Qualcomm​ បាន​ដាក់បង្ហាញ​ពីឈីប​ 4G ​ជំនាន់​ថ្មី​ចំនួន​ 3 ​តែ​ម្ដង​សម្រាប់​ឆ្នាំ​នេះ ​ក្នុង​នោះ​មាន ​Snapdragon​ 720G ​មួយដែរ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដួចដែលយើងបានដឹងហើយថា កាលពីពេលថ្មីៗនេះ Qualcomm បានប្រកាសចេញឈីបកំពូលជំនាន់ថ្មីរបស់ខ្លួន ដែលបានបន្តតំណែងពី Snapdragon 855 និយាយឲ្យចំទៅ Snapdragon 865 នេះឯង ហើយនៅក្នុងនោះដែរ ក្រុមហ៊ុនខាងលើនេះ ក៏បានបង្ហាញពីឈីបលំដាប់បង្គួរសម្រាប់ស្មាតហ្វូន ដែលចង់ប្រើប្រាស់ជាមួយសេវា 5G ដែលមានដូចជា Snapdragon 765 និង 765G ផងដែរ។ ដោយឡែក នៅក្នុងពេលនេះវិញ Qualcomm ក៏បានបញ្ចេញឈីបចំនួន 3 ប្រភេទទៀត សម្រាប់ស្មាតហ្វូនលំដាប់ថវិកា ក្នុងឆ្នាំនេះ ប៉ុន្តែវាសុទ្ធតែជាប្រភេទ 4G ប៉ុណ្ណោះ។

ប្រាកដណាស់ បើតាមការបង្ហាញរបស់ Qualcomm នាពេលថ្មីៗនេះ បានឲ្យដឹងថា ឈីបទាំង 3 នោះ ស្ថិតក្នុងខ្សែស្រឡាយខុសគ្នា ដែលមានឈ្មោះថា Snapdragon 720G, 662 និងសមត្ថភាពខ្សោយជាងគេនោះគឺ Snapdragon 460 ផងដែរ។ ដូចបានបញ្ជាក់អញ្ចឹងថា ឈីបទាំង 3 នេះ វាអាចគាំទ្របានតែជាមួយសេវាអ៊ីនធើណេត 4G ប៉ុណ្ណោះ ដែលក្នុងនោះ ក៏អាចប្រើប្រាស់បានជាមួយ Wi-Fi 6, Bluetooth 5.1 និងលក្ខណៈមួយចំនួនទៀត ដូចមានរៀបរាប់នៅខាងក្រោមនេះ៖

មិនខុសទេ សម្រាប់ Snapdragon 720G វាត្រូវបានរចនាឡើង ដោយមានទំហំ 8nm ដែលមាន CPU ពីរគ្រាប់ជាប្រភេទ Cortex A76 មានល្បឿន 2.3GHz និងមានចំនួន 6 គ្រាប់ទៀតជាប្រភេទ Cortex A55 មានល្បឿន 1.8GHz រីឯផ្នែក GPU វិញ វាក៏បានប្រើប្រាស់ប្រភេទ Adreno 618 ដូចទៅនឹង Snapdragon 730G ដែរ។ លើសពីនេះ វាក៏អាចទ្រទ្រង់ជាមួយការថតវីដេអូកម្រិត 4K ល្បឿន 30fps អាចប្រើប្រាស់កាមេរ៉ាបានដល់ 192MP ហើយបើផ្នែកកម្រិតបង្ហាញវិញ វាអាចគាំទ្របានត្រឹម FHD+ ជាមួយកម្រិត Refresh Rate ដល់ 90Hz និង 120Hz។

ចូលមកដល់ Snapdragon 662 វិញ យើងឃើញថា វាបានប្រើប្រាស់ជាមួយ CPU ប្រភេទ Cortex A73 ចំនួន 4 គ្រាប់មានល្បឿន 2.0GHz ហើយ 4 គ្រាប់ទៀតជាប្រភេទ Cortex A53 ដែលមានល្បឿន 1.8GHz ចំពោះផ្នែក GPU វិញ វាបានប្រើប្រាស់ជាប្រភេទ Adreno 610។ ពិតណាស់វាជាប្រភេទ CPU ទំហំ 11nm ដែលអាចគាំទ្រជាមួយសេនស័រការត្រឹម 48MP ក៏ដូចជាអាប្រើប្រាស់បានត្រឹមកម្រិតបង្ហាញ FHD+ រួមទាំងកម្រិត Refresh Rate 60Hz ធម្មតាប៉ុណ្ណោះ។ បើយើងក្រឡេកមកមើលបន្ទះឈីបចុងក្រោយនេះវិញ គឹកាន់តែខ្សោយជាងខាងលើទៅទៀត ពោលគឺ Snapdragon 420 ត្រូវបាន Qualcomm ដាក់ឲ្យប្រើប្រាស់ CPU ប្រភេទ Cortex A73 ជាមួយទំហំ 11nm ក៏ដូចជា GPU ប្រភេទ Adreno 610 ដូច Snapdragon 662 ដែរ ប៉ុន្តែវាមិនមានលក្ខណៈពិសេសអ្វីច្រើននោះទេ ក្រៅពីអាចធ្វើការគាំទ្រជាមួយ កាមេរ៉ាខ្ពស់បំផុតត្រឹម 25MP ប៉ុន្តែអាចប្រើបានជាមួយលេន 3 គ្រាប់ និងមានកម្រិតបង្ហាញ FHD+ អញ្ចឹងដែរ។

យ៉ាងណាក៏ដោយ ស្មាតហ្វូនដំបូងដែលនឹងប្រើប្រាស់ឈីប Snapdragon 720G ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួន ក្នុងត្រីមាសទីមួយនេះតែម្ដង ប៉ុន្តែសម្រាប់ Snapdragon 662 និង 460 វិញ នៅមិនទាន់ដឹងច្បាស់ថា នឹងមានបង្ហាញវត្តមានលើស្មាតហ្វូន នាពេលណានោះទេ។ ដូច្នេះហើយ បើតាមការបង្ហាញខាងលើនេះ អាចនិយាយបានថា ស្មាតហ្វូនដែលនឹងប្រើប្រាស់ឈីបទាំងអស់នេះ គឺសុទ្ធជាម៉ូឌែល 4G ព្រមទាំងលំដាប់ថវិកាទាំងអស់ទៀតផង។

ដោយ​ ៖ Android Central
អត្ថបទទាក់ទង