របាយការណ៍ថ្មីបញ្ជាក់ថា Apple កំពុងតែសម្ងំអភិវឌ្ឍ iPad Pro ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បើផ្អែកទៅតាមអ្វីដែលយើងទទួលបានកាលពីពេលកន្លង បានបង្ហាញឲ្យយើងដឹងថា ក្រុមហ៊ុន Apple កំពុងតែសម្ងំផលិតថេប្លេតលំដាប់កំពូលជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ហើយវាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលខ្លួនមកជំនួសតំណែងរបស់ iPad Pro ដែលបានប្រកាសចេញកាលពីអំឡុងត្រីមាសទី 4 នៃឆ្នាំ 2018 កន្លងទៅ។ បន្ថែមពីនេះទៅទៀត iPad Pro ជំនាន់ថ្មីមួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ 2020 នេះតែម្តង។

 

 

ដោយឡែកនៅក្នុងថ្ងៃនេះ មានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយក្រុមហ៊ុនបច្ចេកវិទ្យា ASE (Advanced Semiconductor Engineering) បាននិយាយថាក្រុមហ៊ុន Apple កំពុងតែសម្ងំអភិវឌ្ឍថេប្លេតថ្មីមួយម៉ូឌែលផ្សេងទៀត ភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ជំនាន់ថ្មី ដែលមានសមត្ថភាពអាចធ្វើការចាប់សេវាបានខ្លាំង និងមានល្បឿនលឿនថែមទៀតផង។ ប្រភពខាងលើបន្ថែមទៀតថា ថេប្លេត 5G ម៉ូឌែលថ្មីមួយនេះគឺស្ថិតនៅក្នុងខ្សែស្រឡាយ iPad Pro របស់ក្រុមហ៊ុន Apple តែម្តង។ ខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASE មិនបានបញ្ជាក់ឲ្យយើងដឹងទេថា តើ iPad Pro ម៉ូឌែលថ្មីដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G មួយនេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅពេលណានោះទេ។

 

 

បើត្រលប់ទៅកាលពីខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ លោក Ming-Chi Kuo ធ្លាប់បាននិយាយថា នៅចុងឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការបញ្ចេញលក់ iPad Pro ជំនាន់ថ្មីចុងក្រោយគេបង្អស់ ដែលបំពាក់មកជាមួយបន្ទះបង្ហាញថ្មី mini-LED និងប្រើប្រាស់ឈីប A14X ថែមទៀតផង។ អញ្ចឹងបើតាមគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា iPad Pro ដែលប្រើប្រាស់បន្ទះបង្ហាញជំនាន់ថ្មី mini-LED គឺជា iPad Pro ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ច្បាស់ជាមិនខាន ព្រោះថា iPhone ដែលត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ដែរ។

 

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង