ប្រទះ​ឃើញ​ថេប្លេត​ជំនាន់​ថ្មី​របស់ Samsung លើ Geekbench បង្ហាញ​ថា​ប្រើ​ឈីប Exynos 9611 និង​មាន​ប៊ិច S Pen​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

គួររំលឹកផងដែរថា កាលពីក្នុងឆ្នាំ 2019 កន្លងផុតទៅថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញ ថេប្លេតជំនាន់ថ្មី មួយចំនួន របស់ខ្លួនរួចមកហើយ ដូចជា Galaxy Tab Active Pro និងខ្សែស្រឡាយ Galaxy Tab S ជំនាន់ចុងក្រោយ។ រហូតមកដល់ពេលឥឡូវនេះ មានរបាយការណ៍មួយពីប្រភព Sam Mobile បានបង្ហាញអោយដឹងថា Samsung អាចនឹងបញ្ចេញថេប្លេត មានកម្លាំងម៉ាស៊ីន មធ្យមមួយម៉ូឌែលទៀត ផងដែរ។

 

 

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែល បានបន្តទៀតថា ថេប្លេតម៉ូឌែលថ្មីនេះ អាចមានរ៉េមទំហំ 4GB ជាមួយជម្រើសអង្គទិន្នន័យផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB ឬ 128GB និងបានប្រើប្រាស់បន្ទះឈីប Exynos 9611 ដែលយើងធ្លាប់ឃើញ Samsung បានបំពាក់លើ Galaxy M30s និង Galaxy A50s រួចមកហើយ កាលពីឆ្នាំទៅ។ ជាងនេះទៅទៀត ថេប្លេតដែលមានលេខ សម្គាល់ SM-P615 មួយនេះ ត្រូវបានគេប្រទះឃើញមាន ពិន្ទុធ្វើតេស្តនៅលើ Geekbanch 4 ផងដែរ ដោយទទួលពិន្ទុ Single-Core មានចំនួន 1662 និងពិន្ទុ Multi-Core មានចំនួន 5410 ទៀតផង។ លើសពីនេះ វាប្រើ CPU ជាប្រភេទ Octa-Core មានចំនួន 8 គ្រាប់ អាចរត់បានល្បឿន 1.74GHz ចំណែកឯ ប្រព័ន្ធដំណើរការ នៅលើថេប្លេតស៊េរីថ្មី មិនទាន់បញ្ចេញឈ្មោះ នេះវិញ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 10 ជំនាន់ចុងក្រោយ និងស្រោបដោយស្បែក Interface One UI 2.0 ដែលបានបង្កើតដោយ ក្រុមហ៊ុន Samsung ផ្ទាល់។

 

 

មួយវិញទៀត សម្រាប់ម៉ូឌែលមានលេខសម្គាល់ SM-P615 ហាក់បីដូចជាម៉ូឌែលអាចប្រើប្រាស់ស៊ីមបាន (4G LTE) រីឯលេខសម្គាល់ SM-P610 អាចជាម៉ូឌែលប្រើប្រាស់ត្រឹមតែប្រព័ន្ធ Wi-Fi ប៉ុណ្ណោះ។ ក្រៅពីនេះ ប្រភពខាងលើបានបញ្ជាក់ប្រាប់ថា ថេប្លេតជំនាន់ថ្មីនេះ អាចនឹងភ្ជាប់មកជាមួយប៊ិច S Pen ថែមទៀតផង។ សរុបមកវិញ ពេលនេះ Samsung នៅមិនទាន់ បានប្រាប់ថ្ងៃ ដាក់បង្ហាញ អំពីថេប្លេតមួយនេះ នៅឡើយទេ ប៉ុន្តែ វាអាចនឹងប្រកាសចេញ មកជាមួយ Galaxy S20 នៅខែកុម្ភៈ ខាងមុខនេះ ក៏អាចថាបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង