កម្មវិធី Gmail សម្រាប់ iOS ទទួលបានមុខងារថ្មី អនុញ្ញាតអោយយើងអាចផ្ញើឯកសារបានកាន់តែងាយស្រួល​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ខណៈពេលដែលប្រព័ន្ធ System ទាំងមូលត្រូវទទួលបានមុខងារ Dark Mode នៅក្នុងកំណែអាប់ដេតទៅកាន់ Android 10 ហើយ Google ក៏ធ្លាប់បានបន្ថែមមុខងារនេះ នៅលើកម្មវិធីរបស់ខ្លួនជាច្រើនទៀតសម្រាប់ Android ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Google ក៏មិនបានមើលរំលងការអាប់ដេត បន្ថែមមុខងារថ្មីៗ សម្រាប់ iOS នោះដែរ ដោយនៅពេលនេះ ក្រុមហ៊ុនខាងលើ បានបញ្ចេញកំណែអាប់ដេតថ្មីលើកម្មវិធី Gmail សម្រាប់ iOS ដែលនឹងធ្វើអោយការប្រើប្រាស់ កាន់តែមានភាពងាយស្រួលថែមទៀត

ជាការពិតណាស់ នៅក្នុងកំណែអាប់ដេតថ្មីនេះ បាននាំមកនូវលក្ខណៈពិសេសថ្មីមួយ សម្រាប់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS ទាំងអស់ ដោយមុខងារថ្មីនេះ បានអនុញ្ញាតអោយយើងអាចធ្វើការ បន្ថែមឯកសារភ្ជាប់ (Add Attachment) ពីកម្មវិធី File ដើមនៅលើ iPhone ឬ iPad បានយ៉ាងងាយស្រួល ផងដែរ។ ជាក់ស្ដែង ដើម្បីយើងអាចផ្ញើឯកសារ ទៅកាន់នណាម្នាក់ តាមរយៈលក្ខណៈពិសេសថ្មីនេះបាន យើងត្រូវចុចលើរូបតំណាងរាងដូចគូទខ្យង នៅជ្រុងខាងស្តាំជាប់នឹងប៊ូតុងផ្ញើ ហើយវានឹងបើកសន្លឹកពណ៌ប្រផេះ ដែលមានអក្សរសរសេរថា “Camera Roll”, “Drive” និង “Attach Money” ជាមួយ Google Pay ជាដើម។ ចូលមកដល់ផ្នែកទី 2 សម្រាប់ឯកសារភ្ជាប់ដែលត្រូវបានប្តូរឈ្មោះពី “Recent Attachments” មកជារូបតំណាងថ្មី មានលក្ខណៈដូចជា Folder ហើយដើម្បីចូលបើកកម្មវិធី File លើ iOS យើងត្រូវចុចលើ icon រូប Folder នោះ បន្ទាប់មកអាចជ្រើសរើសឯកសារ ដែលអោយលោកអ្នក ចង់ផ្ញើជាការស្រេច។

អញ្ចឹង ប្រសិនបើប្រិយមិត្ត មិនទាន់បានអាប់ដេតកម្មវិធី Gmail ឡើងទៅកាន់ Version ជំនាន់ចុងក្រោយនៅឡើយទេ ប្រិយមិត្តអាចស្វែងរកវាក្នុង App Store ដើម្បីធ្វើការអាប់ដេតបាន។ យ៉ាងណា ប្រសិនបើមានប្រិយមិត្តមួយចំនួនទៀត ដែលមិនទាន់ទទួលបានកំណែអាប់ដេតថ្មីនេះទេ ប្រហែលត្រូវរង់ចាំមើលបន្តិចទៀត ទើបបាន។

ដោយ​ ៖ 9To5Google
អត្ថបទទាក់ទង