នេះ​ជា​វីដេអូ​គម្រូ 3D Render ថ្មី បង្ហាញ​រូប​រាង​ដ៏​ទាក់​ទាញ​របស់ Galaxy Z Flip​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

មួយរយៈក្រោយមកនេះ ហាក់បីដូចជាប្រទះឃើញមានព័ត៌មាន បានចុះផ្សាយច្រើន ដែលនិយាយទាក់ទងនឹងវត្តមាន នៃស្មាតហ្វូនអេក្រង់បត់ ជំនាន់ក្រោយ របស់ Samsung។ ហើយម្សិលមិញនេះដែរ ក្រុមការងារ ខេមបូរីផត ក៏បានធ្វើការរាយការណ៍ឲ្យដឹងថា Samsung នឹងហៅស្មាតហ្វូនអេក្រង់បត់ ម៉ូឌែលថ្មីរបស់ខ្លួនថា Galaxy Z Flip ដែលស្តាប់ទៅ មិនសូវទំនងសោះ។ 

 

យ៉ាងណា មកដល់ថ្ងៃនេះ វេបសាយ LetsGoDigital ក៏បានចែករំលែក ការឌីហ្សាញរូបរាងតួខ្លួនទាំងមូល របស់ស្មាតហ្វូនអេក្រង់បត់នេះ ជាលក្ខណៈ Render តាមរយៈឃ្លីបវីដេអូខ្លីមួយ។ ជាក់ស្តែង រូបភាពវីដេអូបញ្ចាំងចេញមកជាលក្ខណៈពុម្ភគម្រូ 3D របស់វា ទាំងអស់នេះ គឺត្រូវបានផ្អែកទៅតាម រូបភាពបែកធ្លាយ ចាប់កាន់នឹងដៃ កាលពីពេលកន្លង។ ប្រាកដណាស់ បើមើលតាមការបង្ហាញ តាមរយៈវីដេអូមួយនេះ បញ្ជាក់ឲ្យដឹងថា Galaxy Z Flip ពិតជាមានលក្ខណៈបត់ស្រដៀងគ្នា ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ Motorola Razr ដែលបានប្រកាសចេញជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងទៅពិតមែន។ លើសពីនេះ មើលពីចំហៀង ឃើញថាប៊ូតុងចាក់សោរ និងប៊ូតុងគ្រប់គ្រងសម្លេង សុទ្ធតែស្ថិតនៅផ្នែកខាងស្តាំនៃទូរសព្ទ ហើយមានភ្ជាប់មកជាមួយ កាមេរ៉ាក្រោយ 2 គ្រាប់ អមនឹងភ្លើង Flash LED មួយគ្រាប់ផងដែរ។ 

 

 

ងាកមកមើលផ្នែកខាងមុខវិញ ឃើញមានរំលេចដោយកាមេរ៉ា Selfie មួយគ្រាប់តូច នៅចំកណ្តាលថ្ងាស ខាងលើនៃទូរសព្ទ ដែលវាទំនងជាលេន ទម្លុះអេក្រង់ អាចនឹងមានទំហំ 10MP។ ម៉្យាងវិញទៀត Galaxy Z Flip ក៏ត្រូវបានគេរំពឹងទុកថា នឹងបំពាក់មកជាមួយ អេក្រង់ទំហំ 6.7 អ៊ីញ ព្រមទាំងស្រោបដោយកញ្ចក់ការពារ កម្រាស់ស្តើង (Ultra-Thin Glass) ដែលអាចធ្វើការបត់បែនបាន។ របាយការណ៍លេចធ្លាយ ដែលបានចេញផ្សាយ កាលពីពេលមុនៗមក ក៏បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 855 ទៀតផង។ ដូច្នេះ អាចនឹងមិនយូរទៀតទេ វត្តមានរបស់ Galaxy Z Flip នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ Unpacked ឆ្នាំ 2020 ដែលធ្វើឡើងនៅក្នុងថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។ 

 

 

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង