iPhone SE 2 អាចនឹងបង្ហាញខ្លួនក្នុងខែមីនាខាងមុខនេះ ជាមួយតម្លៃចាប់ពី ១ លាន ៦០ ម៉ឺនរៀល (399 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

បើតាមការលេចឮមួយរយៈពេលចុងក្រោយនេះ បាននិយាយថា នៅក្នុងត្រីមាសទី 1 នៃ ឆ្នាំ 2020 នេះ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPhone ថ្មីមួយម៉ូឌែលផ្សេងទៀត ហើយវា គឺជាអ្នកដែលត្រូវចូលខ្លួនមកបន្តតំណែងរបស់ iPhone SE ដែលបានប្រកាសចេញជាផ្លូវការ កាលពី ខែមីនា ឆ្នាំ 2016 កន្លងទៅនេះ។ ស្មាតហ្វូនមួយនោះអាចនឹងមានឈ្មោះជាផ្លូវការថា iPhone 9 ឬក៏មនុស្សភាគច្រើនហៅ iPhone SE 2 នេះតែម្ដង។

ដោយឡែក មានរបាយការណ៍ថ្មីមួយមកពី Bloomberg បានប្រាប់អោយដឹងថា Apple កំពុងមានគម្រោងក្នុងការបញ្ចេញ iPhone អេក្រង់ទំហំ 4.7 អ៊ីញ ជំនាន់ថ្មី នៅក្នុងខែមីនា ឆ្នាំ 2020 ខាងមុខ ដែលអាចជាអ្នកស្នងតំណែង iPhone SE កាលពីឆ្នាំ 2016 ទៀតផង។ ជាក់ស្ដែង iPhone SE គឺជាជម្រើសអេក្រង់់ 4 អ៊ីញ នៅក្នុងយុគសម័យមួយដែល Apple បានប្តូរអេក្រង់ iPhone ទាំងអស់របស់ខ្លួន ទៅទំហំ 4.7 អ៊ីញ និង 5.5 អ៊ីញ។ មួយវិញទៀត iPhone SE ក៏បានឆ្លុះបញ្ចាំងពីភាពស្រដៀងគ្នា នៃការពេញនិយមពីអតិថិជនមួយចំនួន បានពេញចិត្តជាមួយទំហំតូចរបស់វា ហើយអ្នកផ្សេងទៀតចូលចិត្ត iPhone មួយនេះ ដោយសារវាមានតម្លៃទាបត្រឹម 399 ដុល្លារ ផងដែរ។ ប្រភពដដែលបានបន្ថែមទៀតថា iPhone SE 2 ឬ iPhone 9 អេក្រង់ 4.7 អ៊ីញ ជំនាន់ថ្មីនេះ អាចមានលក្ខណៈស្រដៀងទៅនឹង iPhone 8 អញ្ចឹងដែរ។ iPhone SE 2 ស៊េរីថ្មីនេះ អាចប្រើអេក្រង់ប្រភេទ LCD ដើម្បីរក្សាតម្លៃអោយនៅទាប ប៉ុន្តែហាក់បីដូចជា វាអាចនឹងត្រូវបានបំពាក់ដោយឈីបកំពូលជំនាន់ចុងក្រោយ A13 ទៀតផង។

ជាចុងក្រោយ របាយការណ៍ខាងលើបានបង្ហាញទៀតថា អ្នកស្នងតំណែង iPhone SE ពិតប្រាកដមួយនេះ នឹងមានការបំពាក់អេក្រង់ធំជាងមុនទំហំ 4.7 អ៊ីញ និងនៅតែប្រើប្រាស់ Home button ជាមួយ Touch ID ដូច iPhone 8 ដែរ។ មួយវិញទៀត វាត្រូវបានគេរំពឹងថា នឹងអាចមានតម្លៃសមរម្យដដែល គឺប្រមាណជា 399.99 ដុល្លារ ដូចគ្នាទៅនឹង iPhone SE ជំនាន់ដំបូងដែរ។ ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកអានវិញ តើនឹងទិញវាយកមកប្រើដែរឬទេ ប្រសិនវាត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃ 399.99 នៅក្នុង ខែមីនា ខាងមុខនេះ ពិតមែន?

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង