រាល់​រូបភាព​កាត់ត Photoshop នឹង​ត្រូវ Instagram ចាប់​បញ្ជាក់​ថា​ជា​រូប​ក្លែងក្លាយ​ពី​ពេល​នេះ​ត​ទៅ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រសិនបើប្រិយមិត្តជាអ្នកប្រើប្រាស់ Instagram ហើយចាប់ផ្ដើមប្រទះឃើញមាន រូបភាពបង្ហោះមួយចំនួនមានផ្ទាំងព្រាលៗបាំង និងសរសេរបញ្ជាក់ថាជា “False Information” ដូច្នេះវាមិនមែនជាកំហុសកម្មវិធីអ្វីនោះទេ ប៉ុន្ដែវាជាមុខងារថ្មីទើបតែបើកដំណើរការ។ មុខងារថ្មីមួយនេះមានឈ្មោះហៅថា Fact-Checking Posts ដើម្បីទប់ស្កាត់ព័ត៌មានទាំងឡើយណា ដែលមិនមែនជាការពិត ឬ ព័ត៌មានបំផុសបំផុល នៅលើបណ្តាញសង្គមមួយនេះ។ ឥឡូវនេះ Instagram បានបន្ថែមច្បាប់ថ្មីលើមុខងារនេះទៀតហើយ ដោយរៀងរាល់រូបភាពកាត់ត ជាពិសេសមកពីកម្មវិធី Photoshop នឹងចាត់ទុកថាជារូបក្លែងក្លាយដូចគ្នាដែរ។

 

 

អស់រយៈពេលជាង 2 សប្ដាហ៍មកហើយ ដែលក្រុមការងារយើងទទួលបានដំណឹងនេះ និងបានចុះផ្សាយជូនប្រិយមិត្តឲ្យបានដឹងមុន ដោយមិនថាការបង្ហោះទូទៅ ឬការបង្ហោះក្នុង Stories នោះទេ ឲ្យតែជាការបង្ហោះហួសពីការពិតខ្លាំង ឬជាព័ត៌មានក្លែងក្លាយ គ្មានបញ្ជាក់ពីប្រភពច្បាស់លាស់ ហើយមកដល់ពេលនេះគឺរូបភាព Photoshop ដែលអាចធ្វើឲ្យអ្នកមើលផ្សេងទៀតងាយយល់ច្រឡំ ក៏ដូចជាយកទៅបំផុសបំផុលតៗគ្នា នឹងត្រូវជាប់ផ្ទាំងព្រាលទាំងអស់។ បើទោះបីជាវាអាចហាមឃាត់ ព័ត៌មានក្លែងក្លាយបានភាគរយច្រើនពិតមែន ប៉ុន្ដែវាក៏មានផលលំបាកដល់ អ្នកសិល្បៈគូររូបគំនូរទាំងឡាយ ព្រោះរូបទាំងអស់នោះ ភាគច្រើនសុទ្ធតែជាលក្ខណៈបែប Photoshop ដើម្បីធ្វើឲ្យថ្មីប្លែកតាមគំនិតច្នៃប្រឌិតរបស់ពួកគេ។ ហាក់បីដូចជារូបភាពចំនួន 2 សន្លឹករបស់គណនីឈ្មោះថា Mixsociety_ (ដាក់បង្ហាញនៅរូបខាងក្រោមនេះ) សុទ្ធតែត្រូវបានក្រុមការងារ Instagram ចាប់ចោទថាជារូបភាពក្លែងក្លាយ “False Information” ដែរ បើពួកវាគ្រាន់តែរូបគំនូរប៉ុណ្ណោះ។

 

 

ហេតុដូច្នេះហើយ ក៏មានមនុស្សជាច្រើននាក់ កើតអារម្មណ៍ព្រួយថា Instagram នឹងអាចចាប់ច្រឡំយករូបភាពកំប្លែង Meme ថាជាព័ត៌មានក្លែងក្លាយដែរ ជាក់ជាមិនខានឡើយ ដោយធ្វើឲ្យប៉ះពាល់ដល់ បទពិសោធន៍ក្នុងការប្រើប្រាស់តែម្ដង។ ខណៈពេលសរសេរអត្ថបទនេះ ក្រុមការងារ Instagram នៅមិនទាន់បានឆ្លើយតបលើបញ្ហានេះទេ ដូច្នេះយើងសង្ឃឹមថា ពួកគេនឹងអាចជួសជុលបញ្ហានេះបានឆាប់ៗទៅចុះ និងនៅតែអាចកាត់បន្ថយ ព័ត៌មានក្លែងក្លាយបានដដែល។

ដោយ​ ៖ TechRadar
អត្ថបទទាក់ទង