realme​ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ X50 ​Pro​ 5G ​នឹង​ភ្ជាប់​មក​ជាមួយ​កម្លាំង​សាកថ្ម​ 65W ​​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

កាលពីពេលមុន យើងបានដឹងហើយថា Realme នឹងប្រកាសចេញទូរសព្ទឆ្លាត លំដាប់កំពូលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2020 នាថ្ងៃទី 24 ខាងមុខនេះ ប៉ុន្តែជាក់ស្ដែង MWC 2020 ត្រូវបាន GSMA ប្រកាសលុបចោលជាផ្លូការហើយ ដែលធ្វើឲ្យក្រុមហ៊ុនទូរសព្ទឆ្លាតខាងលើ នៅតែធ្វើការប្រកាសចេញដដែល ប៉ុន្តែប្តូរមកប្រកាសតាមអនឡាញវិញផងដែរ។ ដោយឡែក ខណៈពេលវត្តមានរបស់វា មិនទាន់មកដល់ realme ក៏បានចេញមុខបង្ហាញពីលក្ខណៈពិសេសមួយ ដែលនឹងបំពាក់លើម៉ូឌែលមួយនោះ និយាយឲ្យចំទៅ realme X50 Pro 5G នឹងភ្ជាប់មកជាមួយ កម្លាំងដល់ 65W ឯណោះ។ 

មិនខុសទេ បើតាមដំណឹងដែលយើងទទួលបាន ពីការបង្ហោះរបស់ realme នៅក្នុងបណ្តាញសង្គម Twitter បានឲ្យដឹងថា realme X50 Pro 5G នឹងបំពាក់មកជាមួយ មុខងារសាកថ្មលឿន ដែលត្រូវបានក្រុមហ៊ុននេះហៅថា SuperDart Charge ដែលមុខងារនេះដែរ វាមានកម្លាំងសាកដល់ទៅ 65W ឯណោះ។ គួរបញ្ជាក់ដែរថា មុខងារសាកថ្មខាងលើ វាហាក់ដូចជាមិនខុសពី SuperVOOC របស់ OPPO នោះទេ ដែលបានប្រើប្រាស់កម្លាំងសាកខ្លាំងដល់ 65W ដូចគ្នា ប៉ុន្តែយ៉ាងណា នៅក្នុងការបង្ហោះនោះ realme មិនបានបញ្ជាក់នោះទេ ទាក់ទងជាមួយ រយៈពេលសាកថ្មរបស់ X50 Pro 5G នេះ នៅពេលប្រើបច្ចេកខាងលើ ប៉ុន្តែក្រុមហ៊ុនចិននេះបានបញ្ជាក់ថា វាគឺជាល្បឿននៃថ្ងៃអនាគតផងដែរ។ បើតាមដំណឹងលេចធ្លាយលើកមុន realme X50 Pro 5G ទំនងជាភ្ជាប់មកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865 របស់ Qualcomm គួបផ្សំជាមួយទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ហើយរឹតតែពិសេសនោះ វានឹងអាចដំណើរការដោយ Android 10 ជាមួយស្បែក UI ជំនាន់ថ្មីបង្អស់របស់ realme ចេញពីប្រអប់ស្រាប់តែម្ដង។

ក្រៅពីនេះទៀត realme X50 Pro 5G ក៏ត្រូវបានគេរំពឹងថា អាចនឹងបំពាក់អេក្រង់លាតធំ ខ្នាត 20:9 អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ព្រមទាំងអាចគាំទ្រល្បឿន Refresh Rate អេក្រង់ រហូតដល់ 120Hz ថែមទៀតផង។ អញ្ចឹងហើយ អ្វីដែលយើងប្រាកដនៅក្នុងពេលនេះគឺ ទូរសព្ទឆ្លាតម៉ូឌែលខាងលើនេះ នឹងភ្ជាប់មកជាមួយកម្លាំងសាក 65W ដែលហៅថា SuperDart Charge មួយវិញទៀត វានៅតែបង្ហាញខ្លួន នៅក្នុងថ្ងៃទី 24 ខែកុម្ភៈដដែល គ្រាន់តែប្តូរពីព្រឹត្តិការណ៍ MWC 2020 មកជាការប្រកាសតាមអនឡាយវិញ ដែលការ Livestream នេះដែរនឹងចាប់ផ្តើមនៅម៉ោង 9:30 ព្រឹកនៅស្រុកគេ ដែលស្មើនឹងម៉ោង 3:30 នាទីរសៀល ក្នុងប្រទេសយើងផងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង