កំណែអាប់ដេតថ្មីរបស់ Fortnite សម្រាប់ iOS បន្ថែមជម្រើស 120FPS សម្រាប់ iPad Pro ជំនាន់ទី 3​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាអ្នកចូលចិត្តលេងហ្គេមប្រហែលជាស្គាល់ហ្គេម Fortnite ច្បាស់ជាមិនខាន។ វាគឺជាហ្គេមប្រភេទ Battle Royale ដែលមានលក្ខណៈស្រដៀងទៅនឹង PUBG អញ្ចឹងដែរ។ Fortnite ត្រូវបានដាក់ឲ្យលេងនៅលើ Platform ជាច្រើន ក្នុងមានដូចជា PlayStation 4, Xbox One, Nintendo Switch, PC, Mac, iOS និង Android ជាដើម។ ចំនុចដ៏ពិសេសមួយរបស់ហ្គេម Forttnite គឺវាតែងតែធ្វើការអាប់ដេតនាំយកអ្វីដែលល្អ, អ្វីដែលថ្មី និងអ្វីដែលប្លែកដើម្បីធ្វើឲ្យអ្នកលេងទទួលបានបទពិសោធន៍នៃការលេងហ្គេមមួយដ៏ល្អ និងកាន់តែអស្ចារ្យ ពីមួយជំនាន់ទៅមួយជំនាន់។

 

 

ជាក់ស្តែងនៅក្នុងកំណែអាប់ដេតថ្មីចុងក្រោយគេរបស់ហ្គេម Fortnite ដែលបានបញ្ចេញកាលពីម្សិលមិញនេះ ក្រុមហ៊ុន Epic Games បានបន្ថែមជម្រើសកម្រិតល្បឿន 120FPS សម្រាប់ iPad Pro ជំនាន់ទី 3 គឺ iPad Pro 11 អ៊ីញ (2018) និង iPad Pro 12.9 អ៊ីញ (2018)។ ខណៈដែលឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ដទៃទៀត នៅតែជាប់គាំងត្រឹមជម្រើស 60FPS ដដែល។ ចំណែកឯមូលហេតុដែលធ្វើឲ្យ iPad Pro ជំនាន់ទី 3 អាចគាំទ្រជម្រើស 120FPS បាន ព្រោះតែថេប្លេតលំដាប់កំពូលទាំង 2 ម៉ូឌែលនេះ បានបំពាក់មកជាមួយអេក្រង់ដែលមានល្បឿន Refresh Rate 120Hz។ បើនិយាយដល់ចំណុចនេះ ខ្ញុំជឿថាប្រិយមិត្តមួយចំនួនប្រាកដជាចម្ងល់ហើយថា ចុះ iPad Pro 10.5 អ៊ីញ ដែលមានអេក្រង់ Refresh Rate 120Hz ដូចទៅនឹង iPad Pro ជំនាន់ទី 3 ដែរនោះ តើអាចទទួលបានជម្រើស 120FPS ដែរឬទេ? 

 

 

ចម្លើយនោះគឺមិនអាចទេ ព្រោះថាដើម្បីអាចធ្វើការអូសហ្គេម Fortnite ក្នុងល្បឿន 120FPS បាន វាមិនមែនត្រឹមតែតម្រូវឲ្យ iPad Pro របស់អ្នកមានអេក្រង់ Refresh Rate 120Hz តែមួយមុខគត់នោះទេ ប៉ុន្តែវាតម្រូវឲ្យ iPad Pro របស់អ្នកមានកម្លាំងម៉ាស៊ីនខ្លាំងគ្រប់គ្រាន់សម្រាប់ដំណើរការជម្រើសមួយនេះផងដែរ។ អញ្ចឹងដូចដែលយើងបានដឹងហើយថា iPad Pro ជំនាន់ទី 3 បានបំពាក់មកជាមួយបន្ទះឈីប A12X ភ្ជាប់មកជាមួយ CPU និង GPU ដែលមានកម្លាំងខ្លាំងក្លាហួសនិស្ស័យ ដូច្នេះវាអាចធ្វើការអូសហ្គេម Fornite ក្នុងកម្រិតល្បឿន 120FPS បានយ៉ាងរលូន និងងាយស្រួលបំផុត។ ក្រៅពីបន្ថែមជម្រើស 120FPS សម្រាប់ iPad Pro ជំនាន់ទី 3 នោះ ក្នុងកំណែអាប់ដេតថ្មីមួយនេះ ក៏បានបន្ថែមការគាំទ្រប៊ូតុង L3 និង R3 សម្រាប់ដៃបញ្ជារដែលបានតភ្ជាប់ជាមួយឧបករណ៍ iOS ផងដែរ។

 

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង