Instagram​ ចាប់​ផ្ដើម​ដាក់​ចេញ​មុខងារ ​សម្រាប់​ផ្ញើសារ​លើ​វេបសាយ​ក្នុង​កុំព្យូទ័រ​ជាផ្លូវការ​ហើយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនធំច្បាស់ជាបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ បើសិនជាលោកអ្នកចង់ប្រើប្រាស់ បណ្តាញសង្គម Instagram នៅលើវេបសាយ ក្នុងកុំព្យូទ័ររបស់អ្នកនោះ វារាងពិបាកបន្តិចហើយ ព្រោះថាបណ្តាញសង្គមមួយនេះ មិនបានអនុញ្ញាត ឲ្យអ្នកធ្វើការផ្ញើសារទៅមក បាននោះទេ ពោលគឺមុខងារសម្រាប់ផ្ញើសារ ទៅមកនោះ មិនមាននៅលើវេបសាយឡើយ។ ដោយឡែក នៅក្នុងពេលនេះវិញ យើងទទួលបានដំណឹងថា កម្មវិធីខាងលើនេះ បានដាក់បញ្ចូលមុខងារ សម្រាប់ធ្វើការផ្ញើសារជាផ្លូវការថែមទៀតផង។

 

 

មិនខុសទេ បើតាមការបង្ហាញពីសំណាក់ CEO របស់ Instagram បានឲ្យដឹងថា នៅក្នុងថ្ងៃនេះ ខ្លួនចាប់ផ្ដើមដាក់ចេញសាកល្បង នូវមុខងារសម្រាប់ធ្វើការផ្ញើសារ នៅលើវេបសាយនៃកុំព្យូទ័រហើយ ប៉ុន្តែការដាក់ចេញនេះ គឺំសម្រាប់តែអ្នកប្រើប្រាស់ មួយចំនួនតូចប៉ុណ្ណោះ និយាយឲ្យចំទៅ មានតែចំនួនជាង 1 លាននាក់ហ្នឹងឯង។ យ៉ាងណាក៏ដោយ នេះក៏អាចបញ្ជាក់បានដែរថា មុខងារខាងលើ នឹងមកដល់អ្នកប្រើប្រាស់គ្រប់ៗគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ ហេតុនេះហើយ មិនយូរទៀតនោះទេ ដែលអ្នកត្រូវប្រើប្រាស់កម្មវិធីជំនួយ ក្នុងការផ្ញើសារនៅលើ Instagram នោះ។ គួរបញ្ជាក់ដែរថា មុខងារផ្ញើសារនៅលើកុំព្យូទ័រនេះ វាមិនមានលក្ខណៈប្លែកពីគេប៉ុន្មានទេ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការសរសេរជាអក្សរផ្ញើទៅមកជាលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាលក្ខណៈក្រុម ប៉ុន្តែគួរឲ្យស្តាយ ដែលវាមិនអាចធ្វើការផ្ញើសារជាលក្ខណៈសម្លេង ក៏ដូចជា Call ឬ Call ជាវីដេអូបាននោះទេ ហើយសូម្បីតែ GIFs ក៏មិនទាន់អាចផ្ញើបានដែរ។

 

 

យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់ប្រើប្រាស់មុខងារខាងលើនេះ ទាំងដែលមិនទាន់ទទួលបានជាផ្លូវការនោះ អ្នកអាចធ្វើតាមផ្លូវកាត់បាន ដោយប្រើដូច Version ដែលមាននៅលើស្មាតហ្វូនអញ្ចឹង ពោលគឺអ្នកគ្រាន់តែចូលទៅក្នុង វេបសាយ Instagram ក្នុងកុំព្យូទ័ររបស់អ្នក បន្ទាប់មកចុច Shift+Ctrl+C ដើម្បីបើកប្រភពកូដ បន្ទាប់មកអ្នកត្រូវចុចលើ Toggle Device Toolbar ដែលមានរូបកុំព្យូទ័រ និងទូរសព្ទ ឬអាចចុច Shift+Ctrl+M បានដូចគ្នា បន្ទាប់មកចុច Refresh ឬ F5 ជាការស្រេច។ រួចហើយលោកអ្នកនឹងទទួលបាន បណ្តាញសង្គម Instagram ដូចជាប្រើប្រាស់ក្នុងស្មាតហ្វូនអញ្ចឹង កាន់តែពិសេសវាក៏អាចឲ្យអ្នកធ្វើការ ផ្ញើសារបានដូចគ្នាដែរ ហើយនេះក៏ជារបៀបមួយ មុនពេលដែលមុខងារផ្ញើសារលើ វេបសាយកុំព្យូទ័រមកដល់ជាផ្លូវការ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង