Google មានគម្រោងនាំយក Steam មកដាក់លើ Chrome OS នៅពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើយើងធ្វើការសង្កេតមើលទៅ ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់ Google ដែលមានឈ្មោះហៅថា Chrome OS ត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍បន្ដិចម្ដងៗទៅហើយ ដោយតាំងពីមានផ្ទៃប្រើប្រាស់សាមញ្ញ រហូតដល់អាចប្រើប្រាស់ Play Store បាន និងមានបំពាក់នៅលើកុំព្យូទ័រតម្លៃថ្លៃ ថែមទៀតផង។ លើសពីនេះទៅទៀត ឥឡូវនេះមើលទៅ Google ហាក់បីដូចជា មានគម្រោងចង់ពង្រីកសមត្ថភាពរបស់វាបន្ថែម ដោយនាំយកកម្មវិធី Steam ដាក់ទៅលើប្រព័ន្ធប្រតិបត្តិការមួយនេះ ដើម្បីអនុញ្ញាតឲ្យលេងហ្គេមបាន កាន់តែធំទូលាយជាងមុន។

កម្មវិធី Steam គឺជាប្រភពទាញយកហ្គេមដ៏ល្បីល្បាញមួយ ដែលមានទាំងនៅលើកុំព្យូទ័រ Windows, macOS និងសូម្បីតែ Linux ដោយវាមានជម្រើសហ្គេមជាច្រើន រង់ចាំឲ្យអ្នកប្រើប្រាស់ទាញយកទៅលេង ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ របាយការណ៍ថ្មីមួយនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Android Police ដោយនិយាយប្រាប់ថា ក្រុមការងាររបស់ពួកគេ បានធ្វើបទសម្ភាសន៍ជាមួយអ្នកតំណាងក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះ។ ខណៈពេលនោះអ្នកតំណាងមកពី Google បានបង្ហើបប្រាប់ឲ្យដឹងមុនថា ក្រុមការងាររបស់ខ្លួន កំពុងសិក្សាលើការនាំយក Steam ជាផ្លូវការទៅដាក់លើ Chrome OS សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នាពេលខាងមុខ។ នៅពេលគម្រោងមួយនេះសម្រេចបានជោគជ័យហើយ នោះវានឹងអាចទាក់ទាញ Gamer ទាំងឡាយ ឲ្យមកសាកល្បងប្រើប្រាស់កុំព្យូទ័រ Chrome OS បានជាក់ជាមិនខានឡើយ។ ណាមួយវិញទៀត ទោះបីជាប្រព័ន្ធស្រ្គីមហ្គេម Stadia របស់ Google អាចជួយឲ្យកុំព្យូទ័រម៉ាស៊ីនកម្រិតមធ្យម រត់ហ្គេមធំៗបានពិតមែនក្ដី ប៉ុន្ដែវាមិនមានប្រជាប្រិយភាពដូចជា Steam នោះទេ។

តាំងតែពីដំបូងមក កុំព្យូទ័រដំណើរការដោយ Chrome OS ភាគច្រើនសុទ្ធតែមានម៉ាស៊ីនទាប ជាមួយនឹងតម្លៃសមរម្យ ហើយមានថាមពលថ្មកាន់បានយូរ ប៉ុន្ដែនៅពេលវាចូលមកកាន់ប្រភពហ្គេម ក្នុងពេលខាងមុខនេះ គឺយើងនឹងអាចឃើញមានភាពផ្លាស់ប្ដូរ ដើម្បីតម្រូវតាមហ្គេមទាំងអស់នោះផងដែរ។ ទាំងអស់នេះជាអ្វីដែលយើងទទួលបាន សម្រាប់ពេលបច្ចុប្បន្ន ដោយក្រុមការងារយើងនឹងចុះផ្សាយជូនបន្ថែម នៅពេលទទួលបានព័ត៌មានថ្មីៗទៀតអំពីវា ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង