Xiaomi Mi 10 / Mi 10 Pro ប្រើឈីប Snapdragon 865, អេក្រង់ 90Hz, កាមេរ៉ាក្រោយ 108MP អាចថតវីដេអូបាន 8K ចេញផ្លូវការ​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ក្រោយពីបង្ហោះរូបភាព Poster ក៏ដូចជាវីដេអូខ្លីជាច្រើន បង្ហាញពីលក្ខណៈសម្បត្តិរបស់ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី ស្ថិតនៅក្នុងត្រកូល Mi 10 របស់ខ្លួនរួចមក ទីបំផុត ដូចដែលបានសន្យា នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតលំដាប់កំពូល ស្ថិតនៅក្នុងត្រកូល Mi 10 របស់ខ្លួន ជាផ្លូវការហើយ ដោយពួកវាមានឈ្មោះជាផ្លូវការថា Xiaomi Mi 10 និង Mi 10 Pro។ 

រចនាបថ

ទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 នេះ មានរចនាបថខាងក្រៅស្ទើរតែដូចគ្នាទាំងស្រុងទៅហើយ ដោយ Xiaomi Mi 10 និង Mi 10 Pro បំពាក់មកជាមួយអេក្រង់លាតកោង អមមកជាមួយលេនទម្លុះអេក្រង់មួយគ្រាប់ ស្ថិតនៅផ្នែកខាងឆ្វេង និងមានកាមេរ៉ាក្រោយ 4 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈបញ្ឈរ។ ក្រុមហ៊ុន Xiaomi បានធ្វើការកាត់បន្ថយចង្កា (Chin) របស់ Mi 10 និង Mi 10 Pro ឲ្យខ្លីជាង Mi 9 Series ដោយវាមានកម្រាស់ត្រឹម តែ 3.32mm តែប៉ុណ្ណោះ ជាលទ្ធផលទូរសព្ទឆ្លាតលំដាប់កំពូលទាំង 2 នេះ ទទួលបានផ្ទៃបង្ហាញកាន់តែធំជាងមុន។ 

អេក្រង់ និងកម្លាំងម៉ាស៊ីន

Xiaomi Mi 10 និង Mi 10 Pro បំពាក់មកជាមួយអេក្រង់លាតកោង ទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ (2340 x 108០ ភិចស៊ែល)។ កាន់តែពិសេសទៀតនោះ គឺថាបន្ទះបង្ហាញរបស់ Xiaomi Mi 10 និង Mi 10 Pro មានអេក្រង់ Refresh Rate 90Hz ជាមួយល្បឿនប៉ះសម្គាល់ ដល់ទៅ 180Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតពន្លឺដល់ទៅ 1120nits ព្រមទាំងមានកម្រិតទឹកពណ៌ DCI-P3 100% ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន Xiaomi Mi 10 និង Mi 10 Pro ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865 ទំហំ 7nm គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB ជំនាន់ថ្មី LPDDR5 និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB ជាប្រភេទ UFS 3.0។

កាមេរ៉ា

Xiaomi Mi 10 និង Mi 10 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ ជាលេនទម្លុះអេក្រង់ មានទំហំ 20MP។ ចំណែកឯផ្នែកខាងក្រោយ Xiaomi Mi 10 ភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP (7P Lens + OIS), មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide 123 ដឺក្រេ) ទំហំ 13MP កម្រិត Apeture f/2.4 និង 2 គ្រាប់ទៀតគឺជាលេន Macro និង Depth Sensor ទំហំ 2MP Aperture f/2.4 ដូចគ្នា។ រីឯ Xiaomi Mi 10 Pro វិញ ភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ដូចគ្នា ប៉ុន្តែមានលក្ខណៈសម្បត្តិពិសេសជាង ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP កែច្នៃឡើងយ៉ាងពិសេស (High-Resolution Custom Sensor 8P Lens + OIS), មួយគ្រាប់ជាលេន Portrait ទំហំ 12MP Aperture f/2.0, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide 117 ដឺក្រេ) ទំហំ 20MP Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគេគឺជាលេនពង្រីក (Telephoto + OIS) ទំហំ 8MP មានសមត្ថភាពអាចធ្វើការពង្រីក Hybrid Zoom បាន 10 ដង និង Digital Zoom បាន 50 ដង។ កាន់តែពិសេសថែមទៀតនោះ គឺថាកាមេរ៉ាក្រោយរបស់ Xiaomi Mi 10 និង Mi 10 Pro មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 8K ថែមទៀតផង។

ថាមពលថ្ម

Xiaomi Mi 10 បំពាក់ជាមួយថ្មទំហំ 4,780 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន កម្លាំង 30W ចំណែកឯ Xiaomi Mi 10 Pro បំពាក់មកជាមួយថ្មទំហំ 4,500 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 50W ឯណោះ។ បន្ថែមពីនេះ Xiaomi Mi 10 និង Mi 10 Pro ក៏គាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែ កម្លាំង 30W និងបច្ចេកវិទ្យាចែករំលែកថ្មទូរសព្ទ (Reverse Wireless Charging) កម្លាំង 10W ផងដែរ។

តម្លៃ និងថ្ងៃចេញលក់

Xiaomi Mi 10 ត្រូវបានចែកចេញជា 3 ជម្រើស

ជម្រើស RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ២៨ ម៉ឺនរៀល (570 ដុល្លារ )។

ជម្រើស RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៤៦ ម៉ឺនរៀល (615 ដុល្លារ )។

ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៦៨ ម៉ឺនរៀល (670 ដុល្លារ )។

Xiaomi Mi 10 Pro ត្រូវបានចែកចេញជា 3 ជម្រើស

ជម្រើស RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៨៦ ម៉ឺនរៀល (715 ដុល្លារ )។

ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ១៦ ម៉ឺនរៀល (790 ដុល្លារ )។

ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៤៤ ម៉ឺនរៀល (860 ដុល្លារ )។

ក្រុមហ៊ុន Xiaomi អនុញ្ញាតឲ្យអ្នកដែលរស់នៅក្នុងប្រទេសចិន អាចធ្វើការកុម្ម៉ង់ទិញ Xiaomi Mi 10 និង Mi 10 Pro ទុកមុន ចាប់ពីថ្ងៃនេះតទៅ ហើយ Xiaomi Mi 10 នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2020។ ចំណែកឯ Xiaomi Mi 10 Pro នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2020។ គួរបញ្ជាក់ផងថា តម្លៃខាងលើនេះ គឺជាតម្លៃដាក់លក់នៅក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។

 

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង