ព្រោះតែវីរុសកូរ៉ូណា បានធ្វើឲ្យក្រុមហ៊ុនធំៗទាំងនេះ បង្ខំចិត្តដកខ្លួនចេញពី MWC 2020 តែម្ដង​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

គិតត្រឹមថ្ងៃនេះ ព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC (Mobile World Congress) ប្រចាំឆ្នាំ 2020 ក៏កាន់តែខិតជិតមកដល់មែនទែនដែរហើយ។ តួយ៉ាង វានឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 24 រហូតដល់ថ្ងៃទី 27 ចុងខែនេះ ក្នុងទីក្រុង Barcelona នៅលើទឹកដីប្រទេសអេស្ប៉ាញ តែម្តង។ ជាក់ស្តែង ដូចរាល់ដងអញ្ចឹង នេះពិតជាពេលវេលាដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនអេឡិចត្រូនិចធំៗ ដើម្បីដាក់បង្ហាញឲ្យមហាជន បានឃើញនូវផលិតផលថ្មីៗរបស់ខ្លួន។ 

យ៉ាងណាមិញ គ្រាន់ចូលមកដល់ដើមឆ្នាំ 2020 នេះ ហាក់បីដូចជាមិនសូវអំណោយផលសោះឡើយ ទាំងទីផ្សារសេដ្ឋកិច្ចផ្សេងៗ និងទៅលើឧស្សាហកម្មបច្ចេកវិទ្យាតែម្តង ដោយគ្រប់គ្នាប្រាកដជាបានដឹងហើយថា ទាក់ទងនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពីការរីករាលដាលនៃវីរុសកូរ៉ូណាជុំវិញពិភពលោក ដែលធ្វើឲ្យក្រុមហ៊ុនល្បីៗមួយចំនួន ត្រូវបង្ខំចិត្តផ្អាកអាជីវកម្មរបស់ពួកគេ ដើម្បីទប់ស្កាត់ជាមួយនឹងបញ្ហាសុខភាពថ្មីនេះ។ ដូចគ្នាផងដែរនោះ ឃើញថាបញ្ហាមួយនេះ ហាក់ដូចជានឹងផ្តល់ផលអវិជ្ជមានច្រើន ដល់ព្រឹតិ្តការណ៍ MWC 2020 ទៀតផង ព្រោះថាប្រទះឃើញមានក្រុមហ៊ុនធំៗមួយចំនួន បានប្រកាសសុំដកខ្លួនចេញពីព្រឹតិ្តការណ៍មួយនេះ ជាបណ្តើរៗ ដែលពិតជាធ្វើឲ្យបាត់បង់ឪកាសដ៏ល្អ ក្នុងការដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លួន។ សរុបមកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានដំណឹងជាបន្តបន្ទាប់គ្នា ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់នោះ រួមានដូចជាក្រុមហ៊ុន Amazon, Ericsson, Intel, LG, MediaTek, Nvidia, Sony, vivo, Facebook, AT&T និងក្រុមហ៊ុន Telus ជាដើម។ ក្រៅពីនេះ នៅសល់ក្រុមហ៊ុនមួយចំនួនទៀត នឹងចូលរួមដដែល ប៉ុន្តែសម្រេចចិត្តដកចំនួនបុគ្គលិករបស់ខ្លួនចេញខ្លះវិញ ក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុន Samsung, Huawei, Xiaomi, ZTE និង TCL។

ដោយឡែក GSMA ដែលជាអ្នករៀបចំព្រឹតិ្តការណ៍សមាជទូរសព្ទពិភពលោក MWC នឹងប្រកាសប្រាប់ថា ព្រឹត្តិការណ៍នេះនៅតែបន្តដដែល ឬត្រូវរំសាយចោលវិញ នៅថ្ងៃទី 14 ខែកុម្ភៈ ខាងមុខនេះ។ អញ្ចឹង ចំពោះបញ្ហាដ៏ឈឺក្បាលនេះ ក្រុមការងារខេមបូរីផត នឹងបន្តធ្វើការរាយការណ៍បន្ថែម នៅពេលដែលមានការប្រកាសចេញជាផ្លូវការ ពីខាង GSMA ផ្ទាល់។ គួរបញ្ជាក់ដែរថា បើក្រឡេកទៅមើល ការរីករាលដាលនៃវីរុសកូរ៉ូណាវិញ គិតមកត្រឹមវេលានេះ យើងឃើញថា មានចំនួនអ្នកឆ្លងបានកើនឡើងដល់ទៅ 45,171 នាក់ឯណោះ ហើយសម្រាប់ចំនួនអ្នកស្លាប់ដោយសារវីរុសនេះវិញ គឺកើនឡើងដល់ទៅ 1115 នាក់ហើយ ដែលនេះជាចំនួនកំណើនដ៏រហ័សមួយ បើយើងប្រៀបជាមួយប៉ុន្មានថ្ងៃមុន។ ដូច្នេះហើយ ចូរប្រិយមិត្តទាំងអស់គ្នាការពារខ្លួនឯង ដោយធ្វើការពាក់ម៉ាស រៀងរាល់ពេលចេញទៅខាងក្រៅ ដោយជាពិសេសនៅកន្លែងមានមនុស្សច្រើន ហើយព្យាយាមរក្សាអនាម័យជានិច្ច ដើម្បីជាការការពារទុកមុន និងជៀសវាងកុំឲ្យងាយឆ្លងបាន។

ដោយ​ ៖ 9to5 Google
អត្ថបទទាក់ទង