បន្ទះឈីប A14 នឹងធ្វើឲ្យ iPhone 12 មានកម្លាំងខ្លាំងស្មើ MacBook Pro 15 អ៊ីញ?​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

យើងបានដឹងអំពីលក្ខណៈសម្បត្តិពិសេសរបស់ iPhone ដែលត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2020 ខាងមុខនេះ ខ្លះៗរួចមកហើយ ដោយពួកវាអាចនឹងត្រូវបានគេហៅថា iPhone 12។ ចំពោះផ្នែកខាងក្រៅ iPhone 12 ត្រូវបានគេរំពឹងថា នឹងទទួលបានរចនាបថរូបរាងថ្មី ដោយវាបានខ្ចីរចនាបថមួយចំនួនពី iPhone 4 និង iPad Pro ជំនាន់ទី 3។ ចំពោះ ផ្នែកខាងក្នុងវិញ វានឹងភ្ជាប់មកជាមួយជម្រើស RAM ទំហំ 6GB និងបំពាក់មកជាមួយបន្ទះឈីបកំពូលជំនាន់ថ្មីចុងក្រោយគេ A14។

 

 

បើយោងទៅតាមដំណឹងទទួលបានកាលពីពេលកន្លង បាននិយាយថាបន្ទះឈីប A14 ដែលបំពាក់នៅលើ iPhone 12 Series នឹងក្លាយទៅជាបន្ទះឈីបទំហំ 5nm ដំបូងគេបង្អស់ ដែលបង្ហាញខ្លួននៅលើទីផ្សារស្មាតហ្វូន។ ទាក់ទងទៅនឹងបន្ទះឈីប A14 នេះដែរ កាលពីពេលថ្មីៗនេះលោក Jason Cross ដែលជាភ្នាក់ងាររបស់គេហទំព័រដ៏ល្បី MacWorld បានចេញមកនិយាយថា បើមើលលើចំនួនតួរលេខ ឃើញថាទំហំ 7nm និង 5nm មិនសូវជាមានភាពខុសគ្នាច្រើនប៉ុន្មានោះទេ ប៉ុន្តែបើវិភាគមើលទៅលើការផ្លាស់ប្តូរផ្នែកខាងក្នុងរបស់បន្ទះឈីបវិញ ឃើញវាមានភាពខុសគ្នាច្រើនខ្លាំងណាស់។ លោក Jason Cross បានបន្តទៀតថា បើពិតដូចជាការអះអាងរបស់ក្រុមហ៊ុនផលិតឈីប TSMC មែននោះ យើងអាចដឹងបានថា បន្ទះឈីប A14 ទំហំ 5nm នឹងមានចំនួនត្រង់ស៊ីស្ទ័រ (Transistors) រហូតដល់ទៅ 15 ពាន់លាន ឯណោះ ខណៈដែលបន្ទះឈីប A13 ដែលបំពាក់នៅលើ iPhone 11 Series មាន ចំនួនត្រង់ស៊ីស្ទ័រត្រឹមតែ 8.5 ពាន់លាន តែប៉ុណ្ណោះ។ 

 

 

លើសពីនេះទៅទៀត លោក Jason Cross ក៏បាននិយាយទៀតថា CPU និង GPU ដែលភ្ជាប់មកជាមួយបន្ទះឈីប A14 ទំហំ 5nm មានកម្លាំងខ្លាំងស្មើទៅនឹងកម្លាំង CPU និង GPU របស់កុំព្យូទ័រនៅលើតុ ឬកុំព្យូទ័រ Server កម្រិតខ្លាំងមួយចំនួនទៅហើយ។ ជាចុងក្រោយ លោក Jason Cross ក៏បានធ្វើការប៉ាន់ស្មានថា បន្ទះឈីប A14 ទំហំ 5nm ដែលត្រូវបំពាក់នៅលើ iPhone 12 Series នោះ នឹងមានកម្លាំងប្រហាក់ប្រហែលទៅនឹង CPU (6-Cores) ដែលបំពាក់នៅលើ MacBook Pro 15 អ៊ីញអញ្ចឹងដែរ។ 

 

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង