ទី​បំផុត​ Galaxy Z Flip​ ពិតជា​បង្ហាញ​ខ្លួន​មែន​ ដោយ​បំពាក់​អេក្រង់​បត់​ជា​កញ្ចក់​ ព្រម​ទាំង​មាន​តម្លៃខ្ទង់ ​៥ ​លាន ​៥២​ ម៉ឺន​រៀល​ ឬ 1380 ​ដុល្លារ​​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

 

មួយរយៈធំមកហើយ ដែលដំណឹងលេចធ្លាយរបស់ ទូរសព្ទឆ្លាតអេក្រង់បត់ ដែលមានឈ្មោះថា Galaxy Z Flip ចូលមកដល់ត្រចៀករបស់យើង ដែលដំណឹងលេចធ្លាយទាំងនោះ គឺបាននិយាយពីចំណុចជាច្រើន ដែលមាននៅលើទូរសព្ទឆ្លាតម៉ូឌែលថ្មី នៃក្រុមហ៊ុន Samsung មួយនេះ។ ចំណែកឯពេលនេះវិញ វត្តមានរបស់វាបានបង្ហាញខ្លួន ជាផ្លូវការហើយ ដូចដែលរំពឹងទុកអញ្ចឹង វត្តមានរបស់វា ត្រូវបាន Samsung ដាក់បង្ហាញនៅមុនពេល ដែលពួកគេបាននិយាយរៀបរាប់ពី Galaxy S20 Series ទៅទៀត អញ្ចឹងហើយ មិនទុកយូរនោះទេ គឺខ្ញុំនឹងបញ្ជាក់ប្រាប់ពីលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចផ្សេងៗ ដែលមាននៅលើ Galaxy Z Flip ឲ្យប្រិយមិត្តទាំងអស់គ្នា បានជ្រាបដឹងច្បាស់នៅក្នុងអត្ថបទខាងក្រោមនេះតែម្ដង។

ចំពោះដំណឹងលេចធ្លាយនាពេលកន្លងមក យើងឃើញថា គឺបាននិយាយច្រើនមែនទែន ទាក់ទងនឹងទូរសព្ទឆ្លាតម៉ូឌែលខាងលើនេះ ប៉ុន្តែទោះជាយ៉ាងណា មានចំណុចមួយចំនួន គឺមិនត្រឹមត្រូវដូចដែល Samsung បានបញ្ជាក់ប្រាប់នោះទេ ហេតុនេះ ដើម្បីងាយស្រួលក្នុងការស្វែងយល់ ខ្ញុំនឹងនិយាយទៅតាមផ្នែកនីមួយៗរបស់វា។

ដំបូងចាប់ផ្តើមពី រចនាបថរូបរាង៖

ជាការពិតណាស់ Galaxy Z Flip ជាទូរសព្ទឆ្លាតវៃអេក្រង់បត់ ម៉ូឌែលថ្មីមួយទៀតរបស់ Samsung ដោយវាត្រូវបានធ្វើឡើង ឲ្យមានរូបរាងខុសគ្នា បើប្រៀបជាមួយ Galaxy Fold កន្លងមក ដោយលើកនេះ វាមានលក្ខណៈបត់ប្រៀបដូចជា ទូរសព្ទបត់ជំនាន់បុរាណអញ្ចឹង ហើយវាក៏មិនប្លែកគេអ្វីនោះដែរ ព្រោះថា Motorola បានបញ្ចេញទូរសព្ទឆ្លាតអេក្រង់បត់បែបនេះរួចហើយ។ មិនខុសទេ បើនិយាយពីខាងក្រៅទៅមុន Galaxy Z Flip វាមានខ្នងធ្វើឡើងពីកញ្ចក់ ដែលមានបំពាក់កាណុងកាមេរ៉ា 2 គ្រាប់ រួមជាមួយ Flash LED មួយគ្រាប់ លើសពីនេះ នៅស្របគ្នាជាមួយកាមេរ៉ានោះ វាក៏មានកូនអេក្រង់តូចមួយ ដែលមានទំហំ 1.1 អ៊ីញ ជាប្រភេទ AMOLED ការពារដោយកញ្ចក់ Gorilla Glass 6 និងភ្ជាប់មកជាមួយមុខងារ Always On ប្រើសម្រាប់មើលសារដំណឹង ក៏ដូចជាម៉ោងជាដើម។ ចូលមកដល់ផ្នែកខាងក្នុង គឺមានន័យថា នៅពេលបើកវាចេញមក គឺអ្នកប្រើប្រាស់នឹងទទួលបានបន្ទះអេក្រង់មួយទៀត ដែលមានទំហំ 6.7 អ៊ីញ ជាប្រភេទ Dynamic AMOLED មាន Aspect Ratio 21.9:9 អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ 2636 x 1080 ភិចសែល មានដង់ស៊ីតេ 425ppi ដែលនៅផ្នែកខាងលើ វាមានលេនទំលុះអេក្រង់មួយគ្រាប់ ដើរតួជាកាមេរ៉ាមុខតែម្ដង។ អេក្រង់នេះដែរ វាមិនមែនជាប្រភេទប្លាស្ទិកដូច Galaxy Fold ឬមួយក៏ទូរសព្ទឆ្លាតអេក្រង់របស់ក្រុមហ៊ុនផ្សេងទៀតឡើយ ពោលគឺវាជាប្រភេទកញ្ចក់ស្ដើងបំផុត ដែលធ្វើឲ្យគុណភាពរបស់ទូរសព្ទឆ្លាតនេះ កាន់តែពិសេសជាងគេ ព្រោះថាអេក្រង់របស់វា ធន់ជាងមុន ពោលគឺប្រសើរជាងអេក្រង់ប្លាស្ទិកអញ្ចឹងដែរ។ 

