Galaxy S20 Ultra ចេញផ្លូវការ ប្រើឈីប Snapdragon 865 មាន RAM 16GB LPDDR5, អេក្រង់ 120Hz, កាមេរ៉ាក្រោយ 108MP អាចថតវីដេអូបាន 8K និងពង្រីកបានដល់ទៅ 100 ដង ឯណោះ​
ដោយ​ ៖ ឈីរ៉ូ | 7 ខែមុន SHARE

 

បន្ទាប់ពីទទួលបានដំណឹងបែកធ្លាយជាច្រើន ពាក់ព័ន្ធទៅនឹងទូរសព្ទឆ្លាតលំដាប់កំពូល ម៉ូឌែលខ្ពស់ផុតលេខ ស្ថិតនៅក្នុងត្រកូល S20 របស់ Samsung ស្ទើរតែមិនលស់ថ្ងៃរួចមក ទីបំផុត ដូចដែលបានសន្យា នៅក្នុងថ្ងៃនេះ នៅឯព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Unpacked 2020 ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតលំដាប់កំពូល ម៉ូឌែលខ្ពស់ផុតលេខ ស្ថិតនៅក្នុងត្រកូល S20 របស់ខ្លួន ជាផ្លូវការហើយ ដោយវាមានឈ្មោះជាផ្លូវការថា Galaxy S20 Ultra។

អេក្រង់ និងកម្លាំងម៉ាស៊ីន

Galaxy S20 Ultra បំពាក់មកជាមួយអេក្រង់លាត Infinity-O ទំហំ 6.9 អ៊ីញ ខ្នាត 20:9 ជាប្រភេទ Dynamic AMOLED 2X អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+ (3200 x 1440 ភិចស៊ែល) ជាមួយដង់ស៊ីតេអេក្រង់ 511ppi។ កាន់តែពិសេសទៀតនោះ គឺបន្ទះបង្ហាញរបស់ Galaxy S20 Ultra មានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ជាមួយល្បឿនប៉ះសម្គាល់ (Touch Sensitivity) ដល់ទៅ 240Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ DCI-P3 100% ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន Galaxy S20 Ultra ប្រើប្រាស់បន្ទះឈីប Snapdragon 865 / Exynos 990 ទំហំ 7nm គួបផ្សំជាមួយជម្រើស RAM ទំហំ 12/16GB ជំនាន់ថ្មី LPDDR5 និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/512GB ជាប្រភេទ UFS 3.0 ព្រមទាំងអាចធ្វើការបន្ថែម Memory ពីខាងក្រៅបាន ជាប្រភេទ microSD រហូតដល់ទៅ 1TB។ 

កាមេរ៉ា និងមុខងារជំនួយ

Galaxy S20 Ultra ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 40MP កម្រិត Aperture f/2.2 អាចថតវីដេអូបានក្នុងកម្រិត 4K 60fps និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP + OIS កម្រិត Aperture f/1.8, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide 120 ដឺក្រេ) ទំហំ 12MP កម្រិត Apeture f/2.2, មួយគ្រាប់គឺជាលេន Telephoto ទំហំ 48MP + OIS ( Space Zoom : អាចធ្វើការពង្រីក Hybrid Optical Zoom បាន 10 ដង និង Digital Zoom បានដល់ទៅ 100 ដង) កម្រិត Aperture f/3.5 និងមួយគ្រាប់ចុងក្រោយគេ គឺជា Depth Vision។ អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺកាមេរ៉ាក្រោយរបស់ Galaxy S20 Ultra មានសត្ថភាពអាចធ្វើការថតវីដេអូបានក្នុងកម្រិតរហូតដល់ទៅ 8K 24fps ថែមទៀតផង។

មិនទាន់អស់នោះទេ កាមេរ៉ាក្រោយរបស់ Galaxy S20 Ultra ក៏បានភ្ជាប់មកជាមួយមុខងារពិសេសៗមួយចំនួនបន្ថែមទៀតផងដែរ ក្នុងនោះមានដូចជា មុខងារ Single Take អនុញ្ញាតឲ្យយើងធ្វើការថតរូប និងវីដេអូបានច្រើន Mode (Live Focus, Cropped, Ultra-Wide និងច្រើនទៀត) ក្នុងពេលតែមួយ បន្ទាប់មកវាអនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសរូបភាព និងវីដេអូណាមួយដែលយើងពេញចិត្ត។ មុខងារ Super Steady ជំនាន់ថ្មី ប្រើសម្រាប់ជួយទប់លំនឹងពេលដែលយើងកំពុងថតវីដេអូ។ មុខងារ Pro Video អនុញ្ញាតឲ្យយើងធ្វើការកែប្រែកម្រិត ISO, Shutter Speed, White Balance និង Exposure ទៅលើវីដេអូដែលយើងថត។ មុខងារ Bright Night ប្រើសម្រាប់ជំនួយក្នុងការថតរូបនៅពេលយប់ ឬទីកន្លែងដែលខ្សោយពន្លឺ ដើម្បីទទួលបានរូបភាពមួយ ដែលមានកម្រិត Detail ច្បាស់ ព្រមទាំងផ្តល់ពន្លឺបានភ្លឺល្អ។

ថាមពលថ្ម និងបច្ចេកវិទ្យាពិសេសៗ

Galaxy S20 Ultra បំពាក់ជាមួយថ្មទំហំធំរហូតដល់ទៅ 5,000 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 45W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មី (Fast Wireless Charing 2.0) ថែមទៀតផង។ លើសពីនេះទៅទៀត Galaxy S20 Ultra ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនទៀតដែរ ក្នុងនោះមានដូចជា មុខងារ Game Booster ប្រើសម្រាប់ជួយជម្រុញកម្លាំងម៉ាស៊ីនឲ្យខ្លាំងជាងមុនថែមមួយកម្រិតទៀត នៅពេលដែលយើងកំពុងលេងហ្គេម, បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅក្រោមអេក្រង់ ជាប្រភេទ Ultrasonic, បច្ចេកវិទ្យាចែករំលែកថ្មទូរសព្ទ (Wireless PowerShare), បច្ចេកវិទ្យាអាវក្រោះការពារទឹក និងធូលី កម្រិត IP68, ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ Android 10 ផ្អែកលើស្បែក One UI ជំនាន់ទី 2 ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសជាច្រើន។

ជម្រើសពណ៌ តម្លៃ និងថ្ងៃចេញលក់

Galaxy S20 Ultra មកជាមួយជម្រើសពណ៌សរុបចំនួន 2 ក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ (Cosmic Black) និងពណ៌ប្រផេះ (Cosmic Grey)។ ក្រុមហ៊ុន Samsung ដាក់លក់ Galaxy S20 Ultra ក្នុងតម្លៃខ្ទង់ប្រហែលជា ៥.៦ លានរៀល (1,399 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃខ្ទង់ប្រហែលជា ៦.៤ លានរៀល (1,599 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB។ ក្រុមហ៊ុន Samsung អនុញ្ញាតឲ្យយើងធ្វើការកុម្ម៉ង់ទិញ Galaxy S20 Ultra ទុកមុន ចាប់ពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ ហើយវានឹងបញ្ចេញលក់ជាផ្លូវការនៅដើម ខែមីនា ឆ្នាំ 2020 នេះតែម្តង។ គួរបញ្ជាក់ផងថា តម្លៃខាងលើនេះ គឺជាតម្លៃដាក់លក់នៅក្នុងទីផ្សារស្រុកគេតែប៉ុណ្ណោះ។

 

ដោយ​ ៖ Samsung
អត្ថបទទាក់ទង