ការ​ធ្វើ​តេស្ដ​មួយ​បង្ហាញ​ថា Redmi K30 5G មាន​ល្បឿន Refresh Rate អេក្រង់​ដល់​ទៅ 144Hz​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីចុងឆ្នាំ 2019 ក្រុមហ៊ុន Xiaomi បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន Redmi K30 ដែលត្រូវចូលខ្លួនមកស្នងតំណែងពី Redmi K20 ដែលជាស្មាតហ្វូនទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ នាពេលកន្លងទៅនេះ។ បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការរួចមក យើងកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំ ពិតជាចាប់អារម្មណ៍ទៅលើ Redmi K30 ច្រើនខ្លាំងមែនទែន មូលហេតុនោះក៏ព្រោះតែ Redmi K30 ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិល្អៗជាច្រើន ផងដែរ។

 

 

ដោយឡែក មកដល់ពេលថ្មីៗនេះ លោក Lu Weibing ជាអនុប្រធានក្រុមហ៊ុន Xiaomi Group និងជាអ្នកគ្រប់គ្រងទូទៅនៃយីហោ Redmi បានធ្វើការបង្ហាញដំណឹងដ៏គួរអោយផ្ញាក់ផ្អើលមួយនៅលើ Weibo ចៃដន្យ ដោយបានលើកឡើងថា Xiaomi Redmi K30 (5G version) ត្រូវបានយកទៅធ្វើតេស្ដទៅលើអេក្រង់ និងបានបង្ហាញលទ្ធផលថា វាអាចគាំទ្រល្បឿន Refresh Rate អេក្រង់ដល់ទៅ 144Hz ឯណោះ។ ដែលនេះ ពិតជាលទ្ធផលអស្ចារ្យមួយ ហើយយើងមិនធ្លាប់ឃើញមាន នៅលើស្មាតហ្វូនផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននេះឡើយ ដោយសព្វថ្ងៃនេះ កម្រិត Refresh Rate អាចបំពាក់លើស្មាតហ្វូនបានមានត្រឹម 120Hz ប៉ុណ្ណោះ។ យ៉ាងណា គេមិនទាន់ដឹងថាតើការធ្វើតេស្ដដើម្បីអោយ Redmi K30 5G គាំទ្រដល់ល្បឿន Refresh Rate 144Hz នេះ មិនទាន់មានការបញ្ជាក់ថាវាមានលើ Redmi K30 ស្រាប់ ឬ គ្រាន់តែជាការ Boot នោះទេ ប៉ុន្តែ អាចមានន័យថា Redmi K30 5G ប្រហែលអាចនឹងទ្រទ្រង់កម្រិតល្បឿន Refresh Rate 144Hz នៅពេលអនាគត ក៏អាចថាបាន។

 

 

គួររំលឹកផងដែរថា Redmi K30 5G បំពាក់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញ ប្រភេទជា LCD មានកម្រិតបង្ហាញ FHD+ ជាមួយកម្រិតល្បឿន Refresh Rate រហូតដល់ទៅ 120Hz។ ចំពោះកម្លាំងម៉ាស៊ីន Redmi K30 5G ត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 765G គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB អមមកជាមួយជម្រើស អង្គផ្ទុកទិន្នន័យទំហំ 64/128/256GB។ ចំណែកឯផ្នែកកាមេរ៉ាវិញ វាបំពាក់មកជាមួយកាមេរ៉ាមុខ ចំនួន 2 គ្រាប់ និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់។ Redmi K30 5G ភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,500 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 30W ផងដែរ។

ដោយ​ ៖ Sparrows news
អត្ថបទទាក់ទង