កាមេរ៉ា

ចូលមកដល់ផ្នែកកាមេរ៉ា វាហាក់ដូចជាមិនសូវ មានអ្វីគួរឲ្យចាប់អារម្មណ៍ប៉ុន្មាននោះទេ ព្រោះដោយសារតែ នៅខាងក្រោយវាមានតែពីរគ្រាប់ប៉ុណ្ណោះ មិនមែន 4 គ្រាប់ដូច Galaxy S20 Ultra ឡើយ ដែលពីរគ្រាប់របស់វានោះ មានមួយគ្រាប់ជាលេនដើម មានទំហំ 12MP (Dual Pixel + OIS) មានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀតជាលេនទូលាយ Ultra-Wide 123 ដឺក្រេ ទំហំ 12MP មានកម្រិត Aperture f/2.2 ហើយកញ្ចក់កាមេរ៉ានេះ វាអាចធ្វើការថតវីដេអូបានក្នុងកម្រិត 4K 60fps ក៏ដូចជាមាន OIS ព្រមទាំងអាចធ្វើការពង្រីកបែប Digital បាន 8 ដងផងដែរ។ ចំពោះកាមេរ៉ាផ្នែកខាងមុខវិញ វាមានលេនទុះអេក្រង់មួយគ្រាប់ នៅចំកណ្តាល ដូចបានបញ្ជាក់ពីខាងដើមអញ្ចឹង ដែលមួយគ្រាប់នោះ មានទំហំ 10MP មានកម្រិត Aperture f/2.4 អាចថតវីដេអូបានដល់កម្រិត 4K 30fps មិនមែន 60fps ដូចខាងក្រោយឡើយ។

កម្លាំងម៉ាស៊ីន និងថាមពលថ្ម

ចូលមកដល់ចំណុចស្នូលរបស់ Galaxy Z Flip វិញម្ដង ពោលគឹវាបានដំណើរការដោយឈីប Snapdragon 855+ មិនមែន Snapdragon 865 នោះទេ ព្រមទាំងបានបំពាក់មក ជាមួយរ៉េមទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB មកតែម្ដង។ ចំពោះថាមពលថ្មរបស់វាវិញ Samsung បានបញ្ជាក់ថា មានទំហំត្រឹមតែ 3,300mAh តែប៉ុណ្ណោះ ហើយវាក៏អាចគាំទ្រមុខងារសាកថ្មល្បឿនលឿន បានត្រឹម QC 2.0 ប៉ុណ្ណោះ ជាមួយរន្ធសាក USB-C ដែលកម្លាំងសាកបែបនេះ វាលែងធ្វើឲ្យយើងគ្រប់គ្នា មានការភ្ញាក់ផ្អើល ដូចមុនទៀតហើយ។

តម្លៃ និងចំណុចពិសេសផ្សេងៗ

បើតាមតែអ្វីដែលបានរៀបរាប់ខាងលើនេះ គឺមិនទាន់អស់នោះទេ វាបានបំពាក់មកជាមួយលក្ខណៈពិសេសផ្នែក UI ដែល Samsung បានរចនាឡើងជាពិសេស ឲ្យស៊ីគ្នាជាមួយអេក្រង់បត់នោះ ជាក់ស្ដែងដូចជានៅពេលថតរូបអញ្ចឹង ដោយអាចធ្វើការបត់វា ដើម្បីដាក់នៅលើតុសម្រាប់ថតបាន ដោយផ្នែកអេក្រង់មួយកំណាត់ខាងលើ នឹងបង្ហាញពីអ្វីដែលកាមេរ៉ា បានមើលឃើញ ចំណែកមួយកំណាត់ទៀត ហាក់ដូចជា Touch Pad សម្រាប់ចុចបញ្ជាអញ្ចឹង។ ទៅលើផ្នែកសុវត្ថិភាព វាបានប្រើប្រាស់ការស្កេនស្នាមម្រាមដៃ លើអេក្រង់ ជាមួយសេនស័រស្កេនសម្គាល់មុខ ក្រៅពីនេះទៀត វាក៏ត្រូវបាន Samsung បញ្ជាក់ដែរថា វាមានចំនួន 3 ពណ៌ រួមមានពណ៌ស្វាយ (Mirror Purple), ពណ៌ខ្មៅ (Mirror Black)និងចុងក្រោយគឺជាពណ៌មាស (Mirror Gold ផងដែរ)។ ជាមួយលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចពិសេស ដូចបានរៀបរាប់ពីខាងដើមនេះ Samsung បានដាក់លក់វា នៅក្នុងតម្លៃខ្ទង់ ៥ លាន ៥២ ម៉ឺនរៀល ឬ 1380 ដុល្លារ សម្រាប់ទីផ្សារតំបន់អឺរ៉ុប។ 

គួរបញ្ជាក់ដែរថា នៅក្នុងនោះដែរ Samsung ក៏បានបង្ហាញ Galaxy Z Flip មួយម៉ូឌែលទៀត ដែលជាលក្ខណៈ Thom Browne Edition ហើយវាត្រូវបានដាក់លក់ជាកញ្ចប់ ដោយនៅក្នុងប្រអប់របស់ Galaxy Z Flip Thom Browne Edition បានភ្ជាប់មកជាមួយទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ប្រភេទ Edition ចំនួន 1, កាសឥតខ្សែជំនាន់ថ្មី Galaxy Buds+ ប្រភេទ Edition ចំនួន 1, Case ការពារប្រភេទ Edition ចំនួន 1 និងនាឡិកាឆ្លាត Galaxy Watch Active 2 ប្រភេទ Edition ចំនួន 1 ហើយសម្រាប់លក្ខណៈស្បត្តិផ្សេងៗ គឺមិនខុសគ្នានោះទេ។

និយាយរួមមកវិញ បើតាមរយៈការបង្ហាញរបស់ Samsung ខាងលើនេះ យើងឃើញថា Galaxy Z Flip មិនខុសពីដំណឹងលេចធ្លាយបង្ហាញប៉ុន្មាននោះទេ ដែលមានថាមពលថ្មទំហំត្រឹមតែ 3,300mAh តែប៉ុណ្ណោះ មួយវិញទៀត យើងឃើញថា វាមានប្រើប្រាស់ឈីបកំពូលជំនាន់ចាស់ប៉ុណ្ណោះ គឺ Snapdragon 855+ ប៉ុន្តែអាចនិយាយបានថា វាគ្មានបញ្ហាអ្វីនោះទេ បើទោះជាមិនមែន Snapdragon 865 ក៏ដោយ ព្រោះថា Samsung បានផ្លាស់ប្តូរចំណុចពិសេសជាច្រើន ឲ្យកាន់តែប្រសើរជាងមុន ហើយសម្រាប់ចំណុចដដែលមួយនោះ គឺទៅលើផ្នែកអេក្រង់របស់វាតែម្ដង ខ្ញុំគិតថា វាហាក់ដូចជាមានស្នាមផ្នត់ នៅតំបន់ដែលបត់ ខ្លាំងដូចដែលពួកគេធ្លាប់ធ្វើលើ Galaxy Fold ដែរ ដែលចំណុចនេះ វាអាចធ្វើឲ្យចំណាប់អារម្មណ៍របស់យើង រាងធ្លាក់ចុះបន្តិច នៅពេលដែលចាប់កាន់ផ្ទាល់។ យ៉ាងណាក៏ដោយ Galaxy Z Flip វាក៏ធ្វើយើងកាន់តែទុកចិត្តជាងមុនផងដែរ ដោយសារតែវាបានផ្លាស់ប្តូរពីការប្រើប្រាស់អេក្រង់ប្លាស្ទិក មកដាក់ជាអេក្រង់កញ្ចក់ស្ដើង ដែលអាចជួយកាត់បន្ថយពីការឆ្កូត ក៏ដូចជាទន់ចូលក្នុង នៅពេលចុចប្រើប្រាស់ជាដើម ដូច្នេះហើយ សង្ឃឹមថា ការផ្លាស់ប្តូរនេះ វាជាជម្រើសល្អមួយទៅចុះ ហើយក៏ជូនពរឲ្យ ទូរសព្ទឆ្លាតអេក្រង់បត់របស់ Samsung លើកនេះ មិនមានជួបបញ្ហាដូចដែលធ្លាប់មាន Galaxy Fold ទៅចុះ។ ហេតុនេះហើយ តើប្រិយមិត្តអ្នកអានទាំងឡាយយល់យ៉ាងណាដែរ ចំពោះវត្តមានផ្លូវការរបស់ Galaxy Z Flip នេះ សូមចែករំលែកគំនិតរបស់អ្នក នៅក្នុងប្រអប់ Comment ខាងក្រោមនេះ ដើម្បីឲ្យពួកយើងបានដឹងផង។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង