ប្រទះឃើញផ្ទៃម៉ឺនុយប្រើប្រាស់របស់ PlayStation 5 មានលក្ខណៈស្រដៀងគ្នានឹងជំនាន់មុនដែរ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីប៉ុន្មានខែមុននេះ យើងបានឃើញរួចមកហើយនូវ តួខ្លួនគម្រូរបស់ម៉ាស៊ីនហ្គេម PlayStation 5 ដែលមានលក្ខណៈខុសប្លែកពី PlayStation 4 លើច្រើនចំណុចមែនទែន ព្រមទាំងមួយខែមុននេះ ដៃបញ្ជាថ្មីក៏បានលេចខ្លួនមកផងដែរ។ សម្រាប់របាយការណ៍លើកនេះវិញ គឺត្រូវបានចែករំលែកដោយគណនីមួយនៅលើវេបសាយ 4Chan (/v/ - Video Games) ដែលបានអះអាងមកថា វាជារូបភាពដាក់បង្ហាញពីផ្ទៃម៉ឺនុយថ្មី ទុកដាក់ប្រើប្រាស់នៅលើម៉ាស៊ីនហ្គេម PS5 ពេលចេញជាផ្លូវការតែម្ដង។

ហាក់បីដូចបានឃើញនៅក្នុងរូបភាពអញ្ចឹង ដោយផ្ទៃប្រើប្រាស់ថ្មីរបស់វានេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ឺនុយនៅលើ PlayStation 4 រៀងច្រើនដែរ គ្រាន់តែខុសគ្នាត្រង់ទីកន្លែងរបស់មុខងារនានា និងរូបភាពផ្ទៃខាងក្រោយប៉ុណ្ណោះ។ ជាការពិតណាស់ យើងមិនអាចវាយតម្លៃលើវា ឲ្យបានច្បាស់នៅឡើយទេ ព្រោះយើងទទួលបានតែរូបភាពមួយសន្លឹកប៉ុណ្ណោះ ហើយវាក៏អាចកំពុងតែស្ថិតក្នុងកំណែ Beta ថែមទៀត ដូច្នេះក្រុមការងារ Sony អាចនឹងកែសម្រួលរចនាបទរបស់វា ឲ្យខុសប្លែកពីនេះក៏ថាបាន។ ផ្ទៃម៉ឺនុយថ្មីមួយនេះ កំពុងដំណើរការនៅលើ កំណែអាប់ដេតជំនាន់ទី 0.100.020 ដែលកំណត់យ៉ាងច្បាស់ថា កំពុងតែស្ថិតក្នុងការអភិវឌ្ឍន៍ (Development) ជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 1TB ឯណោះ នេះបើយោងទៅតាមប្រអប់បញ្ជាក់ នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃរូបភាពនេះ។

នាពេលបច្ចុប្បន្ននេះ អ្វីដែលយើងបានដឹងចេញពី របាយការណ៍លេចធ្លាយពីមុនៗមក នោះគឺថាមាស៊ីនហ្គេម PlayStation 5 នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាបញ្ចេញសម្លេងបែប 3D, ភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ SSD មានល្បឿនខ្ពស់ និងបំពាក់គ្រឿង Hardware ដែលអាចគាំទ្រមុខងារ Ray Tracing ជាដើម។ ចុះប្រិយមិត្តដែលតែងតែចូលចិត្តលេងនៅលើ PS4 វិញនោះ តើពេញចិត្តនឹងផ្ទៃម៉ឺនុយមួយនេះដែរឬទេ?

ដោយ​ ៖ Notebook Check
អត្ថបទទាក់ទង