ទូរសព្ទ​ឆ្លាតវៃ​ត្រកូល​ OPPO ​Reno​ ម៉ូឌែល​ថ្មី​ ទំនង​ជា​មាន​ប្រើប្រាស់​កាមេរ៉ា​មុខ ​នៅ​លើ​គែម​ខាងលើ​អេក្រង់​តែម្ដង​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចប្រិយមិត្តបានដឹងហើយថា OPPO បានបញ្ចេញស្មាតហ្វូនត្រកូល Reno នៅក្នុងឆ្នាំមុន ហើយវាហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនគ្រាន់បើដែរ នៅលើទីផ្សារ ព្រោះបើគិតមកទល់ពេលនេះ ស្មាតហ្វូនខាងលើ បានចេញមកចំនួន 3 ស៊េរីហើយ ដែលមានដូចជា OPPO Reno Series, Reno 2 Series និង OPPO Reno 3 Series ដែលត្រូវបានប្រកាសចេញ នាចុងឆ្នាំ 2019 កន្លងទៅ។ ដោយឡែក នៅក្នុងពេលនេះវិញ ប៉ាតង់ថ្មីមួយដែលគេបានប្រទះឃើញ បានបង្ហាញថា ស្មាតហ្វូនត្រកូល Reno ជំនាន់ក្រោយ ទំនងជាភ្ជាប់មកជាមួយកាមេរ៉ាមុខ នៅលើគែមផ្នែកខាងលើទៀតផង។

មិនខុសទេ បើតាមរូបភាពក្នុងប៉ាតង់ដែលគេបានប្រទះឃើញនោះ បានឲ្យដឹងថា ស្មាតហ្វូនខាងលើ វាបានប្រើប្រាស់កាមេរ៉ាមុខមួយគ្រាប់ ជាលេនដែលមានទំហំតូច ដាក់នៅលើគែមខាងលើ ឈានចូលដល់ស៊ុមជុំវិញទៀតផង (ដូចមាននៅក្នុងរូប) ហើយម៉ូតកាមេរ៉ាបែបនេះដែរ បានធ្វើឲ្យស្មាតហ្វូននោះ ទទួលបានអេក្រង់លាត បានកាន់តែធំ ដោយមិនចាំបាច់ប្រើម៉ូតឆក ឬលេនទំលុះអេក្រង់នោះឡើយ។ យ៉ាងណាក៏ដោយ សម្រាប់កាមេរ៉ាផ្នែកខាងក្រោយវិញ នៅក្នុងប៉ាតង់នោះ មិនបានបង្ហាញនោះទេ ប៉ុន្តែបានបង្ហាញពីចំណុចមួយ ដែលត្រូវបានគេហៅថា O-Dot ដែលវាមានលក្ខណៈជាដុំមូលតូច ស្រដៀងនឹងលេនកាមេរ៉ាដែរ ហើយយើងតែតែឃើញវា នៅលើស្មាតហ្វូនត្រកូល Reno របស់ក្រុមហ៊ុនខាងលើ ដែល OPPO អះអាងថា O-Dot វាអាចជួយការពារកញ្ចប់កាមេរ៉ាក្រោយ ដោយសារតែកាមេរ៉ាខាងក្រោយ វាមានលក្ខណៈលានចេញពីតួខ្លួនអញ្ចឹងដែរ។

យ៉ាងណាក៏ដោយ ដោយសារតែវាមានបំពាក់មកជាមួយ O-Dot បែបនេះហើយ ទើបធ្វើឲ្យគេសន្និដ្ឋានថា វាអាចនឹងក្លាយជា សមាជិកថ្មីក្នុងត្រកូល Reno ថែមទៀតផង ប៉ុន្តែវាមានលក្ខណៈប្លែកគេត្រង់ថា មានបំពាក់មកជាមួយ កាមេរ៉ាមុខមួយគ្រាប់ នៅលើគែមផ្នែកខាងលើតែម្ដង ខណៈដែល OPPO Reno ជំនាន់មុនៗ គឺមានប្រើប្រាស់កាមេរ៉ាមុខ បែបផុសចេញពីតួខ្លួន, ម៉ូតឆក ព្រមទាំងមានលេនទំលុះអេក្រង់ផងដែរ។ គួរបញ្ជាក់ដែរថា អ្វីដែលយើងបានរៀបរាប់ខាងលើនេះ វាគ្រាន់តែជាប៉ាតង់មួយ របស់ OPPO ប៉ុណ្ណោះ ដូច្នេះហើយ គឺមិនទាន់ច្បាស់ទេថា វានឹងមានវត្តមានមែន ឬក៏អត់នោះ ហេតុនេះ មានតែរង់ចាំមើលបន្តទៀតទាំងអស់គ្នា។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង