ម្ចាស់នាឡិកាឆ្លាតរបស់ Fitbit មួយចំនួន ចាប់ផ្តើមទទួលបានមុខងារតាមដានបរិមាណអុកស៊ីសែនក្នុងឈាម​
ដោយ​ ៖ គាលី | 2 ខែមុន SHARE

 

Fitbit គឺក្រុមហ៊ុនផលិតនាឡិកាឆ្លាតដ៏ល្បីមួយ មកពីប្រទេសអាមេរិក ដែលវាត្រូវបានទទួលការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ពិសេសអ្នកចូលចិត្តហាត់ប្រាណ និងលេងកីឡាតែម្ដង ក្នុងប្រទេសជឿនលឿនមួយចំនួន។ ម៉្យាងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនមួយនេះ តែងប្រកាសចេញនូវផលិតផលថ្មីៗរបស់ខ្លួន ដូចក្រុមហ៊ុនដទៃ ពុំដែលខានឡើយ។ 

 

 

មិនខុសទេ គ្រប់នាឡិកាវៃឆ្លាតទាំងអស់ សុទ្ធតែត្រូវបានភ្ជាប់មក ជាមួយលក្ខណៈពិសេសៗ ក៏ដូចជាមុខងារល្អៗ ដែលភាគច្រើន ក្នុងពេលបច្ចុប្បន្ន គេផ្តោតសំខាន់ទៅលើមុខងារ តាមដានសុខភាពប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់តែម្តង។ ជុំវិញនឹងបញ្ហានេះដែរ ថ្មីៗនេះ យោងតាមប្រភពគេហទំព័រមួយ ដែលមានឈ្មោះថា TizenHelp បានរាយការណ៍ឲ្យដឹងថា ម្ចាស់នាឡិកាឆ្លាត Fitbit មួយភាគតូច កំពុងទទួលបានមុខងារ ដ៏សំខាន់ថ្មីមួយ និងវាក៏ត្រូវបានរកឃើញ នៅលើម៉ូឌែល Fitbit Ionic, Versa, Versa Lite, Versa 2, និង Charge 3 ជាដើម។ ហើយមុខងារថ្មីនោះ ត្រូវបានគេហៅថា Sp02 ឬ ( Peripheral Oxygen Saturation ) គឺជាសេនស័រមួយប្រភេទ អាចធ្វើការតាមដានពី បរិមាណអុកស៊ីសែន ក្នុងឈាម និងអាចពិនិត្យដឹងថា អ្នកប្រើប្រាស់កំពុង ស្ថិតក្នុងសភាពអស់កម្លាំង ឬក៏អត់ផងដែរ។ ម៉្យាងវិញទៀត បើវាបង្ហាញចេញមក ក្នុងអត្រា 95-100 ភាគរយ នោះមានន័យថា កម្រិតអុកស៊ីសែន ក្នុងឈាមរបស់អ្នក ស្ថិតក្នុងសភាពធម្មតាទេ តែបើចុះទាបជាងនេះទៀត វាបញ្ជាក់ឲ្យដឹងថាអ្នកអាចនឹងប្រឈមជាមួយបញ្ហាសុខភាពផ្សេងៗ។ 

 

 

គួរបញ្ជាក់ផងថា ដោយសារតែម៉ាកនាឡិកា Fitbit នេះ ត្រូវបានក្រុមហ៊ុន Google ទិញយកភាគហ៊ុនរួចមកហើយ ដូច្នេះ មានន័យថាមុខងារមួយនេះ ក៏អាចនឹងមាននៅលើនាឡិកាឆ្លាត របស់ Google នៅថ្ងៃអនាគតផងដែរ។

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង