ក្រុមហ៊ុនផលិតផ្ទាល់បដិសេធហើយថា លោក Bill Gates មិនបានជាវកប៉ាល់តម្លៃ 645 លានដុល្លារនេះឡើយ​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឮពាក្យចចាមអារ៉ាមថា លោក Bill Gates បានជាវកប៉ាល់ដ៏ទំនើបមួយ ដែលដំណើរការដោយឧស្ម័នអ៊ីដ្រូសែន ក្នុងតម្លៃខ្លួនរហូតដល់ទៅខ្ទង់ 645 លានដុល្លារឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលឥឡូវនេះ បើយោងតាមក្រុមហ៊ុនផលិតកប៉ាល់ Sinot Aqua នេះតែម្ដង គឺលាតត្រដាងថាវាមិនមែនជារឿងពិតនោះទេ។

ខណៈពេលដែល អ្នកគ្រប់គ្នាបានដឹងហើយថា លោក Bill Gates ចូលចិត្តថែរក្សាបរិស្ថាន និងថាមពលបៃតងក៏ពិតមែន ដូច្នេះហើយបានជា វាធ្វើឲ្យមនុស្សជាច្រើនជឿជាក់ថា គាត់ពិតជាបានជាវកប៉ាល់នេះ ដោយវាមិនសូវប៉ះពាល់ដល់ធម្មជាតិ តាមរយៈការប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែនជំនួសវិញ។ ដោយឡែកឥឡូវនេះ ត្រូវបានក្រុមហ៊ុនផលិតផ្ទាល់តែម្ដង ធ្វើការបដិសេធលើពាក្យចចាមអារ៉ាមនេះ ហើលនិយាយប្រាប់មកថា “កប៉ាល់អ៊ីដ្រូសែនលក្ខណៈគម្រូឈ្មោះថា Aqua របស់ពួកយើង មិនមានទំនាក់ទំនងទៅនឹងលោក Mr. Gate ឬក៏អ្នកតំណាងរបស់គាត់ឡើយ” ដោយមានន័យថា ក្រុមហ៊ុន Sinot មិនមានទំនាក់ទំនងអាជីវកម្មជាមួយលោក Gates សោះឡើយ។

ចំណែកឯកប៉ាល់ដ៏ប្រណិតមួយនេះ ត្រូវបានបង្កើតឡើងដោយស្ថាបត្យកម្ម Sinot Yacht Architecture និងរចនាដោយស្ថាបត្យករកងទ័ពជើងទឹក Lateral Naval Architects ថែមទៀតផង ហើយវាមានប្រវែងប្រមាណ 112 ម៉ែត្រ ជាមួយនឹងថាមពលយកពីឧស្ម័នអ៊ីដ្រូសែន ជំនួសឲ្យម៉ាស៊ីនម៉ាស៊ូតវិញផងដែរ។ ក្រុមហ៊ុនផលិតវានេះ បានលើកឡើងថា វាអាចជិះបានក្នុងល្បឿនចាប់ពី 18 ទៅ 22 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក៏អាចឡើងដល់ 31 គីឡូម៉ែត្រក្នុងស្ថានភាពមួយចំនួន ដោយជិះបានរយៈចម្ងាយ 9,645 គីឡូម៉ែត្រ។

សរុបមកវិញ តាមរយៈសេចក្ដីប្រកាសចេញពី ក្រុមហ៊ុនផលិតកប៉ាល់ Sinot Aqua នេះផ្ទាល់តែម្ដង បានបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ថា លោក Bill Gates មិនបានចំណាយថវិកាចំនួនខ្ទង់ 645 លានដុល្លារ ដើម្បីជាវកប៉ាល់ប្រណិត ដើរដោយថាមពលឧស្ម័នអ៊ីដ្រូសែននោះទេ ហើយក្រៅពីនេះទៅទៀត ក៏មិនបានបង្ហើបប្រាប់ថា នរណាម្នាក់ជាអ្នកជាវវានោះដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង