្ទុសរុបរហូតដល់ទៅ 124 ឯណោះ ជាហេតុធ្វើឲ្យទួរសព្ទឆ្លាតលំដាប់កំពូលមួយនេះ ឡើងគ្រងតំណែងជាស្តេចកាមេរ៉ាក្នុងតារាង DxOMark តែម្តង។ ចំណែកឯ Huawei Mate 30 Pro 5G ធ្លាក់មកនៅតំណែងលេខ 2 វិញ ដោយកាមេរ៉ាក្រោយរបស់វាទទួលបានពិន្ទុសរុបចំនួន 123 ពិន្ទុ។ រីឯ Honor V30 Pro ត្រូវធ្លាក់មកនៅតំណែង 3 ក្នុងតារាងពិន្ទុកាមេរ៉ារបស់ DxOMark ដោយកាមេរ៉ាក្រោយរបស់វាទទួលបានពិន្ទុសរុបចំនួន 122 ពិន្ទុ។ គួរបញ្ជាក់ផងថា Xiaomi Mi 10 Pro ទទួលបានពិន្ទុសរុប ទៅលើផ្នែកថតរូបចំនួន 134 ពិន្ទុ និងផ្នែកថតវីដេអូទទួលបាន 104 ពិន្ទុ។ អញ្ចឹងសរុបមកវិញ ក្នុងពេលបច្ចុប្បន្ននេះទូរសព្ទឆ្លាតលំដាប់កំពូល Xiaomi Mi 10 Pro គ្រងតំណែងជាស្តេចកាមេរ៉ាក្នុងតារាង DxOMark ជាបណ្តោះអាសន្ន។ ដូច្នេះយើងចាំមើលទាំងអស់គ្នាថា តើ Xiaomi Mi 10 Pro អាចគ្រប់គ្រងតំណែងនេះបានយូរប៉ុណ្ណា? តើ Galaxy S20 Ultra អាចទម្លាក់ Xiaomi Mi 10 Pro ចេញពេលតំណែងនេះបានដែរឬទេ?

ដោយ​ ៖ DxOMark
អត្ថបទទាក់ទង