ទាំង​នេះ​ជា​ស្មាតហ្វូន​មិន​អាច​អាប់ដេត​ឡើង​ទៅ​កាន់​ស្បែក EMUI 10 បាន​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស្បែក EMUI ជំនាន់ទី 10 របស់ខ្លួនជាផ្លូវការ ជាមួយការអាប់ដេតមុខមាត់ថ្មី ក៏ដូចជាបន្ថែមនូវមុខងារថ្មីៗមួយចំនួនផងដែរ។ បើគិតទល់មកដល់ពេលនេះ ស្មាតហ្វូន Huawei ចំនួនជាង 30 ម៉ូឌែលផ្សេងៗគ្នា ទទួលកំណែអាប់ដេតឡើងទៅកាន់ស្បែក EMUI 10 ជំនាន់ចុងក្រោយ ដោយផ្អែកលើ Android 10 នេះហើយ ខណៈ នៅមានម៉ូឌែលមួយចំនួនទៀត ក៏កំពុងត្រៀមខ្លួននឹងទទួលបានកំណែអាប់ដេតមួយនេះ ផងដែរ។

 

 

ផ្ទុយមកវិញនោះ ស្រាប់តែឥឡូវ Huawei បានប្រកាសចេញផ្ទាល់តែម្តង អំពីស្មាតហ្វូន ដែលមិនអាចទទួលបានកំណែអាប់ដេតទៅស្បែកជំនាន់ថ្មីនេះ ដូចគេដូចឯង ហើយក្នុងនោះភាគច្រើនសុទ្ធសឹងតែជា ស្មាតហ្វូនកម្រិតថវិកាស៊េរីឆ្នាំ 2019 ដោយមានដូចជា Huawei Y9 2019, Huawei Nova 3, Huawei Nova 3i និង P20 Lite។ មិនត្រឹមតែមានវត្តមានស្មាតហ្វូនរបស់ Huawei នោះទេ សូម្បីតែស្មាតហ្វូនម៉ូឌែលមួយចំនួន ស្ថិតក្រោមស្លាកយីហោ Honor ដែលជាខ្សែស្រឡាយកម្រិតល្អបង្គួរ របស់ Huawei ដូចជាស៊េរី Honor Play, Honor 9/9 Lite និង Honor 8X Max ជាដើម ក៏មិនអាចធ្វើការអាប់ដេតឡើងបានដូចគ្នា។ 

 

 

ចំណែកឯមូលហេតុវិញនោះ Huawei និង Honor ក៏បានលើកឡើងមកដែរថា សម្រាប់ម៉ូឌែលមួយចំនួន ដែលមិនអាចទទួលបាន EMUI 10 ផ្អែកលើ Android 10 នេះ ព្រោះតែគ្រឿង Hardware ខាងក្នុងរបស់ពួកវានៅមានកម្រិត ដោយការអាប់ដេតស្បែកជំនាន់ក្រោយនេះ តម្រូវឲ្យមាន Hardware កម្រិតខ្ពស់ជាងនេះ ដើម្បីឲ្យដំណើរការបានរលូនល្អ។ ដូច្នេះ ពិតជាគួរសោកស្តាយណាស់ ចំពោះអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនប៉ុន្មានម៉ូឌែលខាងលើ ដែលមិនអាចសាកល្បងនឹងបទពិសោធន៍ថ្មីៗ ពីកំណែអាប់ដេតចុងក្រោយ ដូចម៉ូឌែលផ្សេងៗទៀតដែរ។

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង