កំណែអាប់ដេត​ចុងក្រោយ​សម្រាប់ AirPods Pro ធ្វើ​ឲ្យ​បាស​បុក​ខ្លាំង​ជាង​មុន តែ​កាត់បន្ថយ​គុណភាព Noise Canceling ទៅ​វិញ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ខណៈពេលដែល Apple បានទម្លាក់កំណែអាប់ដេតថ្មី សម្រាប់កាសឥតខ្សែ ជំនាន់ចុងក្រោយរបស់ខ្លួន ដែលជាម៉ូឌែល AirPods Pro កាលពីពេលចុងខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ បានធ្វើឲ្យគុណភាពសម្លេងឮល្អប្រសើរជាងមុន ប៉ុន្ដែឥឡូវនេះបានប្រទះឃើញថា មុខងារទប់សម្លេងរំខានពីខាងក្រៅ Noise Canceling ក៏ហាក់បីដូចជាខ្សោយជាងមុនដែរ។ របាយការណ៍នេះត្រូវបានចែកចាយដោយ ក្រុមសារព័ត៌មាន Apple Insider ដែលថាអ្នកធ្វើតេស្ដសម្លេងជំនាញមកពី Rtings គឺបានប្រទះឃើញនូវបញ្ហាមួយនេះ ក្រោយពីបានអាប់ដេតរួចហើយ។

 

 

ក្រុមអ្នកជំនាញធ្វើតេស្ដសម្លេង Rtings បាននិយាយប្រាប់ថា បន្ទាប់ពីបានដំឡើងទៅកាន់ជំនាន់ទី 2C54 ចុងក្រោយហើយមក ពួកគេក៏បានធ្វើតេស្ដម្ដងទៀតនៅលើ AirPods Pro ដដែលនោះ ដោយទទួលបានលទ្ធផលគួរឲ្យភ្ងាក់ផ្អើលថា មុខងារទប់សម្លេងរំខានពីក្រៅ ធ្លាក់ខ្សោយជាងមុនរៀងច្រើនដែរ ដោយឡែក វាទទួលបានបាសបុកខ្លាំងជាងមុនវិញ។ ហេតុដូច្នេះហើយមានន័យថា កាសឥតខ្សែ AirPods Pro មិនអាចទប់សម្លេងរំខាននៅកម្រិតខ្ពស់មួយ ដូចកាលពីពេលយកចេញពីប្រអប់ដំបូង ឬមុនពេលអាប់ដេតនោះឡើយ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីទម្លាក់កំណែអាប់ដេតនេះ Apple ក៏បានបិទលែងឲ្យអាប់ដេតវិញ ហើយមិនបានប្រាប់ពីមូលហេតុច្បាស់នោះទេ ទើបធ្វើឲ្យអ្នកអាប់ដេតរួចហើយ ចាប់អារម្មណ៍ឃើញថា មានភាពខុសប្លែកពីមុន ទៅលើមុខងារទប់សម្លេងរំខាននេះ។

 

 

ការបិទលែងឲ្យបន្ដអាប់ដេតនេះ អាចបណ្ដាលមកពី Apple បានរកឃើញកំហុសនេះហើយ នឹងកំពុងរកវិធីជួសជុលចាប់ពីពេលនោះតែម្ដង ប៉ុន្ដែរហូតមកដល់ពេលនេះ ហាក់បីដូចជានៅមិនទាន់បញ្ចេញ កំណែអាប់ដេតជួសជុលនៅឡើយទេ។ ប្រិយមិត្តទាំងអស់គ្នា អាចចូលទៅឆែកមើលជំនាន់ AirPods Pro របស់លោកអ្នកបាន ថាតើវាស្ថិតនៅជំនាន់ចាស់ 2B588 ឬក៏ជំនាន់ថ្មី 2C54 នេះ ដោយគ្រាន់តែចូលទៅកាន់ Settings > General > About > AirPods Pro ជាការស្រេច។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង