AnTuTu បង្ហាញថា realme X50 Pro 5G ទទួលបានពិន្ទុខ្ពស់ដល់ទៅ 574K និងបានប្រើប្រាស់ Wi-Fi 6 ទៀតផង​
ដោយ​ ៖ គង់គីត | 5 ខែមុន SHARE

 

កាលពីខែមករាកន្លងទៅនេះ realme បានបង្ហាញផ្លូវការពី ស្មាតហ្វូន 5G លើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា realme X50 5G ដែលម៉ូឌែលនេះ បានដំណើរដោយ Snapdragon 765 ជាមួយ GPU Adreno 620 ផងដែរ។ ដោយឡែកថ្មីៗនេះ មានព័ត៌មានជាច្រើន បានចុះផ្សាយទាក់ទង ម៉ូឌែលថ្មីមួយទៀត ដែលអាចនិយាយបានថា វាជាជំនាន់ Upgrade បន្ថែមពីម៉ូឌែលខាងលើ ហើយត្រូវបានគេហៅថា realme X50 Pro 5G។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលនេះ មានគេបានប្រទះឃើញការធ្វើតេស្តពិន្ទុទូរសព្ទឆ្លាតរបស់ realme ជំនាន់ថ្មីមួយម៉ូឌែល នៅលើ AnTuTu ជាមួយលេខសម្គាល់ realme RMX2071 ដោយវាទទួលបានដល់ទៅជាង 574,985 ពិន្ទុ ឯណោះ ដែលគេសង្ស័យថា វាជា realme X50 Pro 5G ថែមទៀតផង។ លើសពីនេះទៅទៀត បើយោងទៅតាមលោក Xu Qi Chase ដែលជាប្រធានផ្នែកទីផ្សារនៃស្លាកយីហោ realme ក៏ទើបបានបញ្ជាក់មកដែរថា ទូរសព្ទឆ្លាតជំនាន់ថ្មី ត្រៀមនឹងបង្ហាញខ្លួនជាសាធារណៈនេះ មានលេខសម្គាល់ RMX2071 ដែលនឹងភ្ជាប់មកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865 ជំនាន់ចុងក្រោយបង្អស់របស់ Qualcomm គួបផ្សំជាមួយទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ហើយរឹតតែពិសេសនោះ វានឹងអាចដំណើរការដោយ Android 10 ជាមួយស្បែក UI ជំនាន់ថ្មីបង្អស់របស់ realme ចេញពីប្រអប់ស្រាប់តែម្ដង។ ជាងនេះទៅទៀត មានការបង្ហាញថា realme X50 Pro 5G ជំនាន់ចុងក្រោយមួយនេះ ថែមទាំងត្រូវបានភ្ជាប់មកជាមួយការប្រើប្រាស់ Wi-Fi 6 ទៀតផង។

ក្រៅពីនេះ ផ្អែកតាមព័ត៌មានបែកធ្លាយមុនៗ បានបង្ហើបអោយដឹងថា realme X50 Pro 5G នឹងបំពាក់អេក្រង់លាតធំ មានខ្នាត 20:9 អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ព្រមទាំងអាចគាំទ្រនឹង ល្បឿន Refresh Rate មានកម្រិតរហូតដល់ 120Hz។ អញ្ចឹង ទាំងអស់នេះគ្រាន់ជាលក្ខណៈសម្បតិ្តត្រួសៗ ដែលបានដឹងពីវាខ្លះៗប៉ុណ្ណោះ រីឯរចនាបថរូបរាង ក៏ដូចជាផ្នែកកាមេរ៉ា យើងនឹងបានដឹងច្បាស់នៅថ្ងៃទី 24 ខែកុម្ភៈនេះ ជាក់ជាមិនខាន។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង