Galaxy Note9 ក្នុង​ប្រទេស​យើង​ទទួល​បាន​ការ​អាប់​ដេត​ទៅ​កាន់ Android 10 ផ្លូវការ​បណ្ដើរៗ​ហើយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចអ្វីដែលយើង បានរំពឹងទុកមុនអញ្ចឹង ដោយឥឡូវនេះ Samsung បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតនៃប្រព័ន្ធប្រតិបត្តិការ Android 10 ដែលមានស្ថេរភាពសម្រាប់ម្ចាស់ Galaxy Note9 ក្នុងប្រទេសយើងហើយ និងជាការអាប់ដេតពីប្រព័ន្ធដំណើរការ Android 9 Pie នៅលើស្មាតហ្វូនរបស់ពួកគេ ផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការបញ្ចេញកំណែអាប់ដេតប្រកបដោយស្ថេរភាពនេះ ក៏មានការចូលរួមពីស្បែក One UI ជំនាន់ 2.0 ចុងក្រោយទៀតផង។

 

 

ពិតប្រាកដណាស់ កំណែអាប់ដេតថ្មី ដើម្បីឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយនេះ កំពុងចាប់ផ្តើមទទួលបាន សម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធដំណើរការលើ Android Pie នៅក្នុងប្រទេសកម្ពុជាយើង ចាប់ពីពេលនេះទៅហើយ។ មួយវិញទៀត កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានទម្លាក់នូវ Firmware អាប់ដេតជំនាន់ថ្មី សម្រាប់ Galaxy Note9 នៅក្នុងប្រទេសអាឡឺម៉ង់ ដើម្បីអាប់ដេតបន្តពី ជំនាន់ Beta ទៅកាន់ Android 10 ជាផ្លូវការ។ ដោយឡែក សម្រាប់ពេលនេះវិញ គឺជាកំណែអាប់ដេតផ្លូវការ ដែលមានន័យថា អ្នកមិនចាំបាច់ត្រូវធ្លាប់ប្រើ Version Beta ពីមុនមក ដើម្បីទទួលបានការអាប់ដេត Android 10 នោះទេ។ លើសពីនេះទៅទៀត យើងនឹងអាចឃើញ កំណែអាប់ដេតថ្មីនេះ ត្រូវបានដាក់អោយធ្វើការអាប់ដេត នៅទូទាំងសកលលោក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាក់ជាមិនខានឡើយ។

 

 

ដូច្នេះ នេះគឺជាដំណឹងល្អមួយសម្រាប់ម្ចាស់ Galaxy Note9 ក្នុងប្រទេសកម្ពុជាយើង អញ្ចឹង ប្រសិនបើអ្នកកំពុងប្រើស្មាតហ្វូន Galaxy Note9 នៅក្នុងប្រទេសរបស់យើង លោកអ្នកគួរតែអាចទាញយក កំណែអាប់ដេតថ្មីនេះបាន ដោយអាចចូលបើកកម្មវិធី Settings នៅលើទូរសព្ទរបស់អ្នក ហើយចូលទៅកាន់ Software Update បន្ទាប់មកចុចលើពាក្យថា Download and Install រួចរង់ចាំការអាប់ដេតចប់ ជាការស្រេច។ គួរបញ្ជាក់ផងដែរ ប្រសិនបើប្រិយមិត្តណា មិនទាន់ទទួលបានកំណែអាប់ដេតថ្មីនេះទេ ប្រហែលជាអាចត្រូវរង់ចាំមើលបន្តិចទៀតសិន។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង