Nokia 9.2 PureView នឹងបង្ហាញខ្លួនជាមួយឈីបកំពូល Snapdragon 865 នៅពាក់កណ្តាលឆ្នាំ 2020?​
ដោយ​ ៖ គាលី | 2 ខែមុន SHARE

 

បន្ទាប់ពីក្រុមហ៊ុន HMD Global បានបញ្ចេញខ្សែស្រឡាយ Nokia 9.1 PureView ជាមួយកាមេរ៉ាក្រោយចំនួន 5 លើកដំបូង និងភ្ជាប់មកជាមួយឈីប Snapdragon 845 កាលពីដើមឆ្នាំ 2019 រួចមក យើងក៏ទទួលបាន របាយការណ៍លេចធ្លាយថា ក្រុមហ៊ុនអាចនឹងអភិវឌ្ឍស៊េរីថ្មីមួយទៀត ស្ថិតក្នុងម៉ូឌែលដដែល គ្រាន់តែបន្ថែមជម្រើសឈីប ក៏ដូចជាលក្ខណៈសម្បត្តិ ឲ្យខ្លាំងជាងជំនាន់មុនជាដើម។ យ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមមួយ ដែលមិនអាចកើតឡើងតែប៉ុណ្ណោះ។ 

រហូតមកដល់ពេលឥឡូវៗ ក៏ចាប់ផ្តើមលេចចេញនូវប្រភពថ្មីផ្សេងទៀត ផ្សាយចេញពី Nokia Power User Power បង្ហាញឲ្យដឹងថា គម្រោងដែលនឹងបញ្ចេញ Nokia 9.1 PureView ជាមួយជម្រើសបន្ទះឈីប Snapdragon 855 ត្រូវបានក្រុមហ៊ុនទុកចោលម្លែក ដោយបែរងាកមកផ្តោតលើស្មាតហ្វូនលំដាប់កំពូលស៊េរីក្រោយ Nokia 9.2 PureView ដែលនឹងភ្ជាប់មកជាមួយឈីបកំពូល ជំនាន់ចុងក្រោយ Snapdragon 865 វិញ និងទំនងជាអាចបង្ហាញខ្លួន ជាផ្លូវការ ក្នុងអំឡុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពោលគឺនៅពាក់កណ្តាលឆ្នាំ 2020 នេះតែម្តង។ បើទោះបីជាពេលនេះ Nokia 9.2 PureView មិនទាន់លេចធ្លាយរចនាបថឌីហ្សាញចេញរូប Renders ឲ្យយើងឃើញនៅឡើយ តែគេរំពឹងទុកថា វាអាចនឹងកាត់បន្ថយគែមអេក្រង់ឲ្យតិចជាងមុន និងបំពាក់កាមេរ៉ាមុខចំនួន 2 គ្រាប់ ដោយមួយគ្រាប់មានទំហំ 32MP និងមួយទៀត 48MP។ មួយវិញទៀត វាក៏អាចនឹងលុបបំបាត់ចោលរន្ធដោតកាស 3.5mm តែអាចនឹងគាំទ្រនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ។ យ៉ាងណា ប្រភពដដែលបានបង្ហើបប្រាប់ថា Nokia 9.2 ជំនាន់ក្រោយនេះ នឹងមិនមានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ា "Light Camera Technology" ដូចជា Nokia 9 PureView នោះទេ បន្ទាប់ពីប្រទះឃើញថា វាមិនទទួលបានភាពជោគជ័យដូចការរំពឹងទុក។ ហេតុដូច្នេះហើយ Nokia ទំនងជាអាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនចាស់ដូចជា Toshiba ដើម្បីផ្ដល់ជូនបទពិសោធន៍ថតរូបបែបផ្សេងទៅឲ្យ Nokia 9.2 វិញផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុនផលិតទូរសព្ទឆ្លាត របស់ហ្វាំងឡង់មួយនេះ ក៏ត្រូវបានគេអះអាងថា កំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ ដូច Samsung និង Huawei ផងដែរ។ ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតណាមួយ ត្រូវបានបង្ហើបឱ្យដឹងពីលក្ខណៈសម្បតិ្តរបស់វានៅឡើយទេ តែវាអាចនឹងបង្ហាញខ្លួន នៅចុងឆ្នាំ 2020 ឬទៅដើមឆ្នាំ 2021 ខាងមុខនេះក៏ថាបានដែរ។ អញ្ចឹងសរុបមកវិញ បើមើលតាមការជាក់ស្តែង Nokia ហាក់ដូចជាកំពុងខិតខំពង្រីកសាងកេរ្តិ៍ឈ្មោះឡើងវិញ និងមិនចង់ធ្វើឲ្យអ្នកដែលតែងតែគាំទ្រផលិតផលខ្លួន ខកបំណងទៀត។ ដូច្នេះ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាក្រុមហ៊ុនមួយនេះ នឹងពាំនាំយកបច្ចេកវិទ្យាថ្មីៗអ្វីមកខ្លះ ដើម្បីបង្ហាញភាពភ្ញាក់ផ្អើលដល់មហាជន ក្នុងព្រឹតិ្តការណ៍ MWC 2020 គ្រោងនឹងធ្វើឡើងនាខែក្រោយនេះ? 

 

ដោយ​ ៖ SlashGear
អត្ថបទទាក់ទង