រដ្ឋាភិបាលចិនបានបង្ហោះ Drone ដើម្បីតាមត្រួតពិនិត្យរកអ្នកអត់ពាក់ម៉ាសនៅទីសាធារណៈ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ខណៈពេលដែលវីរុសកូរ៉ូណា បានចាប់ផ្ដើមរីករាលដាលពេញប្រទេសចិន និងមានចំនួនឆ្លងកើនឡើងកាន់តែច្រើនទៅៗ ដូច្នេះហើយរដ្ឋាភិបាលចិន និងតាមបណ្ដាលប្រទេសជាច្រើន ជុំវិញពិភពលោកតែម្ដង បានណែនាំឲ្យប្រជាជនរបស់ពួកគេ ការពារសុខភាពខ្លួនឯង ដោយព្យាយាមនៅក្នុងផ្ទះ ឬ ពាក់ម៉ាសជាប្រចាំរៀងរាល់ពេលចេញទៅក្រៅផងដែរ។ យ៉ាងណាក្ដី ហាក់បីដូចជាមិនប្រាកដថា មនុស្សទាំងអស់ធ្វើតាមនោះទេ ហេតុនេះហើយទើបបានជា រដ្ឋាភិបាលចិនក៏សម្រេចចិត្តបង្ហោះ Drone ទៅស្វែងរកនរណាម្នាក់ ដែលបានចេញក្រៅហើយមិនពាក់ម៉ាស និងបញ្ជាឲ្យពាក់ម៉ាសវិញជាដាច់ខាត។

បើយោងទៅតាមសារព័ត៌មាន Global Times (គ្រប់គ្រងដោយរដ្ឋចិន) បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ឧបករណ៍ Drone ទាំងអស់នោះ សុទ្ធតែមានបំពាក់បាសបំពងសម្លេង ហើយនិងកាមេរ៉ា ដើម្បីហោះហើរនៅតាមតំបន់ជនបទ និងទាំងនៅក្នុងទីក្រុង ដើម្បីប្រើប្រាស់សម្លេងបញ្ជា ឲ្យធ្វើការពាក់ម៉ាសជាបន្ទាន់ ឬ ឲ្យត្រឡប់ទៅចូលផ្ទះវិញ ប្រសិនបើគ្មានម៉ាសសោះឡើយ។ ជាការពិតណាស់ នៅពេលដែលឧបករណ៍ Drone ហោះមករកយើងភ្លាមៗ ហើយនិយាយមកកាន់យើងថែមទៀត ប្រាកដជាមានអារម្មណ៍ថាចម្លែក និងគួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយវាជាអ្វីដែលធ្លាប់តែឃើញ នៅក្នុងខ្សែភាពយន្ដប៉ុណ្ណោះ។ គួរតែបញ្ជាក់ប្រាប់ផងថា ការចុះល្បាតនេះ កើតឡើងបន្ទាប់ពី អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជាសាធារណៈ ដោយសារតែមេរោគឆ្លងនេះ ដែលបានធ្វើឲ្យបាត់បង់ជីវិតអស់ប្រមាណ 200 នាក់ និងឆ្លងជាង 9,700 នាក់មកហើយ រហូតមកដល់ពេលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកជំនាញបានលើកឡើងថា ការពាក់ម៉ាសមិនអាចការពារបានទាំងស្រុងនោះទេ ដោយឡែកណែនាំឲ្យធ្វើការលាងដៃជាប្រចាំ ទើបអាចការពារបានប្រសើរជាជាង។ ក៏ដូចគ្នាសម្រាប់ស្រុកយើង ដូច្នេះប្រិយមិត្តទាំងអស់គ្នាត្រូវការពារខ្លួនឯង ដោយធ្វើការពាក់ម៉ាស រៀងរាល់ពេលចេញទៅខាងក្រៅ ដោយជាពិសេសនៅកន្លែងមានមនុស្សច្រើន ហើយព្យាយាមរក្សាអនាម័យជានិច្ច ដើម្បីជាការការពារទុកមុន និងជៀសវាងកុំឲ្យងាយឆ្លងបាន។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង