Tesla បានប្រមូលរថយន្ដ Model X ចំនួន 15,000 គ្រឿងចូលរោងចក្រវិញ ព្រោះតែមានបញ្ហាត្រង់ផ្នែកចង្កូត​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ល្បីឈ្មោះ Tesla មកពីសហរដ្ឋអាមេរិក បានធ្វើការបង្ហោះសេចក្ដីប្រកាសថ្មីមួយ នៅលើវេបសាយផ្លូវការរបស់ខ្លួនថា ពួកគេកំពុងតែហៅប្រមូលរថយន្ដ Model X ប្រភេទ SUV ដែលផលិតមុនខែតុលា ឆ្នាំ 2016 មកចូលរោងចក្រវិញ ដើម្បីធ្វើការជួសជុលបញ្ហា នៅលើផ្នែកចង្កូតបត់របស់វា។ បើយោងទៅតាម ក្រុមអ្នកសារព័ត៌មានមកពី Reuters បានចុះផ្សាយឲ្យដឹងថា ការប្រមូលមករោងចក្រវិញនេះ ត្រូវបានប៉ះពាល់ដល់រថយន្ដ Model X ចំនួន 15,000 គ្រឿងឯណោះ។

Model X គឺជារថយន្តថ្លៃបំផុតរបស់ក្រុមហ៊ុន Tesla ដោយមានតម្លៃចាប់ផ្តើមពី 84,990 ដុល្លារឡើង ហើយវាត្រូវបានគេស្គាល់ច្រើនដោយសារតែ ស្លាបទ្វារដែលថ្មីប្លែកពីរថយន្ដអគិ្គសនីផ្សេងៗ ជាមួយនឹងការបើកបញ្ឈរឡើងបាន។ ចំណែកឯក្រុមការងាររបស់ Tesla បានលើកឡើងអំពីមូលហេតុថា ពួកគេបានចាប់អារម្មណ៍ឃើញមាន ច្រេះកើតមានឡើងច្រើនពេក នៅត្រង់កន្លែងប៊ូឡុង ដែលភ្ជាប់ទៅកាន់ចង្កូតរបស់ Model X តែម្ដង ហើយជាពិសេសទៀតនោះ វានឹងច្រេះស៊ីកាន់តែច្រើន សម្រាប់អ្នកបើកបរនៅក្នុងបរិយាកាសត្រជាក់ខ្លាំង ឬក៏ មានសំណើមទឹកច្រើនជាដើម។ ការជួសជុលលើបញ្ហានេះ នឹងមិនតម្រូវឲ្យម្ចាស់រថយន្ដបង់ថ្លៃទៀតនោះទេ ព្រោះក្រុមការងារ Tesla ជួសជុលឲ្យដោយឥតគិតថ្លៃ ជាមួយរយៈពេលមិនកំណត់ឡើយ ដូច្នេះអាចយកទៅពិនិត្យមើលពេលណាក៏បានដែរ។ ចំពោះបញ្ហាត្រង់ផ្នែកចង្កូតនេះ មិនមែនប្រើការមិនបានតែម្ដងនោះទេ គ្រាន់តែផ្ដល់ភាពលំបាក ក្នុងការបង្វែរចង្កូតជាងមុនជាដើម នេះបើយោងទៅតាម Tesla បានបញ្ជាក់ប្រាប់ជាមួយសេចក្ដីប្រកាសថ្មី។

ជាការពិតណាស់ នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុន Tesla បានហៅប្រមូលរថយន្ដរបស់ខ្លួន ចូលក្នុងរោងចក្រដើម្បីជួសជុលវិញនេះ ដោយកាលពីឆ្នាំ 2018 រថយន្ដអគ្គិសនី Model S Sedan ត្រូវការឲ្យម្ចាស់វាទាំងអស់ ត្រឡប់មកជួសជុលបញ្ហាចង្កូតដូចគ្នាផងដែរ។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង